ចាបព្រៃ​វែង ជិត​ផុត​ពូជ​បំផុត​នៅលើ​លោក បានមក​ដល់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ទៀតហើយ

​ចាបព្រៃ​វែង គឺជា​ប្រភេទ​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជិត​ផុត​ពូជ​បំផុត អាស្រ័យ​ដោយ​ចំនួន​របស់​វា​នៅលើ​ពិភពលោក បាន​ថយចុះ​ជាង ៨០% នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ បក្សី​ប្រភេទ​នេះ​បង្ក​កំណើត​នៅ​អឺរ៉ុប និង​អាស៊ី​ខាងជើង បន្ទាប់មក​បំលាស់​ទី​រក​ចំណី​មកកាន់​តំបន់​អាស៊ី (Wintering Migration)​ដូចជា​ឥណ្ឌា ចិន​ភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា ។

​បើ​យោងតាម​ទិន្នន័យ​ក្រសួងបរិស្ថាន មុន​ឆ្នាំ​២០០២ នៅ​កម្ពុជា​គេ​ឃើញ​វត្តមាន​ពួកវា​ជា​ហ្វូង​ធំ​រហូតដល់​ជាង ១ ០០០​ក្បាល​។​បន្ទាប់​ចាប់ពី ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០១២ ចាប​ព្រៃវែង​ត្រូវបាន​កត់ត្រា​ប្រមាណ​ចន្លោះ ពី​២០ ទៅ​១០០​ក្បាល​ប៉ុណ្ណោះ និង​បន្ត​មកដល់​ពេលបច្ចុប្បន្ន វត្តមាន​របស់​វា​មិនមាន​ការកត់ត្រា​ជាក់លាក់​នោះទេ​។

​ជាក់ស្ដែង​យោងតាម​បទ​បង្ហាញ​របស់​អង្គការ​WCS នៅក្នុង​សិក្ខាសាលា​ស្ដីអំពី​ការអភិរក្ស​សត្វ​ចាបព្រៃ​វែង​កាលពី ខែកញ្ញា ឆ្នាំ​២០១៩ មានការ​កត់ត្រា​ចាបព្រៃ​វែង ប្រមាណ​ជាង​២០០​ក្បាល​នៅ​ខេត្តក្រចេះ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៦​និង​២០១៧ ហើយ​មាន​ចំនួន​ប្រមាណ​៣០០​ក្បាល​នៅ​វាល​ខ្សឹប​ស្រុក​ស្ទោង​និង​ស្រុក​ជីក្រែង និង​ប្រមាណ​៣០០​ក្បាល​នៅ​បាកាន ក្នុង​ឆ្នាំ​២០១៩​។

​នៅក្នុង​ឆ្នាំ​២០២១ ក្រុមការងារ​យើង​បាន​កត់ត្រា​ចំនួន​សត្វ​ស្លាប​នេះ​ច្រើន​បំផុត​ប្រមាណ​ជាង​២០០០ ក្បាល មាន​វត្តមាន​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ចាប់ពី​ខែធ្នូ​ដល់​ខែមេសា​។ មកដល់ពេលនេះ ក្នុង​ខែមករា ឆ្នាំ​២០២២ សត្វ​ចាប​ព្រៃវែង​នៅតែ​បន្ត​វិល​ត្រលប់​មករក​ចំណី​និង​ស្នាក់នៅ​ក្នុង​តំបន់​ការពារ​នេះ ដែល​មកទល់នឹង​ពេលនេះ​មាន​ចំនួន​រាប់ពាន់​ក្បាល​ដដែល​។ នេះ​ជា​ព័ត​មាន​ដ៏​ល្អ​ដែល​បញ្ចា​ក់ថា​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​បាននិងកំពុង​ដើរតួ​ដ៏​សំខាន់​ក្នុង​គាំទ្រ​ដល់​សត្វ​ប្រភេទ​នេះ​។​

​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ គឺជា​តំបន់ដីសើម​ដ៏​ធំ​មួយ​ដែល​ស្ថិតក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្រោម និង​ត្រូវ​បានកំណត់​ជា​តំបន់ ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ តាមរយៈ​អនុក្រឹត្យ​លេខ​៩០​អនក្រ​.​បក ចុះ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close