រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អញ្ជើញ​បើកសម្ពោធ​ដាក់តាំង​ពិ​ព័រ​ណ៌​វិស័យ​សុខភាព​សត្វ​

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ដាក់តាំង​ពិ​ព័រ​ណ៌​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ខ្នាត​អន្តរជាតិ​លំដាប់​លេខ​១ នៅ​កម្ពុជា​ជា​ផ្លូវការ​នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​។ ការតាំង​ពិ​ព័រ​ណ៌​នេះ ត្រូវបាន​សហការ​រៀប​ចំ​និង​ឧបត្ថម្ភ​ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ក្រុមហ៊ុន AMB-Tarsus Events Group របស់​ម៉ាឡេស៊ី ហើយ​ក្នុង​ព្រឹត្តិការណ៍​នេះ​យើង​សង្កេតឃើញ​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​ឯកឧត្តម លោក ជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន តំណាង​ក្រុមហ៊ុន​ជាតិ​-​អន្តរជាតិ តំណាង​ជ័យលាភី​មកពី​ក្រុមហ៊ុន​ចិញ្ចឹមសត្វ ចំណី​សត្វ កែច្នៃ​សាច់សត្វ និង​អង្ករ សហគមន៍​កសិកម្ម ភ្ញៀវ​ទេសចរណ៍ ពាណិជ្ជករ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​តំណាង​កសិករ​ចិញ្ចឹមសត្វ​យ៉ាងច្រើន​កុះករ​។

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​សមាជិក សមាជិកា​ដែល​បាន​ឆ្លៀតឱកាស​ដ៏​មានតម្លៃ​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ព័រ​ណ៌​ដ៏​មាន​សារៈសំខាន់​ដែលមាន​រយៈពេល​០៣ នាពេលនេះ និង​ជាពិសេស​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​AMB-Tarsus Events Group ដែល​បាន​ផ្តួចផ្តើម​គំនិត​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ខ្នាត​អន្តរជាតិ​លេខ​១ ជា​លើក​ទី​៣​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃនេះ ដោយបាន​អញ្ជើញ​ក្រុមហ៊ុន​ជាតិ​-​អន្តរជាតិ​ពាក់ព័ន្ធ​មក​ចូលរួម​ក្នុង​ពិធី​នេះ​ពោរពេញ​ទៅដោយ​អត្ថន័យ​យ៉ាង​ធំធេង និង​ប្រកបដោយ​មោទនភាព ពិសេស​ការដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​មកពី​ប្រទេស​ម៉ាឡេស៊ី ចិន កូរ៉េ តួ​គី ឥណ្ឌា និង​ផលិតផល​ក្នុងស្រុក​ជាច្រើន​ប្រភេទ ហើយក៏​ជា​ឱកាស​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន​បរទេស​ឲ្យ​ចូលមក​ទស្សនា និង​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម ពិសេស​វិស័យ​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

មានប្រសាសន៍​ក្នុង​ពិធី​នេះ លោ​ករី​ឆាត យាវ អនុប្រធាន​ក្រុមហ៊ុន AMB-Tarsus Events Group ដែលជា​ក្រុមហ៊ុន​រៀបចំ​ពិ​ព័រ​ណ៌​នេះ បាន​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​អនេក​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ សហគមន៍​កសិកម្ម​និង​បងប្អូន​ប្រជាកសិករ ជាពិសេស​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ដែល​បាន​ចំណាយពេល​ដ៏​មា​នស​តម្លៃ​អញ្ជើញ​មកជា​អធិបតី​ក្នុង​ពិធី​នេះ​។ លោក​បានបញ្ជាក់​បន្ថែម​ថា​នេះ​ជា​ឱកាស​សម្រាប់​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ ក្នុង​ការធ្វើទំនាក់ទំនង ដកស្រង់​បទពិសោធន៍​លើ​ការងារ​បច្ចេកទេស និង​ឱកាស​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​គឺ​ការទាក់ទាញ​វិនិយោគិន​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​បណ្តាក់​ទុក​លើ​វិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ដែល​កំពុងមាន​សក្តានុពល​នៅលើ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស​។​

​ឆ្លៀត​យក​ឱកាស​ដ៏​មានតម្លៃ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ជូន​ដល់​អង្គការក្រៅរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ តំណាង​ក្រុមហ៊ុន​ជាតិ​ ​អន្តរជាតិ តំណាង​ជ័យលាភី​មកពី​ក្រុមហ៊ុន​ចិញ្ចឹមសត្វ ក្រុមហ៊ុន​ផលិត​ចំណី​សត្វ កែច្នៃ​សាច់សត្វ និង​អង្ករ ពាណិជ្ជករ ម្ចាស់​កសិដ្ឋាន ចិញ្ចឹមសត្វ និង​តំណាង​កសិករ​ចិញ្ចឹមសត្វ ដែល​សារ​ទាំងនោះ​មាន​ខ្លឹមសារ​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖


