មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន អំពាវនាវ​ពលរដ្ឋ​កុំឱ្យ​ដុត​សំណល់​ប្លា​ស្ទិ​ក ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ព្រោះ​វា​នឹង​នាំឱ្យ​បំពុលបរិយាកាស

ក្នុងឱកាស​ចុះ​ពិនិត្យ​«​គម្រោង​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​»​អនុវត្ត​ដោយ​អង្គការ​មូលនិធិ​ទំពាំង​ស្នង ឫស្សី គាំទ្រ​ដោយ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​វាយតម្លៃ​ខ្ពស់​ថា​គម្រោង​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០១៨ នៅលើ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ជាមួយ​ពលរដ្ឋ​តាម​សហគមន៍​នានា​បាន​កាត់ បន្ថយ​ការបំពុល​បឹង​ទន្លេសាប​ដោយ​ប្លា​ស្ទិ​ក ព្រមទាំង​បាន​ចូលរួម​ការពារ​បរិស្ថាន​និង​ចូលរួម​ការពារ​ជីវៈចម្រុះ​នៅ​បឹង​ទន្លេសាប ដែលជា​បឹង​ទឹកសាប​ដ៏​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។

​ក្នុង​មួយឆ្នាំៗ គម្រោង​នេះ​បាន​កាត់ បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​ប្រមាណ ១០០​តោន​ទាំង​ប្លា​ស្ទិ​ក​សើម និង​ស្ងួត មិនឱ្យ​បំពុល​បឹង​ទន្លេសាប​។ បច្ចុប្បន្ននេះ គម្រោង​បាន​នឹង​កំពុង​ពង្រីក​ការសម្អាត សំណល់ ប្លា​ស្ទិ​ក​ក្នុង​បរិស្ថាន​ដែល​ហូរ​នាំ​មកពី​ផ្នែក​ផ្សេងៗ​តាម​ស្ទឹង ព្រែក​នានា​នៅ​រដូវ​ទឹក ដំឡើង​។ យុទ្ធនា​ការសំអាត​បរិ​ស្ថាន​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​បឹង​ទន្លេសាប​ប្រចាំ​រដូវ​ទឹក​ដំឡើង និង​ទឹកសម្រក​ក្រោម​គម្រោង​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​នេះ​បាន​ផ្ដួចផ្ដើម​ធ្វើជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០១៨ មកម្ល៉េះ ដោយ​ចលនា​មហាជន​តាម​សហគមន៍​នានា​ជុំវិញ​បឹង​ទន្លេសាប​ដូចជា​សហគម​ន៍​កំពង់​ឃ្លាំង សហគមន៍​មេ​ជ្រៃ ចុង​ឃ្នៀ​ស បឹង​ពារាំង កំពង់​ភ្លក និង​ស្ទឹង​សៀមរាប​ផ្នែក​ខាងក្រោម​ជាដើម ក្នុង​គោលបំណង​ដើម្បីឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​ផលប៉ះពាល់​ដោយ​សំណល់​ប្លា​ស្ទិ​ក និង​ចេះ​ញែក បែងចែក ទុកដាក់​សំណល់​ប្លា​ស្ទិ​ក​ឱ្យបាន​ត្រឹមត្រូវ ដោយ​ឈប់​ធ្វើ​ការដុត​ប្លា​ស្ទិ​ក និង​បញ្ឈប់​ការបោះ​ចោល​ប្លា​ស្ទិ​ក​ចូលទៅក្នុង​ទឹក​បឹង​ទន្លេសាប​។ គិត​រហូតមក​ដល់ពេលនេះ​គម្រោង​យក​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​និង​របស់​បរិភោគ​ផ្សេង ទៀត​របស់​ពលរដ្ឋរ​ស់​នៅ​សហគមន៍​តំបន់​បឹង​ទន្លេសាប​បាន​កើនឡើង​ជាង ៦១០ គ្រួសារ​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា គម្រោង​អង្ករ​ដូរ​យក​ប្លា​ស្ទិ​ក​នេះ​ជា​គម្រោង​ដែល​បាន​សហការ​គាំទ្រ​ដោយ​ក្រសួងបរិស្ថាន​ជាមួយ​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី ដែលជា​អង្គការ​មួយ​អនុវត្ត​គម្រោង​ក្នុង​ក្របខណ្ឌ​នៃ​ខេត្តសៀមរាប​ជាមួយនឹង​សហគមន៍​ដែល​កំពុង​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប​។

