សំបុក​សត្វ​កុក​ពាក់​អំបោះ មានការ​កើនឡើង​តិចតួច នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​!

​តាមរយៈ​អង្គការ BirdLife នៅ​កម្ពុជា បាន​បញ្ជាក់ថា កុក​ពាក់​អំបោះ ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជីរ​ក្រហម​ពិភពលោក IUCN ជា​ប្រភេទ​ជិត​រង​ការ​គម្រាមកំហែង ហើយ​ចំនួន​របស់​វា​នៅលើ​ពិភពលោក​កំពុងមាន​ការធ្លាក់ចុះ​។

​បក្សី​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​បន្ត​ពូជ​ជា​រៀងរាល់ឆ្នាំ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​។ រដូវ​បន្ត​ពូជ​របស់​បក្សី គឺ​ចាប់បី​ខែ កក្កដា រហូតដល់​ខែធ្នូ ហើយ​ពួកវា​ចូលចិត្ត​ធ្វើ​សំបុក​លើ​ដើមឈើ​ធំៗ ដែល​ដុះ​នៅតាម​មាត់ទន្លេ ឬ​អូរ​។ នៅក្នុង​រដូវ​បន្ត​ពូជ​ឆ្នាំ ២០២១ នេះ សំបុក​សត្វ​កុក​ពាក់​អំបោះ​ចំនួន ៩ សំបុក​ត្រូវបាន​កត់ត្រា​បាន​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ក្រុមការងារ​របស់​យើង​។ សំបុក​សត្វ​ទាំងអស់​ត្រូវបាន​តាមដាន​ពី​ការ​វិវឌ្ឍន៍​របស់​វា និង​ការពារ​ពី​ការរំខាន​នានា​។

​អង្គការ BirdLife បាន​បន្ថែមថា ជា​លទ្ធផល សំបុក​ចំនួន ៨ ត្រូវបាន​ញាស់​ដោយ​ជោគជ័យ និង​មានកូន​សរុប​ចំនួន ១៥​ក្បាល​។ ទោះយ៉ាងណា សំបុក​ចំនួន​មួយ​ត្រូវបាន​បរាជ័យ​ដោយ​ការរំខាន​ពី​មនុស្ស​។​ ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ យើង​បានចាប់ផ្តើម​កត់ត្រា​សំបុក​របស់​កុក​ពាក់​អំបោះ​លើកដំបូង​នៅ​ឆ្នាំ ២០១៧ ហើយ​នៅពេលនោះ​យើង​កត់ត្រា​បាន ៨ សំបុក និង​កូន​ញាស់​ជោគជ័យ ៥​ក្បាល​។ នៅ​ឆ្នាំ​២០២១​នេះ យើង​កត់ត្រា​បាន​ចំនួន ៩​សំបុក និង​កូន​ញាស់​ជោគជ័យ​ចំនួន ១៥​ក្បាល ដែលជា​ចំនួន​ខ្ពស់បំផុត​បើ​ប្រៀបធៀប​នឹង​រដូវ​បន្ត​ពូជ​មុនៗ​។

​ប្រៀបធៀប​លទ្ធផល​ពង​កូន​ក្នុង​រយះពេល​៥​ឆ្នាំ​ចុងក្រោយ ចំនួន​សំបុក​រកឃើញ​សរុប​មានការ​កើនឡើង​បន្តិចបន្តួច​ហើយ​ចំនួន​សំបុក​ដែល​ជោគជ័យ​បាន​កើនឡើង​ពី​៤​សំបុក​ក្នុង​ឆ្នាំ​២០១៧​ទៅ​៨​សំបុក​ក្នុង​ឆ្នាំ​២០២១​។​

​សត្វ​កុក​ពាក់​អំបោះ​កំពុង​ត្រូវបាន​គំរាមកំហែង​ដោយ​កត្តា​មួយចំនួន​ដូចជា ការរំខាន​ពី​មនុស្ស ការ​បរបាញ់ និង​ការបាត់បង់​ទីជម្រក​។ ហេតុដូចនេះ ដើម្បី​ទប់ស្កាត់​ការថយចុះ​ចំនួន​របស់​បក្សី​ប្រភេទ​នេះ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​ពួកវា និង​ទីជម្រក​របស់​វា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close