ធនាគារជាតិពន្យល់អំពីគោលនយោបាយប្រើប្រាស់ប្រាក់យ័ននៅកម្ពុជា
បន្ទាប់ពីមានការយល់ច្រឡំដែលថា កម្ពុជាគ្រោងនឹងធ្វើចរាចរណ៍ប្រាក់យ៉ន់នោះ កាលពីពេលថ្មីៗនេះ មន្ដ្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានធ្វើការពន្យល់ និងបង្ហាញអំពីគោលនយោបាយប្រើប្រាស់ប្រាក់ យ័ន នៅកម្ពុជា ដោយថា ក្នុងគោលដៅដើម្បីទូទាត់ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ប៉ុណ្ណោះ ប៉ុន្ដែមិនមែនជាការជំរុញឱ្យយកប្រាក់យ័នចិន មកធ្វើចរាចរក្នុងប្រទេសកម្ពុជានោះឡើយ។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិមិនលើកទឹកចិត្តឲ្យមានការប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសដទៃ សូម្បីតែ ប្រាក់ដុល្លារ ក្នុងប្រទេសកម្ពុជាឡើយ គឺធនាគារជាតិ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង។
លោកជំទាវបានបន្ដថា ការដាក់ឲ្យប្រើប្រាស់ប្រាក់យ័នរបស់ធនាគារជាតិ គឺជាការជំរុញសម្រាប់ការទូទាត់ពាណិជ្ជកម្ម ហើយសាធារណជនសូមកុំយល់ច្រឡំថា វាជាការដាក់ឱ្យចរាចរលុយយ័ន សម្រាប់ចាយវាយនៅកម្ពុជា ដូចចរាចរលុយដុល្លារ ដែលនេះមិនមែនជាទិសដៅរបស់ធនាគារជាតិឡើយ។
លោកជំទាវបានបន្ថែមថា “យើងមិនសុំឱ្យប្រជាជនចិន ឬវិនិយោគិនប្រើលុយយ័ននៅកម្ពុជាទេ ប៉ុន្ដែអ្វីដែលយើងចង់បានគឺឱ្យពួកគេប្រើយន់ក្នុងប្រព័ន្ធធនាគារ និងប្រតិបត្តិការឆ្លងកាត់ព្រំដែន”។
លោកជំទាវបានចាត់ទុកថា ការប្រើប្រាស់លុយយ័នចិនក្នុងប្រព័ន្ធធនាគារ សម្រាប់ទូទាត់ ពាណិជ្ជកម្មនេះ ក៏បានជួយជំរុញដល់ប្រាក់រៀលផងដែរ ដោយថា ពីមុនការទូទាត់ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ត្រូវប្រើប្រាស់ប្រាក់ដុល្លារ ដែលធ្វើឱ្យពាណិជ្ជករ អាជីវករ ប្រឈមហានិភ័យ នៃអត្រាការប្រាក់។
បើយោងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា កាលពីឆ្នាំ២០១៧ កម្ពុជាបាននាំចូលទំនិញពីប្រទេសចិនគិតជាទឹកប្រាក់ចំនួន ៥.២ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅ ប្រទេសចិនចំនួន ៧៥៣លានដុល្លារ។ ចំណែកនៅក្នុងវិស័យពាណិជ្ជកម្មការទូទាត់មានតម្លៃ ប្រមាណ១៣៥លានដុល្លារ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនកម្ពុជា ខណៈដែលក្រុមហ៊ុន ចិនបានបង់ប្រាក់យ៉ាងហោចណាស់៧០លានដុល្លារជាប្រាក់យ័នដល់ក្រុមហ៊ុនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។