ស្ត្រីជាង ៦០% ដែលជា​ម្ចាស់​អាជីវកម្ម និង​អ្នកធ្វើ​ជំនួញ ជា​អត្រា​ខ្ពស់​មួយ សម្រាប់​កម្ពុជា​

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជាក់ថា បច្ចុប្បន្ន​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​(SME) បានក្លាយ​ជា​ជ​ន្ទ​ល់ និង​ប្រភព​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង និង​ការបង្កើត​ការងារ​។ នៅ​ក្នុងនោះ​សម្រាប់​ស្ត្រី​មាន​ប្រមាណ​៦១ % ដែលជា​ម្ចាស់​អាជីវកម្ម​និង​អ្នកធ្វើ​ជំនួញ ដែលជា​អត្រា​ខ្ពស់​មួយ​សម្រាប់​កម្ពុជា​របស់​យើង​។

​ចំណុច​សក្តានុពល​ក្នុងការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ការអភិវឌ្ឍ​វិស័យ​ធុរកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព គឺ​ការគិតគូរ និង​ធានាថា នៅក្នុង​មធ្យោបាយ និង​វិធាន​ការគាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នានា ប្រាកដថា​សហគ្រិន និង​អាជីវករ​ជា​ស្ត្រី មានឱកាស​មិន​ត្រឹមតែ​អាច​ស្តារ​អាជីវកម្ម​របស់ខ្លួន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​អភិវឌ្ឍភាព​ធន់​របស់​ខ្លួន​ឈានទៅ​យុគសម័យ​ឌីជីថល និង​ឆ្លើយតប​និង​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ ។​

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​អះអាង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ជានា​រី របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១១១ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “ សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត ” រៀបចំ​ធ្វើឡើង​តាម​ប្រព័ន្ធ​វី​ឌី​អូ​ខន​ហ្វឺ​រិ​ន (ZOOM) នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និង​មន្ត្រីរាជការ​ជានា​រី​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រសួង​កិច្ចការនារី​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ចាត់ទុក វត្តមាន​ចូលរួម​ទាំងអស់នេះ ជាការ​បញ្ជាក់​ឱ្យឃើញ​ពី​ស្មារតី​នៃ​ការទទួលខុសត្រូវ​រួមគ្នា ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ការ​ប្រែក្លាយ​ស្មារតី​នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា ឱ្យ​ក្លាយជា​សកម្ម​ភាពជា​ក់​ស្តែង សម្រាប់​ការលើកកម្ពស់​សមធម៌​យេនឌ័រ​នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​បើតាម ឯកឧត្តម​រដ្ឋមន្ត្រី ការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់ អវិជ្ជមាន​លើ​ស្ត្រី​ច្រើនជាង​បុរស ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គម ជាពិសេស​ស្ត្រី​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ស្ត្រី​ភាគច្រើន​មានការ​ងារ​នៅក្នុង​វិស័យ​សេវាកម្ម និង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ។

​ក្នុង​បរិ​ការ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ នានា​ដែល​បាន​ឆ្លើយតប និង​ផ្តល់នូវ​អត្ថប្រយោជន៍ ដោយផ្ទាល់​ដល់​ស្ត្រី​និង​ក្រុម​ជន​ងាយ​រងគ្រោះ ពិសេស តាមរយៈ​គោលនយោបាយ​គាំពារ​សង្គម ការដាក់ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម ការបង្កើន​មូលធន ថវិកា “ សាច់ប្រាក់​ពលកម្ម ” ដើម្បី​ជួយ​កម្មករនិយោជិត​ដែល​បាន​ព្យួរការងារ កម្មវិធី​ជំនួយ​សង្គម ពិសេស​ជួយ​ស្តារ​លទ្ធភាព និង​លើកកម្ពស់​អាជីវ​កម្មស​ហ​គ្រាស​ធុន​តូច និង​មធ្យម​ជាដើម​។
​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ បាន​ក្លាយជា​ឱកាស​មួយ​សម្រាប់​ការ​ផ្តោតលើ​ការអនុវត្ត​នូវ​កម្មវិធី​គាំពារ​សង្គម​ទាំងឡាយ ដែលជា​ទ្រនាប់​សំណាញ់​សុវត្ថិភាព និង​ដើម្បី​កសាង​មូលដ្ឋាន​សង្គម​-​សេដ្ឋកិច្ច​មួយ​ដែល​រឹងមាំ នាពេល​អនាគត​។ ក្នុងន័យនេះ​យើង​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​ប្រព័ន្ធ និង​វិធានការ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​ពង្រីក​វិសាលភាព​ដល់​ក្រុម​ប្រជាជន​ផ្សេងៗ​ទៀត ទាំង​វិស័យសេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ និង​ការគិតគូរ​ជាសំខាន់ លើ​ការសម្រេចបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល សំដៅ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​ដោយ​សមធម៌​។

​សូមបញ្ជាក់ថា យុទ្ធនាការ​ទិវា​អន្តរជាតិ​នារី​៨​មីនា គឺជា​ព្រឹ​ត្ត​ការណ៍​ជាស​កល ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ បានប្រកាស​ជា​ទិវា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ស្ត្រី​និង​សន្តិភាព​ពិភពលោក នា​ឆ្នាំ​១៩៧៧​។ ជា​រៀងរាល់ឆ្នាំ ប្រទេស​កម្ពុជា​បានរៀបចំ​យុទ្ធនាការ​ទិវា​អន្តរជាតិ​៨​មិនា ដើម្បី​រំលឹក​ពី​ការតស៊ូ​ទាមទារ​សិទ្ធិ សេរីភាព និង​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម ការប្តេជ្ញាចិត្ត និង​វិធានការ​ជា​វិជ្ជមាន​នានា​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី​គ្រប់រូប​។​

​ដោយឡែក​សម្រាប់​ឆ្នាំនេះ ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា គឺ​ប្រារព្ធ​ឡើង​ក្នុង​គោល បំណង​បញ្ជាក់​អំពី​តម្លៃ​នៃ​ការទទួលបាន​នូវ​សមភាព​រវាង​ស្ត្រី និង​បុរស​សម្រាប់​ការអភិវឌ្ឍន៍​គ្រប់​វិស័យ និង​ជម្រុញ​ឲ្យ​គ្រប់​ដៃគូ​ពាក់ព័ន្ធ​បន្ត​អនុវត្ត​វិធានការ​ផ្នែក​គោលនយោបាយ កម្មវិធី និង​សកម្មភាព​ជាក់លាក់​នានា ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី នៅក្នុង​របៀបវារៈ​ស្តារ​សេដ្ឋកិច្ច សង្គម​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ការរស់នៅ​តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី ក៏ដូចជា​ការកសាង​ភាពរឹងមាំ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close