អាជ្ញាធរ​ជាតិ​អប្សរា​បញ្ចប់​ការធ្វើ​កំណាយ​ស្រាវជ្រាវ​ទួល​ឡ TDCK7a ក្រុម​ឡ​ទ្វារ​ដី​ឆ្នាំង​នៃ​អង្គរធំ​

​ក្រុម​បុរាណវិទ្យា​នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​ការសិក្សា និង​បញ្ចប់​ការធ្វើ​កំណាយ​ស្រាវជ្រាវ​ឡ​ដុត​ភាជន៍​ប្រើប្រាស់​ប្រចាំថ្ងៃ នៃ​សហគមន៍​ស្មូន​បុរាណ​នៅ​ឡ​ទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរធំ​។​

​លោក ទិន ទីណា អនុប្រធាន​ទទួលបន្ទុក​រួម​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា កាលពី​ចុងឆ្នាំ​២០១៩​កន្លងទៅ ក្រុមការងារ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​បានធ្វើ​កំណាយ​នៅ​ទួល​ត្រពាំង​បុស្ស ក្នុង​គោលបំណង​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ទួល​នេះ​ជា​ឡ​ដុត​ភាជន៍​សម័យបុរាណ​ឬ​យ៉ាងណា​? តាមរយៈ​លទ្ធផល​កំណា​យ ក្រុមការងារ​បាន​រក​ឃើញ​រចនា​សម្ពន្ធ​ឡ​ដុត​ភាជន៍​ក្នុង​សីតុណ្ហភាព​ទាប ដូចជា ឆ្នាំង ក្អម ក្រឡ និង​ក្បឿង​។​ល​។

​លោក​បាន​បន្តទៀតថា យោង​លើ​លទ្ធផល​ស្រាវជ្រាវ ដែលជា​មូលដ្ឋាន​ទិន្នន័យ​មួយ​យ៉ាងសំខាន់​ដែល​អាច​បញ្ជាក់បាន​ថា នៅលើ​ទំនប់​ស្ថិតនៅ​ជ្រុង​ភាគ​ពាយព្យ​ខ្លោងទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរធំ មាន​ឡ​ដុត​ភាជន៍​សម័យបុរាណ​ពិតប្រាកដ​មែន ដូច្នេះហើយ​ទើប​ក្រុមការងារ​មជ្ឈមណ្ឌល​អ​ន្ត​រ​ជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ បាន​បន្ត​ស្រង់​ទិន្នន័យ​បណ្តុំ​ឡ​ដុត​ភាជន៍ និង​បោះបង្គោល​ប្រថពី​វិភាគ​នៃ​និយាម​ភូមិសាស្ត្រ (G.P.S) នៅ​ទីតាំង​ទ្ប​ទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរធំ​ដើម្បី​កំណត់​ពី​វិសាលភាព​ស្ថានីយ កំណត់​ចំនួន​ទួល​ទ្ប និង​បែងចែក​ក្រុម​ទួល​ឡ​។​ល​។ ជា​លទ្ធផល​យើង​អាច​កំណត់​បាន​ថា បណ្តុំ​ទួល​ឡ​ដុត​ភាជន៍​នៅ​ក្រុម​ឡ​ទ្វារ​ដី​ឆ្នាំង​នៃ​អង្គរធំ មាន​ទួល​ឡ​សរុប​ចំនួន​២៤ និង​ចែកចេញជា​១១​ក្រុម​។​

​លោក​បន្តថា តាំងពីដើម​ខែកុម្ភៈ ឆ្នាំ​២០២២​មក ក្រុមការងារ​បាន​ជ្រើស​យក​ទួល​មាន​លេខ​សម្គាល់ TDCK7a ក្នុង​ក្រុមទី​៧ ដើម្បី​ធ្វើ​កំណាយ​ស្រាវជ្រាវ​។ គោល​គំនិត​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​ទួល​ឡ​នេះ គឺ​ដើម្បី​សិក្សា​បន្ថែម​ពី​រចនាសម្ព័ន្ធ​ឡ​ផ្សេងៗ​ទៀត នៅក្នុង​បរិវេណ​ឡ​ទ្វារ​ដី​ឆ្នាំង ថា​តើ​មាន​ទម្រង់​ដូច​ឡ TDCK1 (​ទួល​ត្រពាំង​បុស្ស​) ដែរឬទេ និង​ដើម្បី​ស្វែងយល់​ពី​ការ​ប្រា​ស័​យ​ទាក់ទង​គ្នា​របស់​ក្រុម​ស្មូន​នៅ​ទ្ប​ទ្វារ​ដី​ឆ្នាំង​។

​លោក​បន្តថា រហូតមកដល់​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២២​នេះ ជា​លទ្ធផល​នៃ​កំណាយ​ស្រាវជ្រាវ បាន​រកឃើញ​សំណល់​រចនា​សម្ពន្ធ​ឡ​ដុត​ភាជន៍ ដែលមាន​រចនា​សម្ពន្ធ​ដូចគ្នា​ទៅ​និង​ឡ TDCK1 ប៉ុន្តែ​មាន​លក្ខណៈ​ខុសប្លែក​ត្រង់​ថា នៅលើ​នៅ​ទួល TDCK1 មាន​ឡ​តែមួយ ចំណែក​ឡ​នៅលើ​ទួល TDCK7a រកឃើញ​មាន​ឡ​ចំនួន​៤ មាន​ចរន្ត​ភ្លើង​រត់​ពីក្រោម​ឡើង​ទៅលើ​ដូច​ចង្ក្រាន ហើយ​យោងតាម​លទ្ធផល​ស្រាវ​បញ្ជាក់ថា ឡ​ទាំងនោះ​ចំនួន​២​ឬ​៣​អាច​ដុត​ដំណាលគ្នា​ក្នុងពេល​តែមួយ​។​

​លោក ឆាយ រចនា ប្រធានការិយាល័យ​សិក្សា​កុលាលភាជន៍​អង្គរ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ​បានឱ្យដឹងថា ក្នុងចំណោម ឡ​ដុត​កុលាលភាជន៍​ទាំង​៤ នៅ​ទួល TDCK7a នេះ មិនមែន​មាន​ទំហំ​ធំ​ទាំងអស់​ទេ ដោយ​ឡ​ខ្លះ មាន​អង្កត់ផ្ចិត​កម្ពស់​ត្រឹមតែ​១​ម៉ែត្រ​កន្លះ និង​ខ្លះទៀត​មាន​ទំហំ​ដូចគ្នា​និង​ឡ​នៅ​ទួល TDCK1 មាន​ប្រវែង​មុខកាត់​២​ម៉ែត្រ​២​តឹក និង​បណ្ដោយ​៣​ម៉ែត្រ​។ ដែល​អាចសន្និដ្ឋាន​បាន​ថា ជា​រចនាសម្ព័ន្ធ​ឡ​បុរាណ​មួយ ដែល​ចាប់ផ្តើម​ផលិត​កុលាលភាជន៍​នៅ​ចុង​សតវត្សរ៍​ទី​១៣ និង​បញ្ចប់​នៅ​ដើម​សតវត្សរ៍​ទី​១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close