ឯកឧត្ដម ថោង ខុន​៖ ដើម្បី​សម្រេច​ការបើក​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ ត្រូវ​ពឹង​លើ​កត្តា​ចិត្តសាស្ត្រ និង​ការត្រៀមខ្លួន​របស់​អាជីវ​កម្ម​ទេសចរណ៍​តាម​គន្លង​ថ្មី​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​បញ្ជាក់ថា ដើម្បី​សម្រេចបាន​ការបើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ​ប្រកបដោយ​ជោគជ័យ​ចាំបាច់ ពឹង ផ្អែកលើ​កត្តា​ចិត្តសាស្ត្រ និង​ទំនោរ​នៃ​ការសម្រេចចិត្ត​របស់​ភ្ញៀវទេសចរ ក្នុងការ​ជ្រើសរើស​គោលដៅ​ទេសចរណ៍ និង​ការធ្វើដំណើរ​កម្សាន្ត និង​ការត្រៀមខ្លួន​របស់​អាជីវ កម្ម​ទេសចរណ៍​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​ឯកឧត្ដម ថោង ខុន បាន​ថ្លែង​បញ្ជាក់​ដូចនេះ​ជា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ផ្ទៃក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​បន្ត ដែល​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ដោយមាន​ការចូលរួម​ពី​រដ្ឋបាល​រាជធានី​-​ខេត្ត និង​មន្ទីរ​ទេស ចរណ៍​រាជធានី​-​ខេត្ត​ទាំង​២៥ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​។​

​ឯកឧត្ដម ថោង ខុន បាន​ថ្លែង​ដូចនេះ​ថា «​ដើម្បី​សម្រេចបាន​ការបើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ​ប្រកបដោយ​ជោគជ័យ យើង​ចាំបាច់​ពឹង​ផ្អែកលើ​កត្តា​កំណត់​សំខាន់​២ មាន​កត្តា​ខាងក្រៅ​៖ សំដៅ​ទៅលើ​កត្តា​ចិត្តសាស្ត្រ និង​ទំនោរ​នៃ​ការសម្រេច​ចិត្តជា​ចម្បង​របស់​ភ្ញៀវទេសចរ​ក្នុងការ​ជ្រើសរើស​គោលដៅ​ទេសចរណ៍ និង​ការធ្វើដំណើរ កម្សាន្ត ពោលគឺ​ការឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​ភាព​ស្អាត អនាម័យ និង​មាន​សុវត្ថិភាព​។​

​កត្តា​ខាងក្នុង​៖ សំដៅ​ដល់​ការត្រៀមខ្លួន​របស់​អាជីវ​កម្ម​ទេសចរណ៍​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​គ្រប់​ខ្សែចង្វាក់​ផលិតកម្ម​នៃ​វិស័យ​ទេសចរណ៍​ដែលមាន​ចំណុច​គន្លឹះ​អាទិភាព គឺ​ត្រូវ​គិតពី​ដើមខ្សែ ដល់​ចុង​ខ្សែ រាប់ទាំង​ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ​ធ្វើដំណើរ សម្បទា​ទេសចរណ៍ ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ការអនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍ និង​ការ​អនុវត្តតាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​ស្តង់ដា (SOP) រហូតដល់​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ ស្របតាម​បរិបទ​ថ្មី​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់​»​។​

​ឯកឧត្ដម ថោង ខុន បាន​សង្កត់ធ្ងន់ថា ក្នុងដំណាក់កាល​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ទេសចរណ៍​ផ្ទៃក្នុង​ត្រូវបាន​អ្នកជំនាញ​លើ​សាកលលោក ជាពិសេស​អង្គការ​ទេសចរណ៍ ពិភពលោក (UNWTO) ចាត់ទុកថា​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​សក្តានុពល​មួយ​នៅក្នុង​ការស្តារ​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ និង​ជាពិសេស​ចូលរួម ក្នុងការ​សម្រួល និង​ទ្រទ្រង់​ដល់​ដំណើរការ​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។
​ជាក់ស្តែង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក៏​មិន​ខុសគ្នា​ពី​បណ្តា​ប្រទេស ដទៃ​លើ​សាកលលោក​ដែរ ដែល​ត្រូវ​ពឹង​ផ្អែកលើ​ទេសចរណ៍​ផ្ទៃក្នុង​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច និង​ស្ថានភាព​ទេសចរណ៍​ជារួម​ឡើងវិញ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា ផ្អែក​តាម​បរិបទ​នៃ​វិបត្តិ​កូ​វីដ​-១៩ ឧស្សាហកម្ម​ទេសចរណ៍​ត្រូវ​គិតគូរ​អំពី​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី ដើម្បី​សម្រប​ទៅតាម ស្ថានភាព សេដ្ឋកិច្ច​-​សង្គម​ជាក់ស្តែង ដោយ​ក្នុងនោះ​មាន​៖ ការ​បំ​លែងខ្លួន​ទៅរក​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជា​ជំនួយ​, ត្រូវ​ពង្រឹង គុណភាព អនាម័យ និង​សុវត្ថិភាព ក្នុង​ការផ្តល់​សេវាកម្ម​និង​ផលិតផល​ទេសចរណ៍​ជូន​ដល់​ភ្ញៀវទេសចរ និង​ត្រូវ​ពង្រឹងសមត្ថភាព និង​គុណភាព ពិសេស​ការ បង្កើន​ផលិតភាព ដើម្បី​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួតប្រជែង​កាន់តែ​ស្រួចស្រាល់ ទីផ្សារ​កាន់តែ​រួម​ចង្អៀត ហើយ​ខ្សែសង្វាក់​ផ្គត់ផ្គង់​កាន់តែ​បង្រួម​ខ្លី​។​

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា អ្វី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​សហការ​រួមគ្នា អនុវត្តន៍​អោយបាន​ល្អ ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ក្នុងឱកាស​រដូវ​ភ្ជុំ​បិ​ណ្ណ​នាពេល​ខាងមុខនេះ​ផងដែរ​។​និង​ត្រូវខិតខំ​សំរេច​អោយបាន​តាម​គោលដៅ​ដូចដែល​បាន​ចង្អុល​ឡើង​ក្នុង ផែទ​ទី​ចង្អុល​ផ្លូវ គី​ត្រូវ​សំរេច​អោយបាន​ចំនួន​ទេសចរ​ក្នុងស្រុក ប្រមាណ ១១ លាន​នៅ​ឆ្នាំ​២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close