ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ជួបពិភាក្សាគ្នាដើម្បីលើកកម្ពស់ការសិក្សាផ្នែកសិល្បៈសូនរូប តូរ្យតន្ត្រី និងសិល្បៈនាដសាស្ត្រ
កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នាសាលាមធ្យមវិចិត្រសិល្បៈ ដែលមានទីតាំងនៅបឹងបាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ គណៈប្រតិភូមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដឹកនាំដោយឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ហេង សុផាឌី បានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈដឹកនាំដោយលោក ហេង កំសាន្ត នាយកសាលា។
ភាគីទាំងពីរបានពិភាក្សាអំពីផែនការ និងវិធីសាស្ត្រលើកកម្ពស់ការរៀនរបស់សិស្ស-និស្សិត និងការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូលើវិស័យសិល្បៈសូនរូប សិល្បៈនាដសាស្ត្រ និងតូរ្យតន្ត្រីដើម្បីធានាបានថា សិស្សដែលរៀនចប់ពីសាលាមធ្យមវិចិត្រសិល្បៈ ហើយបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលបាននូវចំណេះដឹងថ្មីប្រកបដោយភាពច្នៃប្រឌិត។
ស្ថាប័នអប់រំបណ្តុះបណ្តាលទាំងពីរនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតតាំងពីការកកើតមក។ ពោលគឺ ក្រោយពីបញ្ចប់ការសិក្សា សិស្សសាលាមធ្យមវិចិត្រសិល្បៈភាគច្រើនបានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យចំនួន៣នៃសាកលវិទ្យា ល័យភូមិន្ទវិចិត្រសិល្បៈគឺ មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យតូរ្យតន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។
នាឱកាសជំនួបនេះ ភាគីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានធ្វើបទបង្ហាញអំពីកម្មវិធីសិក្សាដែលនិស្សិតត្រូវរៀនចាប់ពីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរហូតដល់ថ្នាក់បញ្ចប់ និងរៀបរាប់ពីផលលំបាកដែលសិស្សសាលាមធ្យមវិចិត្រសិល្បៈបានជួបប្រទះអំឡុងពេលសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ការធ្វើបទបង្ហាញ និងការរៀបរាប់ពីផលលំបាកនេះធ្វើឡើងដើម្បីជួយអភិវឌ្ឍគ្នាទៅវិញទៅមកព្រោះសិស្ស-និស្សិតដែលរៀននៅមហាវិទ្យាល័យទាំងបីខាងលើដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាកេរដំណែលដូនតា និងសិល្បៈវប្បធម៌ជាតិ។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានសំដែងក្តីរីករាយ និងបានរៀបរាប់ផលលំបាកមួយចំនួនដែលសាលាមធ្យមវិចិត្រសិល្បៈបានជួបប្រទះ ជាពិសេសកង្វះសិស្សចូលរៀនឯកទេសមួយចំនួន។ លោកបានបន្ថែមទៀតថា គណៈគ្រប់គ្រងរបស់សាលាមធ្យមវិចិត្រសិល្បៈ និងលោកគ្រូ-អ្នកគ្រូ នឹងខិតខំរិះរកមធ្យោបាយដើម្បីលើកទឹកចិត្តសិស្សឱ្យចូលរៀនកាន់តែច្រើនឡើង ជាពិសេសឯកទេសដែលងាយនឹងការបាត់បង់ដូចជាគំនូរផ្សព្វផ្សាយ និងឯកទេសចម្លាក់ស្ពាន់ជាដើម។
គណៈប្រតិភូនៃស្ថាប័នទាំងពីរមានចិត្តសោមនស្សរីករាយក្រោយពីបានជួបពិភាក្សាគ្នាអស់រយៈពេលជាង៣ម៉ោងព្រោះស្ថាប័នទាំងពីរនេះមិនអាចខ្វះគ្នាបានទេ។ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរឯកភាពគ្នាក្នុងការបន្តកិច្ចពិភាក្សាជាមួយគ្នាឱ្យបានញឹកញាប់ដើម្បីរិះរកមធ្យោបាយលើកកម្ពស់វិស័យអប់រំ និងវិស័យជំនាញឯកទេស ដូចជាតូរ្យតន្ត្រី នាដសាស្ត្រ និងសិល្បៈសូនរូប។ នាអនាគតដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរនឹងរៀបចំវគ្គបណ្តុះបណ្តាលផ្នែកគរុកោសល្យដល់លោកគ្រូ-អ្នកគ្រូដើម្បីអភិវឌ្ឍការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។