រដ្ឋមន្ត្រីក្រសួងកសិកម្មចុះ បេសកកម្មខេត្តជុំវិញបឹងទន្លេសាប ដើម្បីពិនិត្យការបង្កបង្កើនផលរបស់ពលរដ្ឋ
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ម៉ក់ ស៊ីថា អមដំណើរដោយឯកឧត្តមរដ្ឋ លេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ប្រតិភូទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីមួយចំនួនទៀត បានអញ្ជើញទៅបំពេញបេសកកម្មទៅកាន់ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិសាត់ ក្នុងគោលបំណង ចុះទៅពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះ ពាល់ខូចខាតដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំស្ងួតលើផលិតកម្មកសិកម្ម ពិសេសដំណាំស្រូវ រួចពិនិត្យ លើលទ្ធភាពចែកពូជស្រូវ និងពូជដំណាំជូនគ្រួសាររង គ្រោះ ដែលក្រសួងមាននៅក្នុងសន្និធិលមួយចំនួន និងមួយចំនួនទៀតជាជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។
កម្មវិធីទី១
-ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ(ស្តារផលិតកម្មស្រូវ)
តាមផ្លូវធ្វើដំណើរទៅខេត្តឧត្តរមានជ័យលោកបានចុះជួបកសិករនៅឃុំម៉ោង ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីសួរនាំពីផលប៉ះពាល់និងគម្រោងស្តារផលិតកម្មស្រូវឡើងវិញ លើផ្ទៃដីចំនួន ១៦៦០ ហត ដែលប៉ះពាល់។ នាឱកាសនេះលោក បានជូនស្រូវពូជចំនួន ៣០តោនសម្រាប់មន្ទីរកសិកម្មខេត្តក្នុងនោះមន្ទីរកសិកម្មស្រុកស្រីស្នំចំនួន ៣តោន។ ចេញពីស្រុកស្រីស្នំ បន្តដំណើរមកស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ រួមដំណើរជាមួយឯកឧត្តមអភិបាល នៃគណអភិបាលខេត្ត។ លោកបានចុះជួបនិងសួរនាំកសិករពីការងារបង្កបង្កើនផល និងផលប៉ះពាល់លើដំណាំស្រូវដោយគ្រោះរាំងស្ងួតនៅឃុំពង្រ ស្រុកចុងកាល់។ មន្ទីរបានឲ្យដឹងថាផលិតកម្មស្រូវក្នុងខេត្តមានបីស្រុកគឺស្រុកសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិលបានទទួលរងផលប៉ះ ពាល់លើផ្ទៃដីជាង ១ម៉ឺនហត និងខូចខាតទាំងស្រុងចំនួន ៥០០ហត។ ជារួមស្ថានភាពនៃការលូតលាស់ដំណាំស្រូវឃើញថាមានលក្ខណៈល្អប្រសើរឡើងវិញ ដោយសារមាន ភ្លៀងបង្អោរធ្លាក់ជាបន្តបន្ទាប់តាំងពីដើមខែកញ្ញា។ ដោយ ឡែកក្នុងស្រុកសំរោង ឃុំបន្សាយរៈ ភូមិបន្សាយរៈ លោក និងសហការីបានចុះមកពិនិត្យការធ្វើស្រែបែបកសិកម្មទំនើបធ្វើការជ្រើសរើសពូជ ប្រើប្រាស់គ្រឿងចក្រសកិកម្ម និងអនុវត្តបច្ចេកទេសត្រឹមត្រូវដោយសហការដឹកនាំអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) លើផ្ទៃដី ៤៣ហត របស់កសិករឈ្មោះ ប៊ូ សំហេន។ ចេញពីស្រុកសំរោង បន្តដំណើរមកស្រុកបន្ទាយអំពិល ឃុំវិល ភូមិឪឡូក ដើម្បីមកជួបកសិករដែលមានដីស្រែប៉ះពាល់ តែអាចស្តារឡើងវិញបាន។
ក្នុងឱកាសចុះពិនិត្យការស្តារផលិតកម្មស្រូវ និងការងារ បង្កបង្កើនផលនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងប្រធានមន្ទីរកសិកម្មនៃខេត្តទាំងពីរនូវការងារសំខាន់ៗដូចខាងក្រោម៖
-រៀបចំនាំយកស្រូវពូជមកចែកជូនកសិករឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា និងគួរត្រៀមពូជដំណាំផងដែរដោយ សារតែចុងរដូវនៃការងារដកស្ទូង កន្លែងខ្លះមិនអាចធ្វើស្រែបានគួរដាំដំណាំស្បៀងវិញ ចៀសវាងទុកដីទំនេរចោល
-លោកបានកោតសរសើរ លើកទឹកចិត្ត និងគាំទ្រដល់
កសិករ ប៊ូ សំហេន ដែលបានយកបច្ចេកទេសមកអនុវត្តក្នុងការជួយជំរុញផលិតកម្មស្រូវរបស់ខ្លួនផង និងជួយបង្ហាត់ បង្ហាញដល់កសិករផ្សេងៗឲ្យបានយល់ និងរៀនសូត្រពីការអនុវត្តបច្ចេកទេសក្នុងផលិតកម្មដំណាំស្រូវ ដើម្បីបង្កើនទិន្នផលលើផ្ទៃដីដដែល រក្សាបាននូវគុណភាព មានទីផ្សារ និងបង្កើនប្រាក់ចំណូល
-មន្ទីរគួរជ្រើសរើសកសិករគំរូរបៀបនេះឲ្យបានច្រើន ប្រយោជន៍ជួយផ្សព្វផ្សាយបច្ចេកទេស បង្កើនការយល់ដឹង បន្ថែមទៀតដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងឈានទៅសម្រេចបានតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងចក្ចុវិស័យរបស់សម្តេចអគ្គមហាសានាបតីតេជោហ៊ុន សែននាឆ្នាំ២០៣០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។