ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងធ្វើឱ្យប្រសើរឡើង នូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact Cambodia តំណាងឱ្យសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានសហការគ្នា ក្នុងការដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងថ្មីមួយឈ្មោះថា “គម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម, Improving Small Package e-Trade for SMEs (SeT4SME)”។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការថ្លែងអំណរគុណ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតគម្រោង SeT4SME នេះឡើង ក្រោមកិច្ចសហប្រតិបត្តិការអនុវត្តន៍ពីវិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការចុះអនុស្សរណៈនៃយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងគម្រោង Go4eCAM នៃក្រសួងពាណិជ្ជកម្ម និងគម្រោង SeT4SME នៃអង្គការ Swisscontact Cambodia ក្នុងការអនុវត្តគម្រោងថ្មីនេះ នឹងរួមចំណែកផ្តល់អត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើការនាំចេញ ព្រមទាំងអ្នកប្រើប្រាស់នៅទីផ្សារអន្តរជាតិតាមរយៈការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងដែន ដោយប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advance Data-EAD)។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការអនុវត្តគម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើឌីជីថលរូបនីយកម្ម ជាពិសេសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជាជំហ៊ានថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍គោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម ស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ (CTIS 2019-2023) ដែលបានដាក់ចេញ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាពេលថ្មីៗ កន្លងមកផងដែរ។
សូមជម្រាបជូនថា គម្រោង SeT4SME មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តនីតិវិធីគយសម្រាប់ការដឹកជញ្ជូន ដើម្បីបង្កើនឱកាសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន សម្រាប់សហគ្រាសធុនតូច និងធម្យមកម្ពុជា។ ដៃគូអនុវត្តន៍គម្រោងនេះ រួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយធ្វើការសហការបច្ចេកទេសជាមួយអង្គការ UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) ព្រមទាំងមានការចូលរួមសហការអនុវត្តន៍ពីវិស័យឯកជនក្នុងការបង្កើត e-Trade Portal ដើម្បីជួយជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធិភាព។
គម្រោងនេះប្រើប្រាស់ថវិការបស់អង្គភាព EIF ដែលមានកញ្ចប់ថវិកាក្នុងសមាសភាគទី៣.៣ របស់គម្រោង Go4eCAM និងថវិការបស់មូលនិធិរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។