​ទី​១- ត្រូវ​រួមគ្នា​ជំរុញ​ការផលិត​ចំណី​សត្វ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន
​កាត់បន្ថយ​ថ្លៃដើម និង​ការ​នាំចូល​វត្ថុធាតុដើម​ទាំងនោះ​។ ទន្ទឹមនឹងនេះ ត្រូវ​លើក​កំពស់​សុខុមាលភាព​សត្វ ធានា​សុខភាព​សាធារណៈ តាមរយៈ​ការអនុវត្ត​ផលិតកម្ម​សត្វ​ល្អ (Good Animal Husbandry Practices, GAHP)​។ ដូច្នេះ ត្រូវ​សហការ​ជាមួយ​អង្គភាព ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​ស្ថាប័ន​ស្រាវជ្រាវ​ធ្វើការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​នូវ​ចំណី​សត្វ ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ ឬ​ផលិតផល​ផ្សេងៗ​ដើម្បី​ធានា​ប្រសិទ្ធភាព និង​កាត់បន្ថយ​ហា​នី​ភ័យ​ដល់​សុខភាព​សត្វ និង​មនុស្ស​ឲ្យ​បានជា​អប្បបរមា​។

​ទី​២- ថ្នាំ​ការពារ និង​ព្យាបាល​សត្វ ចំណី​សត្វ ចំណី​បន្ថែម សារធាតុ​ផ្សេងៗ​ដែល​ប្រើ​ក្នុងការ​ផ្សំ​ចំណី​សត្វ ត្រូវធ្វើ​ការចុះ​
​បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​តម្រូវ​ឲ្យ​មាន​ស្លាក​សញ្ញា​ជា​ភាសា​ខ្មែរ របៀប​ប្រើ ការថែរក្សា​ទុកដាក់ និង​អាយុកាល​ដើម្បី​ធានា​គុណភាព សុវត្ថិ​ភាពស្រប​តាមច្បាប់​ដែល​បានកំណត់​។ ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ សេចក្តីប្រកាស និង​សារា​ចរណ៍​ណែនាំ​ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រយោជន៍​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ក្រមសីលធម៌ មនសិការ​វិជ្ជាជីវៈ និង​តម្លាភាព​ខ្ពស់​ដើម្បី​ផលប្រយោជន៍​រួម ធានាបាន​នូវ​សុវត្ថិភាព និង​សុខភាព​សាធារណៈ សុខភាព​សត្វ អ្នកប្រើប្រាស់ និង​អ្នក​ចិញ្ចឹមសត្វ ពិសេស​ប្រជាកសិករ​ផ្ទា​ស់​។​
​ទី​៣- ចូលរួម​សហការ​ឲ្យ​បានល្អ​ជាមួយ​អង្គភាព​ជំនាញ​នានា​ក្នុងការ​សម្របសម្រួល​ពាណិជ្ជកម្ម​កសិកម្ម សត្វ និង​ផលិតផល​សត្វ​ឲ្យ​បានល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ដូចជា​ការនាំ​ចូល​និង​នាំចេញ​កសិផល​ក្នុងស្រុក​ទៅកាន់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។ ជំរុញ​លើកទឹកចិត្ត​ដល់​ការ​បង្កាត់​ពូជ​សត្វ​ដើម្បី​បង្កើន​សក្តានុពល ផលិតកម្ម​សត្វ និង​ការប្រកួតប្រជែង កាត់បន្ថយ​ការនាំ​ចូល ព្រមទាំង​ពង្រឹង​ភាពជា​ដៃគូ​រវាង​ផ្នែក​សាធារណៈ ឯកជន អ្នក​ចិញ្ចឹមសត្វ និង​បង្កើត​បរិយាកាស​វិនិយោគ​លើ​ឧស្សាហកម្ម​ចិញ្ចឹមសត្វ ការកែច្នៃ​ម្ហូបអាហារ និង​ផលិតផល​សត្វ​ឲ្យ​បានល្អ​ប្រសើរ​។

​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​ការជឿទុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រសួង​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតល្មួត ជាមួយ​វិស័យ​ឯកជន​ក្នុង​ការធានា​ពង្រឹង​ភាពជា​ដៃគូ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិ វឌ្ឍន៍​និង​សហគមន៍​”​ដើម្បី​បង្កើន​នូវ​បរិយាកាស​អំណោយផល​ស​ម្រា​ប់​ការវិនិយោគទុន​លើ​វិស័យ​ផលិតកម្ម​សត្វ​នៅក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​នាពេល​អនាគត​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា​ការតាំងពិព័រណ៍​ក្នុង​រយៈពេល​បី​ថ្ងៃនេះ នឹង​ទទួលបាន នូវ​ផ្លែផ្កា តាមរយៈ​ការចែករំលែក​ព័ត៌មាន បទពិសោធន៍​ល្អៗ នឹងមាន​ការវិនិយោគ​បន្ថែមទៀត​លើ​វិស័យនេះ​នាពេល​អនាគត​។​      

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close