ក្រសួង​វប្បធម៌ បំភ្លឺ​ព័ត៌មាន ពី​ការផ្សព្វផ្សាយ​វីដេអូ​កាត់​ខ្លី របស់លោក គឹម ហ៊ាង ក្នុង​សិក្ខាសាលា​មួយ នៅ​ខេត្តសៀមរាប ទាក់ទង​ទៅនឹង​ការអភិរក្ស​នៃ​តំបន់​សៀមរាប អង្គរ

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅមុននេះ​បន្តិច បាន​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់ថា ថ្មីៗ​នេះ បណ្តាញ​សង្គម​មួយចំនួន បាន​ផ្សព្វផ្សាយ​នូវ​វីដេអូ​កាត់​ខ្លី​រយៈពេល​៣​នាទី ៤១​វិនាទី របស់ លោក គឹម ហ៊ាង អ្នកជំនួញ​ដីធ្លី​មួយរូប ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ ស្ដីពី​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​ខេត្ត សៀមរាប ដែល​លើកឡើង​នូវ​ទស្សនវិស័យ​របស់​ខ្លួន ទាក់ទង​ទៅនឹង​ការអភិរក្ស និង​អភិវឌ្ឍ​នៃ​តំបន់​សៀមរាប អង្គរ និង​វិធាន​នៃ​ការការពារ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ ដោយ​ប្រើប្រាស់​សំដី​វាយប្រហារ មិនមាន​ការទទួលខុសត្រូវ និង​គ្មាន​ការសិក្សា​ស្រាវជ្រាវ​យល់ដឹង​គ្រប់​ជ្រុងជ្រោយ ខ្វះខាត​ចំណេះដឹង​លើ​ផ្នែក​កិច្ច ការពារ​បេតិកភណ្ឌ​ពិភពលោក ដោយ​សម្លឹង​ឃើញតែ​មួយ​ជ្រុង​ទៅលើ​វិស័យ​អចលនទ្រព្យ ដើម្បី​តែ​ផលចំណេញ នៃ​មុខ​ជំនួញ​ខ្លួន ដោយ​បំភ្លេចចោល​នូវ​តម្លៃ​នៃ​មរតក​វប្បធម៌​ជាតិ ក៏ដូចជា​ការជំរុញឱ្យ​មាន​ចលនា​ទិញ លក់ដូរ អចលនទ្រព្យ​កាន់តែ​ខ្លាំងក្លា​ឡើង ក្នុង​តំបន់​សៀមរាប អង្គរ ដែល​អាច​នាំ​ដល់​ការរីក​រាលដាល​សំណង់​អ​ណា​ធិ​ប តេ​យ្យ​ក្នុង​តំបន់​រមណីយដ្ឋាន​ការពារ និង​តំបន់​ជុំវិញ​នានា​។

​ក្រសួង បញ្ជាក់ទៀតថា ពាក្យសំដី​នេះ បានធ្វើឱ្យ​ប៉ះពាល់​ទៅលើ​កិច្ចខិតខំ ប្រឹងប្រែង​ការពារ ថែរក្សា និង​អភិរក្ស របស់​ឥស្សរជន​ជាន់ខ្ពស់​ថ្នាក់ជាតិ អន្តរជាតិ គ្រប់​ជំនាន់ ជាពិសេស​ការខិតខំ របស់​រាជរដ្ឋាភិបាល ដែល​បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ តាមរយៈ​ការជំរុញ និង​គាំពារ​ឱ្យ​បង្កើត​យន្តការ អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី ស៊ី​-​អង្គរ (ICC-​អង្គរ​) ដឹកនាំ​ដោយ​សហប្រធាន​បារាំង និង​ជប៉ុន ដែល​ប្រមូលផ្តុំ​ដោយ​អ្នកជំនាញការ​ជាតិ អន្តរជាតិ ដែលមាន​អាយុកាល​ជាង ៣០​ឆ្នាំ បានរួម​គ្នា​មក​សង្គ្រោះ និង​ការពារ​អង្គរ ក្នុង​នោះបាន​ប្រើប្រាស់​ថវិកា​ច្រើនជាង ៥០០​លាន​ដុល្លារ ព្រមទាំង​ជួយ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ជូន​កម្ពុជា​ជាច្រើន ដើម្បី​កិច្ចការពារ បេតិកភណ្ឌ​ជាតិ​យើង​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​របស់ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ឥស្សរជន ជាន់ខ្ពស់ អ្នកជំនាញការ ទាំង​ជាតិ អន្តរជាតិ គ្រប់​ជំនាន់ ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងការ ខិតខំ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​ការសង្គ្រោះ​រមណីយដ្ឋាន​អង្គរ តាមរយៈ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន អង្គរ ដែលមាន​ប្រាសាទ និង បុរាណ​ដ្ឋា​ន​ជាច្រើន ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ នាថ ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ ហើយ​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​នេះ រាប់​ចាប់ពី​ការអំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ និង អង្គការ​យូណេស្កូ ជួយសង្គ្រោះ​អង្គរ នៅ​ឆ្នាំ​១៩៨៩ ដោយ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ រហូត ដល់​ការខិតខំ​បង្កើត​លិខិតបទដ្ឋាន​គតិយុត្ត និង​ស្ថាប័ន​ជាតិ​មួយចំនួន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​រួម មាន​លិខិតបទដ្ឋាន​ជាតិ និង​អន្តរជាតិ​សំខាន់ៗ​មួយចំនួន ដូចជា ច្បាប់​ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​ឆ្នាំ ១៩៩៦ ព្រះរាជក្រឹត្យ ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​-​អង្គរ ក្នុង​ទំហំ​៤០១ គីឡូម៉ែត្រ​ក្រឡា​ដោយ​ការបែងចែក​តំបន់​ជា​ប្រាំ​ច្បាប់​ស្ដីពី​សំណង់​រហូតដល់​ឯកសារ​ប្លង់គោល​ស្តីពី​ការប្រើប្រាស់​ដីធ្លី​ខេត្តសៀមរាប ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត ស្របតាម​លក្ខខណ្ឌ​ដែល​អង្គការ យូណេស្កូ​កំណត់ និង​តម្រូវឱ្យ​រដ្ឋ​សមាជិក​រៀបចំ​អនុលោម​តាម​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​មនុស្សជាតិ​។

