ក្រោយ​រុស្ស៊ី ទទួលស្គាល់​ឯករាជ្យភាព​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន អង្គការសហប្រជាជាតិ​កោះប្រជុំ​បន្ទាន់

នៅ​ទីបំផុត​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ (UNSC) បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​អង្គារ​នេះ ជុំវិញ​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​ប្រទេស​រុស្ស៊ី​បានប្រកាស​ទទួលស្គាល់ តំបន់​ផ្តាច់ខ្លួន​ចំនួន ២ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន គឺ ដូ​ណេ​តក៍ (Donetsk) និង លូ​ហា​ន់ក៍ (Luhansk) ជា​រដ្ឋ​ឯករាជ្យ ព្រមទាំង​បាន​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី ចូលទៅ​បំពេញ​ប្រតិបត្តិ​ការរក្សា​សន្តិភាព នៅក្នុង​តំបន់​ទាំងនោះ​ផងដែរ​។​

​កិច្ចប្រជុំ​ខាងលើនេះ​ត្រូវបាន​ស្នើសុំ ដោយ​ភាគី​អ៊ុយ​ក្រែ​ន​ផ្ទាល់​តែម្តង និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ក្រោយពី​ទីក្រុង​ម៉ូស្គូ​បានប្រកាស​ទទួលស្គាល់ តំបន់ Luhansk ជា «​សាធារណរដ្ឋ​ប្រជាជន​លូ​ហា​នក៍​» និង​តំបន់ Donetsk ជា «​សាធារណរដ្ឋ​ប្រជាជន​ដូ​ណេ​តក៍​» ហើយ​ចាប់​ពីថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (​ម៉ោង​នៅ​ទីក្រុង​ម៉ូស្គូ​) តំបន់​ទាំងពីរ​នេះ​នឹង​ត្រូវបាន​រុស្ស៊ី​ចាត់ទុកថា ជា​រដ្ឋ​ឯករាជ្យ ដោយ​មិន​ចំណុះ​ឲ្យ​អ៊ុយ​ក្រែ​ន​ទៀត​នោះឡើយ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ខាងលើ​នេះដែរ ប្រទេស​ចិន​ដែលជា​សមាជិក​អចិន្ត្រៃយ៍ ១ ក្នុងចំណោម ៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ UN ឬ​ដែល​គេ​ស្គាល់ P5 នោះ បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ បើក​កិច្ចសន្ទនា​បន្ត​ទៅមុខទៀត ជុំវិញ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​។ លោក ចាង ជុន (Zhang Jun) តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​ចិន​ប្រចាំ​នៅ UN បានលើកឡើង នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​នា​ថ្ងៃ​អង្គារ​នេះ​ថា «​ចិន​ជំរុញ​ឲ្យ​គ្រប់ភាគី​ទាំងអស់ រក្សា​ការអត់ធ្មត់ និង​ចៀសវាង​ធ្វើ​សកម្មភាព​ទាំងឡាយណា ដែល​អាច​បង្កើន​នូវ​ភាព​តានតឹង​»​។​

​គួរ​បញ្ជាក់ថា នៅមុន​កិច្ចប្រជុំ​របស់ UNSC កើតឡើង​, ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​តំបន់​ផ្ដាច់ខ្លួន​ពីរ គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ខណៈ​ជប៉ុន​វិញ​បាន​សន្យាថា នឹងធ្វើ​កិច្ចសម្របសម្រួល​ជាមួយ​បណ្ដា​ប្រទេស G7 ក្នុងការ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ បន្ថែម​ពីនេះ​, នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន (Boris Johnson) បាន​ទូរស័ព្ទ​ដោយផ្ទាល់​ទៅកាន់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡិន​ស្គី (Volodymyr Zelenskiy)​ដើម្បី​ពិភាក្សាគ្នា​ក្នុង​ស្ថានការណ៍​បន្ទាន់​នេះ ហើយ​អង់គ្លេស​ក៏បាន​ប្តេជ្ញា​ដាក់ទណ្ឌកម្ម​រុស្ស៊ី និង​ផ្តល់ជំនួយ​បន្ថែម​ទៅ​អ៊ុយ​ក្រែ​ន​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close