ឯកឧត្តម ​បាន​ថ្លែងថា នៅតាម​សហគមន៍​នីមួយៗ​មាន​បង្កើត​ជង្រុក​ប្លា​ស្ទិ​ក​ដើម្បី​ផ្ទុក​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន​ពី​តំបន់​នានា​ក្នុង​សហគមន៍ ជា​សំណល់​ប្លា​ស្ទិ​ក​ដោយសារ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​ប្រើប្រាស់​ក៏ដូចជា​ការប្រមូល​បាន​តាម​តំបន់​បឹង​ទន្លេសាប​ផងដែរ​។ ទាក់ទិន​នឹង​គម្រោង​នេះដែរ​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ​បាន​លើកឡើងថា​គោលបំណង​សំខាន់​ក្នុងការ​បង្កើត​ជង្រុក​បា្ល​ស្ទិ​ក​ក៏ដូចជា​ការអនុវត្ត​នូវ​គម្រោង​អង្ករ​ដូរ​ប្លា​ស្ទិ​ក​នេះ​ក្នុងទិសដៅ​មួយ​គឺ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ឬក៏​កាត់បន្ថយ​ការបំពុល​ក្នុង​បឹង​ទន្លេសាប ហើយ​នេះ​ក៏​ជាការ​ចូលរួម​ជី​វៈច ម្រុះ​ក្នុង​បឹង​ទន្លេ​សា​ជាពិសេស មច្ឆជាតិ និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​។ ពាក់ព័ន្ធ​ទៅនឹង​ប្លា​ស្ទិ​ក​ដូរ​អង្ករ​នេះ​គឺ​ពលរដ្ឋ​ដែល​បាន​ចូលរួម​ទុកដាក់​ញែក​សំរាម​សំណល់​ប្លា​ស្ទិ​ក​ទាំង​នៅផ្ទះ​ដែលជា​សំណល់​ប្រើប្រាស់​ក្នុងផ្ទះ និង​ចូលរួម​ក្នុងការ​សម្អាត​ប្លា​ស្ទិ​ក​ក្នុង​បរិស្ថាន នឹងត្រូវ​ផ្តល់រ​ង្វាន់​ជា​អង្ករ ១០​គីឡូក្រាម រួម​នឹង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ផង​។

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា ការអនុវត្ត​គម្រោង​នេះ​គឺជា​ការលើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​សហគមន៍​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ក៏ដូចជា​ទប់ស្កាត់​ការបោះ​ចោល​ថង់​ប្លា​ស្ទិ​កពាស​វាលកាល​ផងដែរ​។ គម្រោង​នេះ​បានទទួល​ជោគជ័យ​គួរកត់សម្គាល់ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​នានា​បាន​ចូលរួម​អនុវត្ត​ដោយ​សេចក្តី​រីករាយ និង​ការយល់ដឹង​។ ឯកឧត្តម​បាន​ថ្លែង​ផង​ថា​ចំពោះ​សំណល់​ប្លា​ស្ទិ​ក ដែល​ប្រមូលបាន​តាមរយៈ​គម្រោង​ប្លា​ស្ទិ​ក​ដូរ​អង្ករ​នេះ គឺ​មួយផ្នែក​នឹង​យកទៅ​ផលិត​ឥដ្ឋ​សម្រាប់​ក្រាល ទីធ្លា​សាលារៀន និង​សាងសង់​សំណង់​ផ្សេងៗ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ពលរដ្ឋ​កុំឱ្យ​ដុត​សំណល់​ប្លា​ស្ទិ​កដោយ​គ្មាន​បច្ចេកទេស​ត្រឹម ត្រូវ​ព្រោះថា​ការដុត​សំណល់​ប្លា​ស្ទិ​កវា​នឹង​នាំឱ្យ​បំពុលបរិយាកាស ហើយ​ប្រសិនបើ​បោះ ចូលក្នុង​ទឹក នឹង​បំពុល​ទឹក និង​ធ្វើឱ្យប៉ះពាល់ សោភ័ណភាព​របស់​បឹង​ទន្លេសាប​ដែលជា ផ្នែក​មួយ​នៃ​គោលដៅ​ទេសចរណ៍​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close