​ទាំងអស់នេះ សុទ្ធតែ​បាន​បង្កើតឡើង​ដោយមាន​ការគិតគូរ​គ្រប់​ជ្រុងជ្រោយ ទៅលើ​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច នយោបាយ និង​ការទូត ដោយ​ផ្តោតទៅលើ​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ មរតក​ដូនតា ជាពិសេស​ទៅ លើ​រចនាបទ កម្ពស់ ការរីក​រាលដាល​សំណង់​អណាធិបតេយ្យ​ក្នុង​តំបន់​ការពារ និង​តំបន់​ជុំវិញ ក្នុង​គោលដៅ ការពារ ថែរក្សា អភិរក្ស អភិវឌ្ឍ និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​ខេត្តសៀមរាប ការគ្រប់គ្រង ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព សម្រាប់​ការអភិវឌ្ឍ​មួយ​ដែល​រក្សា​តុល្យភាព​បរិស្ថាន សំណង់​ធា​រា​សា​ស្ត ព្រៃឈើ រួមចំណែក​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​សៀមរាប​-​អង្គរ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ច​ជា​កាល​តែង​ចាត់ទុក​កិច្ចការពារ​បេតិកភណ្ឌ​ជាតិ​ជា​អាទិភាព​ចម្បង​នោះ នៅក្នុង​ពិធី​ខួប ២៥​ឆ្នាំ នៃ​ការបង្កើត អាយ​ស៊ី​ស៊ី​-​អង្គរ ខាងលើ នា​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​សៀមរាប ខេត្តសៀមរាប បាន​មានប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​នៅ​ចំពោះមុខ​របស់​អគ្គនាយិកា​អង្គការ​យូណេស្កូ ព្រមទាំង​សហប្រធាន​ទាំងពីរ​ន អាយ​ស៊ី​ស៊ី​-​អង្គរ និង​តំណាង​បណ្តា​ប្រទេស​ដែលជា​សមាជិក​របស់​អា​យ​ស៊ី​ស៊ី​-​អង្គរ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ថា “​ការគ្រប់គ្រង​បេតិកភណ្ឌ មិនមែនជា​ការងាយស្រួល​ទេ​! សូម​កុំឱ្យ​មានការ​ញុះញង់ ប្រជាពលរដ្ឋ ជាពិសេស​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ឲ្យ​ទៅ​រំលោភ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​បេ​តិក ភណ្ឌ ដែល​នេះ​រួមបញ្ចូល​ទាំង​បេតិកភណ្ឌ បាន​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​ផ្សេងៗ​ទៀត​។
​ដើម្បី​ការពារ​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ រាជរដ្ឋាភិបាល​ពុំមាន​ជម្រើស​អ្វី​ក្រៅពី​ការប្រើប្រាស់​វិធានការ​តឹងរ៉ឹង​នានា ទោះជា​ត្រូវ​តបស្នង​ជាមួយនឹង​តម្លៃ​ណាមួយ​ក៏ដោយ រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​គ្រប់​វិធានការ​បង្ការ និង​ទប់ស្កាត់ ដើម្បី​បញ្ចៀស​ឱ្យបាន​នូវ​បណ្តា​សកម្មភាព​ខុសច្បាប់​ទាំងឡាយណា ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​ជាស​កល​នៃ​រមណីយ ដ្ឋា​ន​អង្គរ ហើយ​ដែល​បណ្តាលឱ្យ​អង្គរ​ប្រឈម​នឹង​ការបាត់បង់​លក្ខណៈសម្បត្តិ​ជា​បេតិកភណ្ឌ​ពិភពលោក “​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ជម្រាបជូន​សាធារណមតិ មេត្តា​ជ្រាបថា ការអភិរក្ស និង​អភិវឌ្ឍ​ក្នុង តំបន់​បេតិកភណ្ឌ​ពិភពលោក គឺជា​យន្តការ​នៃ​ការរក្សា​លំនឹង​មួយ​យ៉ាង​ប្រុងប្រយ័ត្ន និង​ត្រូវគោរព​ជាដាច់ខាត​នូវ គោលការណ៍​ច្បាប់ បទដ្ឋាន​គតិយុត្ត​ជាតិ និង​អន្តរជាតិ រួមទាំង​ក្រឹត្យក្រម និង​ការអនុវត្ត​នានា​ដែលមាន​ជា​ធរមាន ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព និង​រក្សា​ឱ្យបាន​ជាដាច់ខាត​នូវ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់ រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​ក៏​ជា​កិត្យានុភាព​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​លើ​ឆាក​អន្តរ ជាតិ​ផងដែរ​។​

​ក្នុងន័យនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ និង​ណែនាំ​ឱ្យ​បុគ្គល​រូបនេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​ពាក្យសំដី​ដែល​គ្មាន​ការទទួលខុសត្រូវ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បែបនេះ ដើម្បី បញ្ចៀស​នូវ​ការយល់ច្រឡំ និង​ជំរុញ​នូវ​ការជួញដូរ​ដីធ្លី ក្នុង​តំបន់​សៀមរាប អង្គរ ដែល​នឹង​អាចបង្កើត​នូវ​ចលាចល សង្គម​ជាយថាហេតុ​ណាមួយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close