សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ប្រេសិត​ពិសេស​ថ្មី របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ លោកជំទាវ បណ្ឌិត ណូ​លីន ហេ​យ​ហ្សឺ (Noeleen Hayzer) ប្រេសិត​ពិសេស​ថ្មី របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា ។​

​ការសន្ទនា​ព្រឹក​នេះ គឺ​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​អង្គការសហប្រជាជាតិ​ដោយសារ​ឆ្នាំនេះ កម្ពុជា​ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន ហើយ​លោកជំទាវ​ជា​បេសកជន​ពិសេស​របស់​ឯកឧត្តម​អគ្គលេខា​ធិ​ក​អង្គការសហប្រជាជាតិ​។ ក្នុងជំនួប​នេះ លោកជំទាវ​បាន​អបអរសាទរ ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែលមាន​តួនាទី​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ ហើយ​កម្ពុជា​ក៏មាន​បេសកជន​ពិសេស​នៃ​អាស៊ាន​ទទួលបន្ទុក​មី​យ៉ាន់​ម៉ា​ផងដែរ ។​

​លោកជំទាវ​បាន​បន្តទៀតថា លោកជំទាវ ពិតជា​រីករាយ​ចំពោះ​អ្វីដែល​សម្ដេច​តេ​ជោ​បាន ជំរុញ​ការងារ​ពាក់ព័ន្ធ​នឹង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ដែលជា​ស្មារតី​មួយ​បន្ទាន់​ពី​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា​។ លោកជំទាវ​បាន​បញ្ជាក់ថា ក្នុងនាម​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​នេះ អង្គការសហប្រជាជាតិ​មើលឃើញថា សម្ដេច​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការ​អន្តរជាតិ ហើយ​លោកជំទាវ​រំពឹងថា​អង្គការសហប្រជាជាតិ ក៏ដូចជា​លោកជំទាវ​ជា​បេសកជន​ពិសេស របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នឹង​សហការគ្នា ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ក្នុង​តំបន់ ជាពិសេស​នៅ​មី​យ៉ាន់​ម៉ា​នេះ​តែម្ដង​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​លោកជំទាវ​ដែល​កន្លងមក​ធ្លាប់​ធ្វើការ​ជាមួយគ្នា ហើយ​យើង​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ជា​បន្តទៀត ។ សម្តេច​តេ​ជោ​ក៏បាន អបអរសាទរ​ចំពោះ​លោកជំទាវ​ដែល​បានតែងតាំង​ជា​បេសកជន​ពិសេស របស់​អគ្គលេខាធិការ​អាស៊ាន ដែល​ដើរតួនាទី​យ៉ាងសំខាន់ ស្ដីអំពី​មី​យ៉ាន់​ម៉ា​នេះ ។
​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន​អំពី​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​សម្ដេច​ទៅ​មី​យ៉ាន់​ម៉ា​កាលពីពេល​ថ្មីៗ​នេះ គឺ​សំខាន់​មិន​ចេញ​ឆ្ងាយ​ពី​ធម្មនុញ្ញ​អាស៊ាន ហើយ​ចំណុច​ដែល​បាន​ឯកភាពគ្នា​ចំនួន​៥ ក្នុងប្រទេស​អាស៊ាន​ទាំង​១០​នាពេល​កន្លងទៅ​នោះទេ​។

​សម្ដេច​បាន​គូសបញ្ជាក់ថា ថ្វីត្បិតតែ​ក្នុង​ឆ្នាំ​២០២១ ការងារ​អាស៊ាន​មិនបាន​ដើរ​រលូន​ទេ ដូច្នេះ​អ្វីដែល​នៅសល់​រហូតដល់​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នេះ គឺ​គោលដៅ​សំខាន់ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​មី​យ៉ាន់​ម៉ា​នោះ គឺ​ចង់រក​មធ្យោបាយ​ដើម្បី​បញ្ចប់​ភាព​ហិង្សា និង​បញ្ចប់​បទ​ឈប់​បាញ់ ដែលជា​កត្តា​សំខាន់​ដែល​ស្ថិតនៅក្នុង​ចំណុច​ទាំង​៥ ដែល​អាស៊ាន​បានលើកឡើង ។ ហើយ​ចំណុច​មួយទៀត​ធ្វើយ៉ាងណា​ដើម្បី​ផ្ដល់ជំនួយ​មនុស្សធម៌ ដល់​មី​យ៉ាន់​ម៉ា ដែល​ត្រូវការ​ចាំបាច់​នៅក្នុង​គ្រានេះ​។​

