គម្រោង​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ ប្រកបដោយ​និរន្តរភាព នឹង​អនុម័ត នៅ​ឆ្នាំ​២០២២ គ្រោង​ចំណាយ​ថវិកា​អស់ ១០០​លាន​ដុល្លារ​!

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ជួបពិភាក្សា​ការងារ​អំពី​គម្រោង​ជលផល​តំបន់ឆ្នេរ និង​សមុទ្រ​ប្រកប ដោយ​និរន្តរភាព (Sustainable Coastal and Marine Fisheries Project) ជាមួយ​មន្ត្រីជាន់ខ្ពស់​ដែល​អញ្ជើញ​មកពី​ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank, ADB) មាន​លោក Anthony Gill នាយក​ស្តីទី​នៃ​បេសកកម្ម ADB ប្រចាំ​កម្ពុជា លោក Alvin Lopez អ្នកឯកទេស​ធនធាន​ធម្មជាតិ និង​កសិកម្ម​ជាន់ខ្ពស់ និង​សហការី​មួយចំនួនទៀត​។

​ជាបឋម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ADB ដែល​បាន​និង​កំពុងតែបន្ត​គាំទ្រ និង​ឧបត្ថម្ភ​ហិរញ្ញប្បទាន​ឥត​សំណង និង​សម្បទាន​សម្រាប់​អនុវត្ត​គម្រោង​នានា ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ ដែល​គម្រោង​កម្មវិធី​ទាំងនោះ បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន ក្នុងនោះ​ក៏មាន អនុវិស័យ​វារីវប្បកម្ម​ផងដែរ ក្នុងការ​ធានាបាន​នូវ​និរន្តរភាព​បរិស្ថាន សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ធន់​នឹង​ការ​ប្រែ ប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈានឆ្ពោះ​ទៅជា​ប្រទេស​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ជាពិសេស​ស្របទៅនឹង​បរិបទ​នាពេល​បច្ចុប្បន្ន​គឺ​ការរស់នៅ​ជាមួយ កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

​លោក Anthony Gill បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា គោលបំណង​នៃ​ជំនួប​នា​រសៀល​ថ្ងៃនេះ គឺ​ដើម្បី ៖ ១- សង្ខេប​ជូន​អំពី​វឌ្ឍន​ភាពទាក់ទង​នឹង​ការរៀបចំ​កសាង​គម្រោង ២- ធ្វើ​បច្ចុប្បន្នភាព​ដោយ​សង្ខេប​អំពី​វឌ្ឍនភាព​លើ​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ផ្សេងទៀត​របស់ ADB ជាមួយ ក្រសួង និង ៣- ស្វែងរក​ការណែនាំ និង​ទស្សនៈវិស័យ​នៃ​ការគ្រប់គ្រង និង​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​បន្ត និង​ដាក់ចេញ​នូវ​ទិសដៅ​នាពេល​អនាគត​របស់ ADB ជាមួយ​ក្រសួង ជាពិសេស​លើ​វិស័យ​ជលផល​។

​លោក Anthony Gill បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ADB បាននិងកំពុង​រៀបចំ​គម្រោង​ថ្មី​មួយ​ស្តីពី ” ជលផល​តំបន់ឆ្នេរ និង​សមុទ្រ ប្រកបដោយ​និរន្តរភាព (Sustainable Coastal and Marine Fisheries Project)” ដែល​នឹង​អនុម័ត​នៅ​ឆ្នាំ ២០២២ ហើយ​គ្រោង​នឹង​ចំណាយ​ថវិកា​អស់ ១០០​លាន​ដុល្លារ ក្នុងនោះ​បានមកពី ADB Loans ៥០​លាន​ដុល្លារ ASEAN Infrastructure Fund ១០​លាន​ដុល្លារ AFD ៣០​លាន​ដុល្លារ (Concessional Loan) និង ADB Grand Funds ១០​លាន​ដុល្លារ​។

​លោក Anthony Gill បាន​បញ្ជាក់ថា​គម្រោង​នេះ នឹង​ជួយ​វិស័យ​ជន​ផល​ក្នុងការ ៖
១- លើកកម្ពស់​ការ​បន្សាំ និង​កាត់បន្ថយ​ដោយ​ផ្អែកលើ​ប្រព័ន្ធ​អេកូឡូស៊ី​ឆ្នេរសមុទ្រ និង​សមុទ្រ​។​
២- កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោយ​ការប្រមូល​ផល​នេសាទ​ដែល​ធន់​នឹង​អាកាសធាតុ​។​
៣- ជំរុញ​ការវិនិយោគ​លើ​តម្លៃ​ជលផល​ប្រកបដោយ​សុវត្ថិភាព និរន្តរភាព និង​ខ្សែ​ច្រវាក់​តម្លៃ និង
៤- ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការគ្រប់គ្រង​ការនេសាទ​សមុទ្រ​។
​ចំពោះ​គម្រោង​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ក្លាយជា​ភ្នាក់ងារ​ប្រតិបត្តិ ហើយ​រដ្ឋបាល​ជលផល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ក្លាយជា​ភ្នាក់ងារ​អនុវត្ត​។

​នាឱកាស​នេះ​ផងដែរ​ភាគី​ទាំងពីរ ក៏បាន​លើកយក​ប្រធានបទ​ស្តីពី “​ការធ្វើ​ឲ្យ​ប្រសើរឡើង​ទាំង​គុណភាព និង​សមត្ថភាព​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម ” ដើម្បី​លើកកម្ពស់​សមត្ថភាព​វិ​គាគ និង​ពិសោធន៍​លើ​រាល់​ផលិតផល​កសិកម្ម មុន​ធ្វើការ​នាំចេញ និង​ពិនិត្យ​គុណភាព និង​សុវត្ថិភាព​ផលិតផល​នៅលើ​ទីផ្សារ​។ ចំពោះ​ការអនុវត្ត​គម្រោង ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា​នឹង​ខិតខំ​ពង្រឹង​កិច្ចសហការ​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​នៃ​ការអនុវត្ត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close