កម្ពុជា កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចាក់​វ៉ាក់សាំង និង​ជំរុញឱ្យមាន​ជើងហោះហើរ​ត្រង់​បន្ថែម ពី​ជប៉ុន​

​ភ្នំពេញ​៖ ទន្ទឹមនឹង​ការត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងទេសចរណ៍​បាននិងកំពុង​ជំរុញ​ការផ្សព្វផ្សាយ ទាក់ទាញ​ភ្ញៀវទេសចរ​សុវត្ថិភាព​ពី​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ជាច្រើន ក្នុងនោះ​ក៏​កំពុង​សម្លឹងមើល​គោលដៅ​ទីផ្សារ​ទេសចរណ៍​នៅ​ប្រទេស​ជប៉ុន​ផងដែរ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេស​នេះ​ឱ្យបាន​ច្រើន​។​



នេះ​បើតាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី​រវាង​ឯកឧត្ដម ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​កម្ពុជា​-​ជប៉ុន ពិសេស​ទេសចរ​ចាក់​វ៉ាក់សាំង​មក​ទស្សនា​កម្ពុជា នា​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ស្ថានទូត​ជប៉ុន​រាជធានី​ភ្នំពេញ​។​

​ក្នុងជំនួប​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ជ​ម្រា​ន​ជូន​លោក​ឯកអគ្គរាជទូត មី​កា​មិ ឱ្យដឹងថា កម្ពុជា​ពិតជា​ចង់ឱ្យ​ភ្ញៀវទេសចរ​ជប៉ុន​មក​ទស្សនា​ឡើងវិញ​ឱ្យបាន​ច្រើន ក្រោម​យុទ្ធសាស្ត្រ​បើក​ទេសចរ​វ៉ាក់សាំង ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​នាពេល​ថ្មីៗ​នេះ ជាពិសេស​ការបើក​តំបន់​គោលដៅ​សុវត្ថិភាព​ចំនួន​៣​គោលដៅ រួមមាន ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង និង​តំបន់​តារា​សាគរ ចាប់ពី​ថ្ងៃទី​៣១ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ ហើយ​តំបន់​សៀមរាប​-​អង្គរ​ក៏​នឹង​បើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ​ចាប់ពី​អំឡុង​ខែមករា ឆ្នាំ​២០២២ ខាងមុខ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ពិភាក្សា​បន្ថែម​ជាមួយ​លោក មី​កា​មិ ម៉ាសា​ហ៉ី​រ៉ូ ថា​នឹង​ជំរុញ​ការបើក​ឱ្យមាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ជប៉ុន​បន្ថែមទៀត ក្នុងនោះ​នឹងមាន​ការរៀបចំ​ពិសេស​សម្រាប់​ការធ្វើដំណើរ​របស់​ទេស​ចរ​ជប៉ុន​មកកាន់​តំបន់​គោលដៅ​ទាំងបី​ខាងលើ​ក្នុង​បរិបទ​កូ​វីដ​១៩​នេះ​។ ក្នុងករណី​ការធ្វើដំណើរ​មកកាន់​សៀមរាប​ហើយ អាច​បន្តធ្វើ​ដំណើរ​បាន​ដោយ​ទូលំទូលាយ​ទៅកាន់​តំបន់​ទេសចរណ៍​ផ្សេងទៀត​ដែល​បានកំណត់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ដល់​ការអនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​កម្ពុជា​អាច​ចូលទៅ​កាន់​ប្រទេស​ជប៉ុន​ឡើងវិញ ដោយ​ប្រជាជន​កម្ពុជា​ទទួលបាន​ការចាក់​វ៉ាក់សាំង​ពេញលេញ​រួចរាល់ អាចធ្វើ​ដំណើរ​ទៅកាន់​ក្រៅប្រទេស​បាន​ប្រកបដោយ​សុវត្ថិភាព​។​

​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏បាន​ឯកភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ដាក់ចុះ​នូវ​ផែន​ការទទួល​ស្វាគមន៍​ទេសចរ​ជប៉ុន​ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ទេសចរ​វ៉ាក់សាំង​របស់​កម្ពុជា​ដូចជា​៖
​ទី​១៖ ជួយ​គាំទ្រ​ឱ្យមាន​សិក្ខាសាលា​អន​ឡាញ​ស្តីពី​ការភ្ជាប់​ទំនាក់ទំនង​ផ្នែក​ឯកជន​ធុរកិច្ច​ទេសចរណ៍​កម្ពុជា​-​ជប៉ុន​។​
​ទី​២៖ គាំទ្រ​រៀបចំ​ការធ្វើ​ទស្សនកិច្ច​ស្វែងយល់​របស់​ក្រុមហ៊ុន​ទេសចរណ៍ និង​បណ្តាញសារព័ត៌មាន​ពី​ប្រទេស​ជប៉ុន​។​
​ទី​៣៖ កម្ពុជា​បាន​អញ្ជើញ​ក្រុមហ៊ុន​ទេសចរណ៍ និង​បណ្តាញសារព័ត៌មាន​ជប៉ុន​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ​។​
​ទី​៤៖ គាំទ្រ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ដូចជា ទេសចរណ៍​សហគមន៍ អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ ទេសចរណ៍​សុខភាព និង​ផាសុកភាព ទេសចរណ៍​ផ្ទះ​ទី​២ ដែល​ប្រទេស​ជប៉ុន​មាន​ភាព​ល្បី​ពី​ផ្នែក​ទាំងនេះ​។​
​ទី​៥៖ បន្ត​គាំទ្រ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស តាមរយៈ​ការបង្កើត និង​បង្កើន​ជំនាញ​ឡើងវិញ​ដល់​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​។​
​ទី​៦៖ ស្នើសុំ​ឱ្យមាន​ការរៀបចំ​ការចែករំលែក​បទពិសោធ​ន៍​របស់​ជប៉ុន​លើ​ការរៀបចំ​ព្រឹ​ត្ត​ការណ៍​កីឡា​ដល់​កម្ពុជា និង​សូមជួយ​ផ្សព្វផ្សាយ​ព្រឹ​ត្ត​ការណ៍​កីឡា​នេះ​ដល់​ពលរដ្ឋ​ជប៉ុន​សម្រាប់​ព្រឹ​ត្ត​ការណ៍ SEA Games 2023 នៅ​កម្ពុជា​។​
​ទី​៧៖ ពិនិត្យ​លើ​ការ​កិច្ច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ឬ​ក្របខណ្ឌ​ការងារ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-​ជប៉ុន​នៅពេល​ខាងមុខ​។ អនុស្សរណៈ​នេះ​នឹង​ជួយ​លើកកម្ពស់​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ឱ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​។​
​ទី​៨៖ បង្កើត​ក្រុមការងារ​មួយ​រវាង​ក្រសួងទេសចរណ៍ និង​ភាគី​ជប៉ុន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​គំនិត​ផ្តួចផ្តើម​នានា​ឆ្ពោះទៅមុខ​។​
​ជាមួយគ្នា​នោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​អញ្ជើញ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន មក​ចូលរួម​ប្រជុំ​ផ្ទាល់​នាឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុងអំឡុង​វេទិការ​ទេសចរណ៍​អាស៊ាន ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ឆ្នាំ​២០២២ នៅ​ទីក្រុង​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close