លោកជំទាវ ម៉ែន សំអន ផ្តល់ជូន​អនុសាសន៍ ៧​ចំណុច ចូលរួម​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ ឱ្យបាន​គង់វង្ស​ជានិច្ច​និរន្តរ៍

​ភ្នំពេញ​៖ ក្នុងឱកាស​ដែល​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​អញ្ជើញ​ជា​អធិបតី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ លើក​ទី​២៤ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២ នា​សាលសន្និសីទ​ចតុម្មុខ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​ការងារ​វប្បធម៌​ដែលជា​ដួងព្រលឹង ជា​អត្តសញ្ញាណ ជា​កិត្យានុភាព និង​ជា​មោទនភាព​របស់​ជាតិ​។

​ដើម្បី​រួមចំណែក​ការពារ​និង​ថែរក្សា​មរតក​វប្បធម៌​ជាតិ​អោយបាន​គង់វង្ស ស្ថិតស្ថេរ ជា​ចីរកាល​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្តល់នូវ​អនុសាសន៍​ចំនួន​៧​ចំណុច​មាន​ដូចតទៅ​៖
​ទី​១.​ពាក់ព័ន្ធ​នឹង​ធនធាន​សម្រាប់​បំពេញការងារ ពិសេស​ថវិការដ្ឋ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ត្រូវ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ភាព​សន្សំសំចៃ​ខ្ពស់ ដោយ​ក្នុងនោះ​ត្រូវ​ពង្រឹង​ការអនុវត្ត​ចំណាយ​តែ​លើ​ការងារ​ណា​ដែល​ចាំបាច់​។
​ទី​២. ការអភិរក្ស​និង​ការអភិវឌ្ឍ​វប្បធម៌​ជាតិ អាច​ប្រកបដោយ​ចីរភាព​ទៅបាន​គឺ​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប ពិសេស​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដែលមាន​មរតក​វប្បធម៌​ស្ថិតនៅ​។


​ទី​៣.​ស្រប​ពេលដែល​កម្ពុជា​បាន​ចូល​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ​និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩ នីតិបុគ្គល និង​រូបវ័ន្ត​បុគ្គល​ទាំងអស់ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូលចិត្ត​បង្កើត​មាតិកា នៅលើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ដើម្បី​ទទួលបាន​ការគាំទ្រ ឬ​ដើម្បី​គោលដៅ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផ្សេងៗ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការយក​ស្នាដៃ​របស់​អ្នកដទៃ ឬ​របស់​ជាតិ​ដទៃ​មក​ប្រែ​សម្រួល កែច្នៃ​ឬ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​សិទ្ធិ ឬ​ម្ចាស់​ប្រទេស​។​
​ទី​៤. ត្រូវ​បន្ត​កែលម្អ​កម្មវិធីសិក្សា របៀប​បង្រៀន និង​រៀន ពិសេស​ចំពោះ​មុខវិជ្ជា​ដែល​ប្រឈម​នឹង​ការបាត់បង់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាលា​មធ្យម​វិចិត្រសិល្បៈ និង​សាលា​វិចិត្រសិល្បៈ​ភូមិភាគ​សៀមរាប ដើម្បី​បង្កើន​គុណភាព និង​បរិមាណ​មូលធន​មនុស្ស​នៅក្នុង​វិស័យ​សិល្បៈ​វប្បធម៌​។
​ទី​៥. ត្រូវ​សិក្សា​អំពី​កាលានុវត្តភាព​ថ្មីៗ ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​វប្បធម៌​កម្ពុជា ដូចជា ឥរិយាបថ​របស់​ប្រជាជន​ខ្មែរលើ​ការថត Pre-Wedding នៅតាម​បុរាណ​ដ្ឋា​ន​វប្បធម៌ ពិសេស​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ដោយ​ជំរុញ និង​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​និង​ការរៀបចំ​ស្លៀកពាក់ និង​រៀបចំ​អាកប្បកិរិយា​ឱ្យបាន​សមរម្យ និង​ត្រឹមត្រូវ​តាម​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​។​
​ទី​៦. ខ្ញុំ​សូម​អំពាវនាវ​ដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា និង​សប្បុរសជន​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​ទាំងអស់ សូម​ចូលរួម​ឱ្យបាន​កាន់តែ​សកម្ម​ឡើង​ថែមទៀត តាមរយៈ​ការបរិច្ចាគ​ធនធាន​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជួយ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ សំណង់​បុរាណ ក៏ដូចជា​គម្រោង​វប្បធម៌​ផ្សេងៗ​ដទៃទៀត​។​
​ទី​៧. ស្រប​ពេលដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រង់ បាននិងកំពុង​រីក​រា​ល​ដាល​នៅក្នុង សហគមន៍​យើង​ជាថ្មី​ម្ដងទៀត ខ្ញុំ​ស្នើ​តួអង្គ​ក្នុង​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល ៣​កុំ និង ៣​ការពារ និង​អនុវត្ត ស្ដង់ដារ​ប្រតិបត្តិ​(SOP) ដែល​បាន​ដាក់ចេញ ឱ្យបាន​ដិតដល់ ទោះបី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ទទួលបាន​ជោគជ័យ គ្របដណ្តប់​ទូទាំងប្រទេស​ក៏ដោយ​។ យើង​មិន​ត្រូវមាន​ការធ្វេសប្រហែស​ជាដាច់ខាត ចំពោះ​បញ្ហា​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close