ក្រសួង​វប្បធម៌​៖ វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២៨​រូប នឹងត្រូវ​បញ្ជូន​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ

​ភ្នំពេញ​៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​សង្កាត់​ភាគខាងត្បូង នៃ​ទីក្រុង​ញូវយ៉ក និង​ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក បាន​ដំណើរការ​ក្ដី​ក្នុង​តុលាការ ពាក់ព័ន្ធ​នឹង​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២៨​រូប ដែល​បាន​រឹបអូស​ពី​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​។​

​វត្ថុ​បុរាណ​ទាំងនោះ​មាន​ជាអាទិ៍ រូបចម្លាក់​ព្រះ​គណេស ដែល​គេ​ជឿជាក់ថា មាន​ប្រភព​មកពី​ប្រាសាទ​បាក់​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​។ ផ្អែក​តាម​សាក្សី​បាន​បញ្ជាក់ថា រូបចម្លាក់​នេះ​ត្រូវបាន​លួច​យកចេញ ពី​ប្រាសាទ​អស់​រយៈពេល​ប្រមាណ​ពីរ​ទសវត្សរ៍​មកហើយ​។ ក្នុង​ឆ្នាំ​២០២១ អង្គការ​សម្ព័ន្ធ​ភាពបុរាណ​វត្ថុ (Antiquities Coalition) បានចាត់ទុក​បដិមា​ព្រះ​គណេស​នេះ ជា​រូបចម្លាក់​ដ៏​ប្រណិត​មួយ​ដែល​ពិភពលោក​ចង់បាន​បំផុត​ក្នុងចំណោម​វត្ថុ​ទាំង​១០ ដែល​ត្រូវបាន​គេ​លួច​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លេ​ី​កឡេ​ី​ង​ថា រូបចម្លាក់​ព្រះ​គណេស​នេះ​គឺជា​គំរូ​ដ៏​ល្អ​ឯក​មួយទៀត​របស់​បុព្វ​បុរស​ខ្មែរ​យើង​។ ព្រះ​គណេស គឺជា​ទេព​ហិណ្ឌូ​ដែលមាន​ព្រះ​សិរ​ជា​សត្វ​ដំរី និង​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​អំពី​ឬ​ទ្ធិ​អំណាច​របស់​ព្រះ អង្គ ជា​ទេព​នៃ​ចំណេះដឹង និង​កំចាត់​ឧបសគ្គ ហើយ​ការវិល​ត្រឡប់មក​មាតុប្រទេស​វិញ​គឺ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​។ ក្រៅពីនេះ​ក៏មាន​វត្ថុ​បុរាណ​ដទៃទៀត ដូចជា ព្រះពុទ្ធ​បដិមា​ធ្វើ​ពី​ថ្មភក់ សតវត្សរ៍​ទី​៧-៨, បដិមា ព្រះ​វិស្ណុ ធ្វើ​ពី​ថ្មភក់ សតវត្ស​ទី​១០ និង​បដិមា​ព្រះ​នាង​លក្ស្មី ធ្វើ​ពី​សំរិទ្ធ សតវត្ស​ទី​១០​។ ការបញ្ជូន​ត្រឡប់មកវិញ​នេះ បញ្ជាក់​ពី​ការបន្ត​ប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុងការ​ស្វែងរក និង​នាំយក​មកវិញ​នូវ​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​ចាក​ឆ្ងាយ​ពី​មាតុ​ភូមិកំណើត​អស់​ជាច្រើន​ឆ្នាំ​ក្នុងអំឡុង​សម័យ​សង្គ្រាម​។​

​លោកស្រី​បាន​បញ្ជាក់ថា ជា​សេចក្តីរំភើប​រីករាយ​ដែល​អ្នកកាន់កាប់​សម្មុច្ច័យ​កម្ពុជា​ឯកជន បាន​យល់ព្រម​ផ្តល់​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​សហរដ្ឋអាមេរិក ក្នុងការ​បញ្ជូន​មកវិញ​នូវ​សមុច្ច័យ​ដ៏​សំខាន់ នៃ​រូបចម្លាក់​ខ្មែរ​ដែល​បាន​ទិញ​ពី​អ្នកកាន់កាប់ និង​ជួញដូរ​វត្ថុ​បុរាណ គឺ​លោក Douglas Latchford​។ ការប្រគល់​មកវិញ​នូវ​សមុច្ច័យ​នេះ ជា​គំរូ​មួយ ហើយ​លោកស្រី​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​កំពុង​កាន់កាប់​សមុច្ច័យ​ឯកជន​ដទៃទៀត សារមន្ទីរ​នានា សូម​ទាក់ទង​មក​ដើម្បី​ពិភាក្សា​អំពី​ការប្រគល់​មក​ប្រទេស​កំណើត​វិញ​។ លោកស្រី​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ និង​អរគុណ​ដល់​អ្នកពាក់ព័ន្ធ​នានា​ក្នុងការ​នាំយក​មកវិញ​នូវ​សមុច្ច័យ​ដ៏​មានតម្លៃ​ទាំងនេះ​។

​ក្រៅពីនេះ​លោកស្រី​ក៏បាន​អរគុណ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​, ការិយាល័យ​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ទាំង​នៅក្នុង និង​នៅក្រៅ​ប្រទេស ជាពិសេស​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ និង​ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close