អង្គការ​យូណេស្កូ និង​រាជរដ្ឋាភិបាល​កម្ពុជា រួមគ្នា​លើកកម្ពស់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​កោះ​កេរ​

​ក្នុងឱកាស​ទិវា​វប្បធម៌​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២ នេះ អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អង្គការ​យូណេស្កូ បានរួម​គ្នា​ផលិត​វីដេអូ​ខ្លី​មួយ ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​រមណីយដ្ឋាន​បុរាណវិទ្យា​កោះ​កេរ និង​ទេសភាព​ដ៏​ស្រស់ស្អាត​បំផុត​មួយចំនួន រូបចម្លាក់ ស្រះ​បុរាណ ដែល​ហៅថា រហាល និង​ប្រាសាទ​នានា ដូចជា​ប្រាសាទ​ស្រុត និង​ប្រាសាទ​ប្រាង្គ នៃ​ប្រាសាទធំ​។​

​កោះ​កេរ ដែលជា​រមណីយដ្ឋាន​បុរាណវិទ្យា លិង្គ​បុ​រ ឬ​ឆោ​ក​គគីរ គឺជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ដ៏​សំខាន់បំផុត​មួយ​របស់​ប្រទេស​កម្ពុជា ដែលមាន​ទួល​បុរាណ​ចំនួន ១៦៩ និង​ប្រាសាទ​ចំនួន ៧៦ ហើយ នៅ តែ​បន្ត​ជាទី​សក្ការៈបូជា​របស់​ស​ហគ​មន៍​មូលដ្ឋាន​។ ខ្សែ​វីដេអូ​នេះ​ក៏​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​មូលដ្ឋាន​ដើម្បី​ការពារ និង​រក្សា​តម្លៃ​នៃ​រមណីយដ្ឋាន​នេះ​។​

​អង្គការ​យូណេស្កូ​បាន​នឹង​កំពុងធ្វើការ​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​សង្គម​ស៊ីវិល ដើម្បី​លើកស្ទួយ​ដល់​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី អរូបី និង​ក្រោម​ទឹក និង​ឧស្សាហកម្ម​ច្នៃប្រឌិត សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។
​ជា​ទឹកដី​ដែល​សម្បូរ​ទៅដោយ​បេតិកភណ្ឌ​វប្បធម៌​ចម្រុះ និង​វិស័យ​ច្នៃប្រឌិត​ប្រកបដោយ​ថាមពល ហើយ​ប្រទេស​កម្ពុ​ជាមាន​បេតិកភណ្ឌ​ពិភពលោក​ចំនួន​បី (​តំបន់​អង្គរ ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក​) និង​បេតិកភណ្ឌ​វប្បធម៌​អរូបី​ចំនួន​ប្រាំ (​របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ល្បែង​ទាញព្រ័ត្រ ចាប៉ីដងវែង និង ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​) ដែល​បាន​ចុះ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​រួចហើយ​។ នៅ​ឆ្នាំ ២០២១ កម្ពុជា​បានដាក់​ឯកសារ​បេក្ខភាព​តំបន់​កោះ​កេរ ដើម្បី​សុំ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​នឹងត្រូវ​វាយតម្លៃ​ដោយ​គណៈ ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែមិថុនា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close