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់ថា យើង​មិនអាច​នៅជាប់​គាំង​បែបនេះ​នោះទេ គឺ​យើង​ត្រូវ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជាប់គាំង​នេះ ដើម្បី​ចាប់យក​ឱកាស​ក្នុង​ការចរចា​។ ជាមួយគ្នា​នោះ ការងារ​ផ្ទៃក្នុង​អាស៊ាន​នេះ យើង​ត្រូវតែ​ធ្វើការ​ជាមួយគ្នា ជាពិសេស​ដើម្បី​ឲ្យ​មានការ​ឯកភាពគ្នា​។
​សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ការងារ​អាទិភាព​ចំនួន​២​សំខាន់ ក្នុងចំណោម​ចំណុច​ដែល​បាន​ឯកភាព​ចំនួន​៥ គឺ ៖
​ទី​១) បទ​ឈប់​បាញ់ និង​បញ្ចប់​អំពើហិង្សា​។ សម្ដេច​បាន​បញ្ជាក់ថា យើង​ត្រូវតែ​ធ្វើការ​ជាមួយគ្នា មិន​ត្រឹមតែ​អាស៊ាន​ទេ អាចជា​មួយ​អ្នកពាក់ព័ន្ធ​ផ្សេងៗ ជាពិសេស​ទាំង​អង្គការសហប្រជាជាតិ​ផងដែរ​។
​សម្ដេច​ក៏បាន​បញ្ជាក់ទៀតថា​ការងារ​ពាក់ព័ន្ធ​នឹង​បទ​ឈប់​បាញ់​នេះ សម្ដេច​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន អាស៊ាន​ផ្លូវការ​នេះ និង​អតីត​ប្រធាន​អាស៊ាន គឺ​ប្រទេស​ប្រុយ​ណេ និង​ប្រធាន​អាស៊ាន​ក្រោយ​ប្រទេស​កម្ពុជា គឺ​ប្រទេស​ឥណ្ឌូនេស៊ី បូក​និង​អគ្គលេខាធិការ​អាស៊ាន ដើម្បី​ធ្វើការ​សម្របសម្រួល​កិច្ចការ​នេះ​។
​ទី​២) ការផ្ដល់​ជំនួយ​មនុស្ស​ធម៌ ពាក់ព័ន្ធ​ទៅនឹង​ការងារ​មនុស្សធម៌ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ការងារ​នេះ គឺជា​ការងារ​សំខាន់​របស់​បេសកជន​ពិសេស​អាស៊ាន អគ្គលេខាធិការ​អាស៊ាន និង​មជ្ឈមណ្ឌល​អាហារ រួមទាំង​អ្នកសម្របសម្រួល​ខាង​ភាគី​មី​យ៉ាន់​ម៉ា បូក​និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​។

​នៅក្នុង​ការពិភាក្សា​នេះ សម្ដេច​តេ​ជោ និង​លោកជំទាវ បណ្ឌិត ណូ​លីន ហេ​យ​ហ្សឺ (Noeleen Hayzer) បាន​ឯកភាពគ្នា​នូវ​ចំណុច ត្រូវតែមាន​ការងារ​ប​ន្ទា​ន់ ជាពិសេស​បញ្ឈប់​បទ​ឈប់​បាញ់ អំពើហិង្សា និង​ការ​ផ្ដល់ជំនួយ ព្រមទាំង​ការសន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ លោកជំទាវ​ពិតជា​អរគុណ​ចំពោះ អ្វីដែល​សម្ដេច​តេ​ជោ​កំពុងតែ​ធ្វើ​នេះ ហើយ​លោកជំទាវ នឹង​ប្ដេជ្ញាចិត្ត​ខិតខំ​ធ្វើការ​ងារ​នេះ​ជាមួយ​អាស៊ាន និង​ប្រធាន​អាស៊ាន ជាពិសេស​ក្នុងការ​ធ្វើយ៉ាងណា កុំ​ឲ្យ​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​នេះ ធ្លាក់ចុះ​ជាង​បច្ចុប្បន្ននេះ ។
​ហើយ​លោកជំទាវ​នៅតែ​គិតថា ប្រធាន​អាស៊ាន និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ នឹង​រួមគ្នា​ក្នុង​ការងារ​នេះ ហើយ​លោកជំទាវ​ក៏បាន​លើកឡើង​ទៀតថា យើង​នៅតែ​ជំរុញ​ធ្វើយ៉ាងណា​នៅពេល​ខាងមុខនេះ ឲ្យ​អាស៊ាន និង​អង្គការសហប្រជាជាតិ ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ។​

​ជា​ចុងក្រោយ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​លោកជំទាវ ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន គឺ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​សម្របសម្រួល រឿង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​អង្គការសហប្រជាជាតិ​ដើម្បី​រក​ដំណោះស្រាយ​នៃ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close