សម្ដេច​ក្រឡាហោម ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ .​អ .​ប បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ (២០២១-២០៣០)​។​

​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​ដើម្បី​បង្ហាញ​អំពី​សមិទ្ធផល​និង​បញ្ហា​ប្រឈម​នៃ​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការអនុវត្ត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​១ (២០១០ -២០២០) ព្រមទាំង​ផ្សព្វផ្សាយ​អំពី​ចក្ខុវិស័យ គោលបំណង គោលដៅ សមិទ្ធផល​រំពឹងទុក និង​បេសកកម្ម​នៃ​កម្មវិធី​ជាតិ ដំណាក់កាល​ទី​២ (២០២១-២០៣០)​។​

​ក្នុងឱកាស​នេះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​រំលឹក​ឡើងវិញ​អំពី​មូលហេតុ​សំខាន់ៗ និង​កិច្ចដំណើរការ​នៃ​ការអនុវត្ត​កំណែទម្រង់​វិ​ជ្ឈការ និង​វិសហមជ្ឈការ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ជាទូទៅ វិមជ្ឈការ និង វិសហមជ្ឈការ​ត្រូវបាន​គេ​ចាត់ទុកថា​គឺជា​យុទ្ធសាស្ត្រ ឬ​ជា​គោលនយោបាយ​សាធារណៈ​មួយ​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​លើកកម្ពស់​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ក្នុងការ​គ្រប់គ្រង ការផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​ទៅនឹង​សំណើ សំណូមពរ និង​តម្រូវ​ការចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​។ វិមជ្ឈការ និង​វិសហមជ្ឈការ​ត្រូវបាន​យកទៅអនុវត្ត​នៅក្នុង​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​រដ្ឋបាល​មូលដ្ឋាន​នៅតាម​បណ្តោយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក មិន​ថា​ប្រទេស​នោះ​ជា​ប្រទេស​តូច ឬ​ប្រទេស​ធំ ជា​រដ្ឋ​ទោល ឬ​ជា​រដ្ឋ​សហព័ន្ធ ឬ​ជា​ប្រទេស​ដែល​កាន់​របប​នយោបាយ​បែបណា​នោះឡើយ ហើយ​ប្រទេស​នីមួយៗ​អនុវត្ត​វិមជ្ឈការ និង​វិសហមជ្ឈការ​ដោយមាន​មូលដ្ឋាន​ផ្សេងៗ​គ្នា និង​ផ្អែក​ទៅតាម​កត្តានយោបាយ ភូមិសាស្ត្រ ប្រជារាស្ត្រ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និង​លក្ខណៈពិសេស​ផ្សេងៗ​ទៀត​។​

​ជាមួយគ្នានេះដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប បានផ្តល់​អនុសាសន៍​ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល អ្នកពាក់ព័ន្ធ​នានា ត្រូវ​បន្ត​រួមគ្នា​ឱ្យ​កាន់តែ​សកម្ម ប្រកបដោយ​ផ្លែផ្កា​ថែមទៀត​ទៅតាម​តួនាទី ការទទួលខុសត្រូវ និង​តាម​វិស័យ​ពាក់ព័ន្ធ​នានា ក្នុងការ​ជំរុញ​ការអនុវត្ត​កម្មវិធី​ជាតិ ដំណាក់កាល​ទី​២​នេះ​ឱ្យសម្រេចបាន​ជោគជ័យ​តាម​ផែន​ការដែល​គ្រោងទុក​។

​សូមបញ្ជាក់ថា ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់ កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ ក្រោម​ជាតិ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ (​ឆ្នាំ​២០២១-២០៣០) គឺ “​ប្រជាពលរដ្ឋ​ទទួលបាន​សេវាសាធារណៈ និង​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​មូលដ្ឋាន​ដែល​ផ្តល់​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​សង្គម ដែល​រួមចំណែក​សម្រេច​ឱ្យបាន​នូវ​គោលបំណង​ដ៏​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ និង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close