ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​៖ សេចក្ដីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៣ របស់​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​រួចរាល់​ហើយ

ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ សេចក្ដីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៣ របស់​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ទាំងស្រុង សេចក្ដីព្រាងច្បាប់​ទាំងនោះ​រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម សេចក្តីព្រាង​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម និង​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​នេះ​ជាការ​បញ្ជាក់​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាស​ដែល ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ចូលរួម​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា សំណើសុំ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម មាន​គោលបំណង​ជួយ​ឱ្យ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដំណើរការ​ទៅបាន​រលូន​និង​មាន​តម្លាភាព មាន​ស្តង់ដារ​ខ្ពស់​ស្របតាម​ការធ្វើ​ធុរកិច្ច​ជា​សាកល​។

​ដោយឡែក សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ផ្នែក​សេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាព​ប្រជាជន និង​ការផ្សារភ្ជាប់​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។
​កម្ពុជា​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​កិច្ចព្រមព្រៀង​នេះ​មាន​ជាអាទិ៍ ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ផ្ទាល់​របស់​បរទេស ព្រមទាំង​បង្កើត​ការងារ​ថ្មីៗ​ជូន​ប្រជាជន​កម្ពុជា ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញ​ក្តី​រំពឹង​ដែរ​ថា សេចក្តីព្រាងច្បាប់​សំខាន់ៗ​ទាំងបី​ខាងលើ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​តម្លាភាព និង​សង្គតិភាព ក្នុង​ក្របខណ្ឌ​គតិយុត្ត​របស់​កម្ពុជា ព្រមទាំង​លើកស្ទួយ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា សំដៅ​ចូលរួម​ស្តារ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បង្កើន​កំណើនសេដ្ឋកិច្ច និង​ផ្តល់នូវ​ប្រយោជន៍​ជា​សារ​វ័​ន្ត​ដល់​សង្គមជាតិ​ទាំងមូល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close