ស្រុក​បន្ទាយស្រី បញ្ហា​ប្រឈម​ចំនួន​៣ ជា​កម្មវត្ថុ​សំខាន់ នៃ​ដំណោះស្រាយ​ចំពោះមុខ

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០២១ របស់​ក្រុមការងារ​ថ្នាក់ជាតិ នៃ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​បាន​ដំណើរការ កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២២​។ ដំណើរការ​នៃ​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​នៃ​ក្រុមការងារ ។ កិច្ច​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីរដ្ឋបាល​ស្រុក និង​មន្ត្រី​ក្រុមការងារ​ទាំងអស់ ដោយបាន​ជម្នះ​រាល់​ការលំបាក​នានា រាប់បញ្ចូល​ទាំង​ការឆ្លងកាត់​វិបត្តិ​កូ​វីដ​-១៩ ផងដែរ​។​

យ៉ាងណាក៏ដោយ​នៅលើ​តុ នៃ​កិច្ចប្រជុំ​នេះ បញ្ហា​ប្រឈម​សំខាន់​ចំនួន​៣ គឺជា​កម្មវត្ថុ ដែល​ត្រូវ​រួម​គិត​រួម​ដោះស្រាយ ដែល​យ៉ាងហោចណាស់ កិច្ចប្រជុំ​ត្រូវធ្វើ​ដំណើរ​ឲ្យ​ដល់​ការសម្រេចចិត្ត ធ្វើ​សេចក្តីព្រាង​របាយការណ៍ បញ្ជូនទៅ​លេខាធិការដ្ឋាន នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត ដើម្បី​ស្នើសុំ​គោលការណ៍​អនុវត្ត ឬ​បទ​អន្តរាគមន៍​ណាមួយ ដើម្បី​ស្រាយ​សំណូមពរ​ទាំងនោះ ជូន​ប្រជាពលរដ្ឋ​។​

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​បានបញ្ជាក់​ឲ្យ​ដឹងថា បញ្ហា​ប្រឈម​ដែល​រ៉ាំរ៉ៃ​នោះ គឺ​ទី​១ ស្នើសុំ​អាជ្ញាធរ​ជាតិ​អ​ប្សា អនុញ្ញាត​ឲ្យ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ​កសិកម្ម​ខ្នាតតូច​តំបន់​បឹង​ទន្លេសាប​ជំហាន​២ អាច​ចូល​កសាង​ផ្លូវ​បេតុង និង​ផ្លូវ​ក្រាល​កៅស៊ូ នៅក្នុង​ភូមិ​ថ្នល់​ទ​ទឺង និង​ភូមិ​ថ្នល់​បណ្តោយ នៃ​ឃុំ​ព្រះ​ដាក់ ដោយសារតែ​សំណើ​នោះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា បដិសេធ​ចំនួន​៣​លើក​រួចមកហើយ ព្រោះតែ​ថា ភូមិ​ទាំង​២​នេះ ស្ថិតក្នុង​តំបន់​បូរាណ​ដ្ឋា​ន នៃ​ឧទ្យាន​អង្គរ ទី​២ ស្នើសុំ​អន្តរាគមន៍​ឲ្យ​ស្ថាប័ន​សមត្ថកិច្ច​ជួយ​ព​ន្លឿ​ន​ចុះ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​យូរអង្វែង​កន្លងមកហើយ​នោះ បានទទួល​ប្រើប្រាស់​ដោយ​ភាពកក់ក្តៅ និង​ទី​៣ ស្នើសុំ​ការចាត់វិធានការ ចំពោះ​ការរំលោភបំពាន​ដី​រដ្ឋ ដែល​មិន​ត្រូវបាន​ចាត់បញ្ចូល ទៅក្នុង​បញ្ជី​ស្នើសុំ​កាត់​ឆ្វៀល ដែលជា​ពិសេស​នោះ គឺ​នៅ​បរិវេណ​ជើងភ្នំ​គូ​លេន​។​

