មន្ត្រី​បច្ចេកទេស បកស្រាយ​ពី​គុណ​តម្លៃ​ឈើ​តា​ត្រាវ និង​សំណង់​បុរាណ​ខ្មែរ​!

​ខេត្តសៀមរាប​៖ លោក ឃា​ម មុនី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​ឲ្យ​ដឹងថា​ឈើ​តា​ត្រាវ ដែលមាន​វត្តមាន​ជាមួយ​សំណង់​ប្រាសាទ​បូរាណ ជាង​ពាន់​ឆ្នាំកន្លងមក​ហើយ​នោះ មកដល់​បច្ចុប្បន្ននេះ​(​សតវត្សរ៍​ទី​២១) អាជ្ញាធរ​ជាតិ​អប្សរា នៅតែ​រក្សាបាន​ប្រភេទ​ឈើ​ដ៏​មានគុណ​តម្លៃ​នេះ មកប្រើប្រាស់​លើ​ការងារ​ជួសជុល​ប្រាសាទ នៅត្រង់ចំណុច​ណា ដែល​ធាតុ​ដើម​នៃ​សំណង់​ប្រាសាទ​មាន​ឈើ​ប្រភេទ​នេះ ហើយ​ប្រភេទ​ឈើ​នេះ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បណ្តុះ​ដាំ​ជា​បន្តបន្ទាប់​ផងដែរ ហើយ​តាម​ការស្រាវជ្រាវ​តាំងពី​សម័យអង្គរ​មក គឺ​បុព្វបុរស​ខ្មែរ​បាន​ប្រើ​ឈើ​តា​ត្រាវ និង​ឈើ​ជើងចាប ដើម្បី​ធ្វើជា​ធ្នឹម​ទប់​លំនឹង​ថ្ម និង​ជា​ពិ​ដាន​លម្អ​ប្រាសាទ​ផងដែរ ។​

​លោក ឃា​ម មុនី បាន​ឲ្យ​ដឹង​ទៀតថា មានការ​ឲ្យ​តម្លៃ​តាំង​សម័យកាល​បូរាណ​មក​ម្លេះ ឈើ​តា​ត្រាវ គឺជា​ប្រភេទ​ឈើ​ម្យ៉ាង​ដែលមាន​លក្ខណៈសាមញ្ញ ក៏ប៉ុន្តែ​ឈើ​នេះ​មានគុណ​តម្លៃ​ខ្ពស់បំផុត​គ្មាន​ឈើ​ណា​ប្រៀបផ្ទឹម​បាន​នោះឡើយ សម្រាប់​ប្រើប្រាស់​ជា​គ្រឿងសំណង់ ផ្សំ​ជាមួយនឹង​ការសាងសង់​ប្រាសាទបុរាណ​ដែល​កសាង​ធ្វើ​អំពី​ថ្ម និង​បាន​ជួយ​រក្សា​ភាព​គង់វង្ស​បានយូរ​អង្វែង​នៃ​សំណង់​ប្រាសាទ​នោះ​ផងដែរ បច្ចុប្បន្ននេះ ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ប្រើ​ឈើ​ប្រភេទ​នេះ​ដើម្បី​យកមក​ជួសជុល​បំពេញ​កន្លែងចាស់​ដែល​បាន​ពុកផុយ ដោយ​អាយុកាល​និង​កត្តា​ធម្មជាតិ​។

​សូមបញ្ជាក់ថា ជា​យូរលង់​ណាស់​មកហើយ នៅតាម​វត្ដ​អារាម​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ក៏​គេ​តែង​សង្កេតឃើញ​មានការ​យក​ឈើ​តា​ត្រាវ​ទៅប្រើ​ប្រាស់​លើ​សំណង់ កសាង​ព្រះ​ពុទ្ធបដិមា និង​យក​ឈើ​ប្រភេទ​នេះ​ធ្វើ​ពិធី​បូជា​ផ្នែក​សាសនា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close