មន្ត្រី​ជំនាញ ប្រទះឃើញ​ហ្វូង​សត្វ​ដំរី​អាស៊ី​ដ៏​កម្រ​ចំនួន ៨​ក្បាល ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី​

​ដំរី​មួយ​ហ្វូង​មាន​ចំនួន ៨​ក្បាល ឈ្មោល​១​ក្បាល ញី​៤​ក្បាល កូន​ជំទង់​១​ក្បាល និង​កូនតូច​២​ក្បាល​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​អ្នកស្រាវជ្រាវ​របស់​អង្គការ WWF បាន​ប្រទះឃើញ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី​កាល​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ នេះ អំឡុង​ពួកគេ​ដើរល្បាត និង​ចុះ​សិក្សា​ស្រាវជ្រាវ​ជីវៈចម្រុះ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

​អម​ជាមួយនឹង​ក្តីរំភើប​រីករាយ​ឥតឧបមា ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី និង​អង្គការ​WWF បានផ្តល់​របាយការណ៍​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ នេះ ដោយ​បញ្ជាក់ថា​ពួកគេ​បាន​ប្រទះឃើញ​ហ្វូង​សត្វ​ដំរី​អាស៊ី​សរុប​ចំនួន ០៨ ក្បាល (Asian elephant ) Elephas maximus ខណៈពេលដែល​ពួកគេ​បាន​ចុះ​
​តាមដាន និង​កត់ត្រា​ទិន្នន័យ​បន្ទាត់​ត្រង់​សិ​ក​។​ការសិក្សា​ស្រាវជ្រាវ​នេះ នៅក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​តំបន់​ស្រែ​ពក​។ សកម្មភាព​តាមដាន សិក្សា​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្រាវជ្រាវ​អំពី​សត្វ​ដំរី​អាស៊ី​នៃ​គម្រោង​កាំ​ប៉ាស​(CAMPAS) ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន ហើយ​មាន​ការរួម​ថវិការ​បន្ថែម​ពី អង្គការ​WWF ។​

​ស្ថិតក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​លំបាក ហើយ​ផ្គួប​ជាមួយនឹង​ភាព​អត់ធ្មត់​ខ្ពស់ គំហើញ​នៃ​សត្វ​ដ៏​កម្រ​មួយ​ប្រភេទ​នេះ ត្រូវបាន​កត់ត្រា​ទុក​នៅ​ទីតាំង​ស្រាវជ្រាវ​មួយ​ដែល​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​ប្រមូល​លាមក និង​ដានជើង​របស់​វា​កាលពី​អំឡុង​រដូវប្រាំង​ឆ្នាំមុន​។ ហ្វូង​សត្វ​ដំរី​ទាំងនេះ បច្ចុប្បន្នកំពុង​រស់នៅ​ដោយ​សុវត្ថិភាព​នៅក្នុង ទីជម្រក ធម្មជាតិ​របស់​ពួកវា ក្រោម​ការការពារ​យ៉ាង​តឹងរ៉ឹង​ដោយ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៃ​ខេត្តមណ្ឌលគិរី​។​

​ដំរី​អាស៊ី​ជា​ប្រភេទ​ជិត​ផុត​ពូជ និង​បាន​ចុះបញ្ជី​ក្រហម IUCN (EN) ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ។​ដំរី​នៅ​អាស៊ី​ត្រូវបាន​គេ​ចាត់ថ្នាក់​នៅក្នុង​បញ្ជី​ឧបសម្ព័ន្ធ​I​នៃ អនុសញ្ញា​សាយ​តេស ។​