នៅក្នុង​បញ្ហា​ប្រឈម​ទី​១ អំ​ពិការ​ស្នើសុំ​កសាង​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ នៅ​ភូមិ​ថ្នល់​បណ្តោយ និង​ភូមិ​ថ្នល់ទទឹង នៃ​ឃុំ​ព្រះ​ដាក់ ដែល​កិច្ចប្រជុំ​សង្ឃឹមថា ការអូសបន្លាយ​ពេលវេលា​ល្មម​ត្រូវបាន​បញ្ចា​ប់​នោះ លោក​ប្រធាន​អង្គប្រជុំ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា អាច​នឹង​ប្រើប្រាស់​ជំនាញ​ធ្វើ​កំណាយ​ឲ្យ​បានឃើញ​ពិត​ប្រា​កថា តើ​តំបន់​នោះ​អាចមាន​ផលប៉ះពាល់ ដល់​សម្បត្តិ​បេ​តិក​ភណ​ក្រោម​ដី​ដែរ ឬទេ បើសិនជា​មូលដ្ឋាន​ត្រូវ​ការសាងសង់​ផ្លូវថ្នល់​នោះ ?

ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ជា​ប្រធាន​ក្រុមទី​៥ (​អាជ្ញាធរ​ជាតិ​អប្សរា ) ប្រចាំ​ស្រុក​បន្ទាយស្រី និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ផងដែរ បញ្ជាក់ថា នៅក្នុង​តំបន់​១ តំបន់​២ នៃ​ឧទ្យាន​អង្គរ គឺមាន​បង្កប់​ប្រាសាទ​ក្រោម​ដី​រាប់រយ​កន្លែង ដែល​យើង​មិនអាច​មើលរំលង​បាន ។ ការសិក្សា​ក្នុង​តំបន់​បូរាណ​ដ្ឋា​ន អាជ្ញាធរ​ជាតិ​អប្សរា មាន​ក្រុមការងារ​ពិសេស​គ្រប់​ជំនាញ ដែល​គ្រប់គ្រង​ដោយ​អគ្គនាយក​មួយរូប ។ ក្រុមការងារ​ពិសេស​នេះ អាចជួយ​បាន​បើ​មាន​តម្រូវការ​យ៉ាងណា​នោះ ដែល​ទាក់ទង​ទៅនឹង​ការស្រាវជ្រាវ​បូរាណ​ដ្ឋា​ន ឬ​សិក្សា​អំ​ពិ​បេ​តិក​ភ័​ណ្ឌ​។​

ឯកឧត្តម​បាន​បញ្ជាក់ថា តាម​ដែល​ឯកឧត្តម​នៅចាំ​បាន គឺ​កន្លងមក​មាន​ជំនួប​រវាង​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ជាមួយ​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បាន​ពិភាក្សា​ធ្វើ​កំណត់ហេតុ​ផងដែរ អំពី​ការងារ​សម្របសម្រួល​នោះ ប៉ុន្តែ​នៅឡើយ​មិនទាន់បាន​អនុវត្ត​។ ក្រុមការងារ​អន្តរ​ស្ថាប័ន ដែលមាន​អភិបាលខេត្ត​ជា​ប្រធាន និង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អនុប្រធាន ត្រូវបាន​បង្កើតឡើង​។ បញ្ហា​សំណើសុំ​កសាង​ផ្លូវ​នៅ​ភូមិ​ថ្នល់​បណ្តា​យ និង​ភូមិ​ថ្នល់ទទឹង នៃ​ឃុំ​ព្រះ​ដាក់ គឺជា​សមត្ថកិច្ច នៃ​ក្រុមការងារ​អន្តរ​ស្ថាប័ន​នេះ​។​

កិច្ចប្រជុំ​សង្ឃឹមថា ការពិភាក្សាគ្នា​នេះ គឺជា​ការអនុវត្ត​តួនាទី ភារកិច្ច​យ៉ាងសកម្ម​របស់​ក្រុមការងារ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​យន្តការរដ្ឋបាល​ថ្នាក់ស្រុក ធានាបាន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ និង​ការដោះស្រាយ​បំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close