តោះ! មកស្គាល់ផ្លែគុយ
ឈ្មោះខ្មែរ៖ វល្លិគុយ
ឈ្មោះវិទ្យាសាស្ត្រ ៖ Willughbeia edulis Roxb.
គុយជា លតាជាតិមួយប្រភេទដែលដុះតោងដើមឈើធំៗ ក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម ដោយដើមមានសណ្ឋានជាឈើ ធំជាង លតាជាតិដ៏ទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក ! សំបកដើមមានសភាពរលោង និងមានពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅក្នុងព្រៃធំ ព្រៃស្រោង ព្រៃស្បាត និងព្រៃរបោះតាមចម្រាក់ភ្នំ គុយជារុក្ខជាតិដែលបន្តពូជដោយគ្រាប់ ! ស្លឹកគុយ ច្រើនដុះតម្រៀបទល់មុខគ្នាជាគូ ស្លឹកមានរាងពង
ក្រពើ ចុងនៃស្លឹកស្រួចនិងស្តើង គែមនៃស្លឹកមានសណ្ឋានរលោង ឬ រលកបន្តិច ! ស្លឹកមានទទឹង ៥-៧ សង់ទីម៉ែត្រ បណ្តោយ ១០-១៤ សង់ទីម៉ែត្រ បន្ទះស្លឹកមានពណ៌បៃតង ស្លឹកក្រាស់ ផ្នែកខាងលើរលោង ផ្នែកខាងក្រោមគឺមានលក្ខណៈគគ្រាត មានស្លឹកប្រហែល ១៥-១៦ គូ ស្លឹកមានរោមនៅផ្នែកខាងលើ ទងស្លឹកមានប្រវែងប្រហែល ១-២ សង់ទីម៉ែត្រ!
ផ្ការីកនៅខែ កុម្ភៈ ដល់ខែមីនា
ផ្លែគុយ ជាផលផ្លែមានសាច់ជោ និងគ្រាប់ ផ្លែមានរាងមូល ឬ រាង
ពងក្រពើ សំបកក្រាស់ មានទំហំជាមធ្យម ៥.៨-៧.២ ស.ម សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត មានគ្រាប់វែង ទំហំប្រហែល ០.៨-១.២ ស.ម !
គុណប្រយោជន៍ ៖
+ សំបកគុយមានរសជាតិមិនល្វីង ស្ងោរនឹងទឹកផឹកជាឱសថព្យាបាលអាការឈឺក្បាល (សំបក)
+ នៅប្រទេសម៉ាឡេស៊ី ឫសត្រូវបានគេយកទៅស្ងោរផឹក ជាឱសថព្យាបាលជំងឺខាន់លឿងដែលបណ្ដាលមកពីជំងឺគ្រុនចាញ់ (ឫស)
+ ឫសមានរសជាតិហិល បើយកមកស្ងោរផឹកជាថ្នាំព្យាបាលឈឺបំពង់ក និងឈឺទ្រូង (ឫស)
+ វល្លិ ដើម ឬឫស ស្ងោរផឹកជាថ្នាំព្យាបាលរោគរាគ (វល្លិ ដើម ឫស)
+ ផ្លែគុយទុំយកមកបរិភោគ ជួយរំអិលពោះវៀន ធ្វើឱ្យងាយស្រួលក្នុងការបញ្ចេញចោល (ផ្លែទុំ)
+ ដើមស្ងោរនឹងទឹកផឹកជាឱសថព្យាបាលការក្រិនថ្លើម (ដើម)
+ តាមក្បួនឱសថបុរាណភាគខាងត្បូងនៃប្រទេសថៃ គេយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងៃ (ដើម)
+ ផ្លែខ្ចីមានរសជាតិជូរ គេប្រើផ្លែខ្ចី ហាលស្ងួត យកទៅដុតបន្ទាប់មកលាយជាមួយទឹក ប្រើជាថ្នាំព្យាបាលរបួស (ផ្លែខ្ចី)
+ ជ័រយកលាបលើមុខរបួស ជួយផ្សះរបួសអោយឆាប់ជា(ជ័រ)
+ ដើមយកមកស្ងោរជាមួយទឹកផឹកជាឱសថព្យាបាលជំងឺអសន្ទរោគ (ដើម)
+ ឫសត្រូវហាន់ល្អិតៗ ហើយប្រើជាឱសថព្យាបាលជំងឺខាន់លឿងចំពោះទារក (ឫស)
+ ដើមត្រូវស្ងោរជាមួយទឹកផឹកជាឱសថលើកកំលាំង ! ឫស និងវល្លិក៏មានលក្ខណៈសម្បត្តិជាថ្នាំប៉ូវកំលាំងផងដែរ (ដើម វល្លិ ឫស)
+ គ្រូឱសថបុរាណនៅខេត្តឧប៊ុនរាជធានី បានយកវល្លិគុយមកស្ងោរជាមួយទឹកផឹកជាឱសថព្យាបាលជំងឺខ្វិន (វល្លិ)
អត្ថប្រយោជន៍ ៖
+ ផ្លែគុយទុំ មានរសជាតិផ្អែមនិងជូរ អាចបរិភោគបាន
+ វល្លិត្រូវបានគេប្រើជំនួសខ្សែរសម្រាប់ចងរបស់របរ
+ ឫសគេអាចយកមកផលិតជាថ្នាំពណ៌ ដោយវាផ្តល់ពណ៌ក្រហម៕
ប្រភព៖ ក្រសួងបរិស្ថាន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។