អ្នកភូមិ​បង្កោង ៣៤៧​គ្រួសារ ក្នុងស្រុក​ប្រាសាទបាគង នៃ​តំបន់​រមណីយដ្ឋាន​អង្គរ រក្សា​ទំនៀមទម្លាប់​ចាប់​ត្រី​រួមគ្នា សម្រាប់​ត្រៀម​ប្រារព្ធ​ពិធី​ឡើង​មាឃ​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ អ្នកស្រុក​នៃ​ភូមិ​បង្កោង ក្នុង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ប្រមាណ​ជាង​៣៤០​នាក់ បានរៀបចំ​កម្មវិធី​ចាប់​ត្រី​រួមគ្នា ក្នុង​ត្រពាំង​អភិរក្ស​មួយកន្លែង សម្រាប់​ត្រៀម​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា ដែល​អ្នកភូមិ​បាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ឡើយ ។​

​លោក ពេជ្រ ឃិន មេភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង បានឱ្យដឹងថា ដោយសារ​ឆ្នាំ​២០២២​នេះ ស្ថានភាព​ទឹក ក្នុង​ត្រពាំង​បឹង មាន​សភាព​ច្រើន ទើប​គណៈកម្មាការ​សម្រេច​កំណត់​យក​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ​ជា​ថ្ងៃ​រួមគ្នា​ចាប់​ត្រី ដើម្បី​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ធ្វើបុណ្យ​ភូមិ តាម​ទំនៀមទម្លាប់​របស់​អ្នកស្រុក​មិនដែល​ខកខាន​។ ពិធី​នេះ​តែង​ធ្វើឡើង​នៅ​ត្រពាំង​បឹង ដែល​សហគមន៍​បាន​អភិរក្ស​ទុក​មិនឱ្យ​មានការ​លួច​នេសាទ ក្នុង​រយៈពេល​១​ឆ្នាំ​រហូតដល់​មានការ​ណាត់គ្នា​ពី​លោក​មេភូមិ​ថា​កំណត់​ថ្ងៃ​ណាមួយ​ដើម្បី​នេសាទ ទើប​អ្នកភូមិ​នាំគ្នា​ទៅរក​ត្រី​បាន​។​

​លោក​បន្តថា ប្រជាពលរដ្ឋ​ចំនួន​៣៤៧​គ្រួសារ រស់នៅ​ក្នុងភូមិ​បង្កោង​នេះ បានមក​ជួបជុំគ្នា​តាំង​ព្រលឹម​ស្រាងៗ ដោយមាន​ភ្ជាប់​មកជា​នូវ​ឧបករណ៍​ពី​បុរាណ​មាន ឈ្នាង អង្រុត និង​សំណាញ់​ជាដើម ដើម្បី​ត្រៀម​ចុះ​ចាប់​ត្រី​រួមគ្នា ក្រោយពេល​គណៈកម្មការ​ប្រកាស​មីក្រូ និង​បាញ់​កាំជ្រួច​ជាស​ញ្ញា​។​ជា​មធ្យម​ក្នុង​មួយឆ្នាំៗ​ទិន្នផល​ត្រី​ដែល​អ្នកភូមិ​ចាប់បាន មិនតិចជាង​១០០​គីឡូក្រាម សម្រាប់ធ្វើ​ទឹកស​ម្ល​នំ​បញ្ចុក​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ទិន្នផល​ត្រី​អាចមាន​ការកើនឡើង​ជា​ង​រាល់​ឆ្នាំ ព្រោះ​គណៈកម្មការ​ភូមិ តែងតែ​រួមគ្នា​អភិរក្ស​ទុក មិនឱ្យ​មានការ​លួច​នេសាទ​ឡើយ​ខុសច្បាប់​ឡើយ​។​

​លោក ភ័​ក្រ ភ័​ណ្ឌ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បង្កោង បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ បងប្អូន​នៅក្នុង​ភូមិ​ទាំងអស់ តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួមគ្នា នៅក្នុង​ត្រពាំង​អភិរក្ស​នេះ មិនដែល​ខកខាន​មួយឆ្នាំ​ណា​ឡើយ ដើម្បី​យក​ត្រី​ដែល​បង់​បាន មក​ធ្វើជា​ទឹកស​ម្ល នំ​បញ្ចុក និង​ម្ហូបអាហារ​ផ្សេងៗ​ដើម្បី​ប្រារព្វ​ពិធីបុណ្យ​ភូមិ​ឬ​ពិធី​ឡើង​មាឃ​រួមគ្នា ហើយ​អ្នកភូមិ​ដែល​មក​នេសាទ​ទាំងអស់ មិន​ផ្តោត​តែ​លើ​រកត្រី​មួយ​មុខ​នោះទេ គឺ​មកជួបជុំ សប្បាយរីករាយ និង​បង្ហាញ​សាមគ្គីភាព​កាន់តែ​ស្និទ្ធស្នាល​រវាង​ប្រជាជន​នៅក្នុង​ភូមិ​ថែម​ទៀតផង​។

​សូម​រំលឹកថា តំបន់​រមណីយដ្ឋាន​អង្គរ ជា​តំបន់​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទៅដោយ​មរតក​អរូបី​ជាច្រើន ហើយ​ត្រូវបាន​អ្នករស់នៅ​ក្នុង​តំបន់​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ពិធីបុណ្យ​ឡើង​មាឃ​ឬ​បុណ្យ​ឡើងអ្នកតា ក៏​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ក្នុងចំណោម​បេតិកភណ្ឌ​អរូបី​ជាច្រើន​បាន​ប្រតិបត្តិ​ដោយ​អ្នករស់នៅ​តំបន់​អង្គរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close