កម្ពុជា នឹងមានឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ខ្នាត​ធំ​មួយ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ

​កណ្តាល​៖ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​របស់​ក្រុមហ៊ុន ខ្មែរ ខូ​ល ឆេន ឯ​.​ក នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (​ចំណត​ផែ​កុងតឺន័រ​LM១៧)​។​

​ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់​អំពី​កំណើន​កុងតឺន័រ​ឆ្លងកាត់​ជា​មធ្យម​ប្រចាំ​ឆ្នាំមាន​ចន្លោះ​ពី​១៥-១៨% នៅក្នុង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​(​ក​.​ស​.​ភ​) ទោះបី​ជាមាន​វិបត្តិ​កើតឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។ ជាក់ស្ដែង​នៅ​ឆ្នាំ​២០២០​កន្លងទៅ ក​.​ស​.​ភ ទទួល បាន​បរិមាណ​កុងតឺន័រ​ចំនួន​២៩០ ៨៥៧ TEUs កើន​ចំនួន​៣,៤៩% ធៀប​នឹង​ឆ្នាំ​២០១៩ និង​នៅ​ឆ្នាំ ២០២១ មាន​ចំនួន​៣៤៨ ៨៩៨ TEUs កើនឡើង​ចំនួន​ប្រមាណ​២០% ធៀប​នឹង​ឆ្នាំ​២០២០​។ លើសពីនេះ​ទៀត នៅ​ឆ្នាំ​២០២២​នេះ ក​.​ស​.​ភ បាន​ព្យាករណ៍​ថា​នឹង​ទទួលបាន​បរិមាណ​កុងតឺន័រ​ចំនួន ៣៩៤ ៦៧៩ TEUs កើនឡើង​ចំនួន​១៣% ធៀប​នឹង​ឆ្នាំ​២០២១​។

​នាឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សារសំខាន់ នៃ​ប្រព័ន្ធ​ភស្តុភា​រកម្ម និង​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា និង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បានផ្ដល់​សេចក្តីទុកចិត្ត ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​វិនិយោគ​លើ​វិស័យនេះ រាជរដ្ឋាភិបាល​មិនអាច​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​ដែល​ចាំបាច់​សម្រាប់​ប្រទេស​តែម្នាក់ឯង​បានទេ ពោលគឺ​រាជរដ្ឋាភិបាល​ត្រូវការ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជួយ​ជ្រោមជ្រែង​ក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​នៅ​កម្ពុជា​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយនឹង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) និង​ធនាគារពិភពលោក​បង្កើត​ផែនការមេ​ត​ភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម ដើម្បី​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ភាស្តុភារ​កម្ម​កម្ពុ​ជាមាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការចំណាយ​លើ​ការដឹកជញ្ជូន និង​អនុញ្ញាតឱ្យ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​បង្កើត​ការងារ​ធ្វើ​បន្ថែមទៀត​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ ផែនការមេ​ភស្តុភា​កម្មនេះ​ត្រូវការ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ លើ​គម្រោង​វិនិយោគ​ប្រមាណ​៣០០​គម្រោង នៅក្នុង ប្រទេស​កម្ពុជា ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​កាន់​តែមាន​ប្រសិទ្ធភាព និង​ផលិត ភាព​នៅ​កម្ពុជា​។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ ក្រុមហ៊ុន ខ្មែរ ខូ​ល ឆេន ឯ​.​ក សហការ​ជាមួយ​ក​.​ស​.​ភ សាងសង់​ឃ្លាំង​ស្តុក​ទុក ទំនិញ​ត្រជាក់​នេះ នៅក្នុង​បរិវេណ​ចំណត​ផែ​កុងតឺន័រ LM១៧ របស់ ក​.​ស​.​ភ ដែល​ស្ថិតនៅ​ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល អាចជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​តាមរយៈ​ការ ចូលរួមចំណែក​លើកកម្ពស់​ខ្សែសង្វាក់​នៃ​វិស័យ​ភស្តុភា​កម្ម​ក្នុងប្រទេស​កម្ពុជា​។ កំណើន​ចរាចរណ៍​ទំនិញ ឆ្លងកាត់​នឹងមាន​សន្ទុះ​តាមរយៈ​ការផ្ដល់​សេវាកម្ម​ស្តុក​រក្សាទុក​នូវ​ទំនិញ​ត្រជាក់ ទាំង​សម្រាប់​នាំចេញ និង នាំចូល​ដែលមាន​ដូចជា​៖ ត្រី សាច់ កសិផល ឱសថ គ្រឿងសំអាង និង​ទំនិញ​ច្រើន​ប្រភេទ​ទៀត​។​

​គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើត​ការងារ​ធ្វើ​បន្ថែម និង​លើកស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​នេះ និង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដល់​វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរជន និង សាធារណជន​ទូទៅ​ដែលមាន​បំណង​មកប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​ដើម្បី​សម្រួល​ដល់​ដំណើរការ​នាំចេញ នាំចូល​ទំនិញ រវាង​កម្ពុជា និង​សកលលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close