​ភិនភាគ​៖ ដំរី​ជា​ប្រភេទ​សត្វចតុបាទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត​។ វា​មាន​ប្រមោយ​វែង​មាន​ស្បែ​កក​ក្រាស់​ពណ៌​ប្រផេះ និង​មាន​រោម​រឹងៗ ស្លឹកត្រចៀក​មាន​រាង​ដូច​ផ្លិត​តែ​ស្តើង ដំរី​មាន​ក្រចក​ម្រាមជើង​១៨ គឺ​នៅ​ជើង​មុខ​នីមួយៗ​មាន​ក្រចក​ម្រាមជើង​៥ ឯ​ក្រចកជើង​ក្រោយ​នីមួយៗ​មាន​ម្រាម​៤ តែ​ក៏មាន​ដំរី​ខ្លះ​មាន​ក្រចក​ម្រាមជើង​ដល់​ទៅ​២០​ដែរ​។ ដំរី​ញី​មាន​ភ្លុក “​ចែ​” ដែរ តែ​វា​មិន​បញ្ចេញ​ឲ្យ​ឃើញច្បាស់​ដូច​ដំរី​ឈ្មោល​ពេញវ័យ​ទេ​។ ភ្លុក​ដំរី​ធំ ឈ្មោល​មួយចំនួន​មាន​ប្រវែង​រហូតដល់​ទៅ​១​ម៉ែត្រ​។ ដំរី​នៅ​តំបន់​អាស៊ី​ខុសពី​ដំរី​នៅ​តំបន់​អាហ្វ្រិក​ដោយសារ​មាឌ​និង​ស្លឹកត្រចៀក​មាន​ទំហំ​តូច​ជាង​។​ដំរី​អាស៊ី​មាន​ខ្នង​ស្ទើរ​រាបស្មើ ឯ​ដំរី​អាហ្វ្រិក​មាន​ខ្នង​កោង​ជា​ទួល​ខ្ពស់​ឡើងលើ ។​

​ជីវសាស្ត្រ​៖ ដំរី​ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​ឬ​ស្សី ព្រៃ​ជាំ​ទឹក តាម​ដងអូរ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង​។ វា​ស៊ី​សំបកឈើ ស្លឹកឈើ មើម​ឈើ ឬ​ស​ឈើ​ខ្ចីៗ ទំពាំង​ឬ​ស្សី ផ្តៅ និង​វ​ល្លិ៍​ជាដើម​។ ចំពោះ​ការចិញ្ចឹម​ក្នុង​សួនសត្វ ដំរី​អាច​ស៊ី​ផ្លែឈើ អំពៅ ចេក​។​ល​។ វា​ផឹកទឹក​រហូតដល់ ២០០​លីត្រ ក្នុង​មួយថ្ងៃ (​នៅ​កន្លែង​សំបូរ​ទឹក​)​។ ដំរី​ច្រើន​ផ្តល់កំណើត​កូន​ក្នុង​ខែ​កក្ត​ដា​-​សីហា កូន​ម្តង​បាន​១​ក្បាល ឬ​ភ្លោះ​ក៏មានដែរ ប៉ុន្តែ​កម្រ​ណាស់​បន្ទាប់ពី​ពពោះ​រយៈពេល​២១​ខែ (​យូរ​បំផុត​២៥​ខែ​)​។ ដំរី​មេ​អាចបង្កើត​កូន​បាន ៤ ឬ​៥​ដង ហើយ​អាច​មានកូន​រហូតដល់​៥០-៧០​ឆ្នាំ​។ គេ​អាច​សម្គាល់​ដំរី​ឈ្មោល​ចុះប្រេង​នៅពេលដែល​គេ​ឃើញ​មាន​សារធាតុ​រាវ​ម្យ៉ាង​ហូរ​ចេញពី​រន្ធ​មួយ​នៅ​ចន្លោះ​ត្រចៀក និង​ភ្នែក ដែលជា​ទូទៅ​នៅ​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ​។

​រប៉ាយ​រស់នៅ​៖ ដំរី​មាន​តិចតួច​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​តំបន់​មួយចំនួន​ដូចជា​ភូមិភាគ​ឦសាន និរតី និង​ភូមិភាគ​ខាងជើង​។ ដំរី​មាន​រប៉ាយ​នៅ​ប្រទេស​ឥណ្ឌា រហូតដល់​អាស៊ី​អា​គ្នេ​ហ៍ កោះ​ស៊ូ​ម៉ា​ត្រា និង​នៅ​ភាគ​ខាងជើង​នៃ​កោះ​បរ​ណេ​អូ​។ ចំនួន​សត្វ​ដំរី​បាន​ថយចុះ​ដោយសារ​ការ​ប្រមាញ់​យក​ភ្លុក និង​ការបាត់បង់​ទីជម្រក​។

​សូម​អរគុណ​ដល់​ម​ន្រី្ត ឧ​ទ្យា​នុ​រក្ស​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស ធន​ធម្មជាតិ និង​ក្រុម​សិក្សា​ស្រាវជ្រាវ​ជីវ​:​ចម្រុះ ដែល​ការពារ​ថែរក្សា​ធនធានធម្មជាតិ​ជាពិសេស​សត្វព្រៃ ដែល​កម្រ​និង​ជិត​ផុត​ពូជ អោយនៅ​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close