កតាដែលជម្រុញឲ្យអឺរ៉ុប បង្កើតកងទ័ពរួមការពារអឺរ៉ុប ដោយសារអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធនុយក្លេអ៊ែរ
កតាសំខាន់ដែលជម្រុញឲ្យ ប្រធានាធិបតីបារំាំងស្នើរបង្កើតកម្លាំងការពាររួម នៅតំបន់អឺរ៉ុប ដោយសារតែលោកយលឃើញថាអឺរ៉ុប គឺជាតំបន់ដែលគ្រោះថ្នាក់បំផុត ក្រោយពេល អាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធ ជាមួយរុស្ស៊ី ។
ប្រធានាធិបតីបារំាំងស្នើរបង្កើតកម្លាំងការពាររួម នៅតំបន់អឺរ៉ុប ដោយសារតែលោកយលឃើញថាអឺរ៉ុប គឺជាតំបន់ដែលគ្រោះថ្នាក់បំផុត ក្រោយពេល អាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធ ជាមួយរុស្ស៊ី ។
សន្ធិសញ្ញាទ្វេភាគីអាមេរិក និងសហភាពសូវៀត នៅឆ្នាំ ១៩៨៧បានធ្វើឲ្យរុស្ស៊ី យល់ព្រម ដកទៅវិញ មីស៊ីលរយៈចម្ងាយមធ្យម ដែលមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងដែលរុស្ស៊ី ដាក់បែរតម្រង់រួចហើយ សំដៅ រដ្ឋធានី របស់ប្រទេសអឺរ៉ុប។ បើសិនអាមេរិកដកខ្លួនមែន អ្នកដែលប្រឈមមុខ រងគ្រោះខ្លាំងជាងគេ គឺបណ្តាប្រទេសអឺរ៉ុប សមាជិករបស់អង្គការអូតង់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ប៉ុន្តែ មិនមែនអាមេរិកនោះទេ។ សន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែរ ដែលធ្វើឡើង ក្នុងបរិបទសង្រ្គាមត្រជាក់ មានគោលដៅ ហាមឃាត់ ផលិត និងប្រើប្រាស់ មីស៊ីល បាញ់ចេញពីដី ក្នុងរយៈចម្ងាយចន្លោះពី៥០០ទៅ ៥ពាន់គីឡូម៉ែត្រ។ មីស៊ីលរយៈចម្ងាយមធ្យម របស់រុស្ស៊ី គឺគ្មានគ្រោះថ្នាក់ គំរាមកំហែង ដល់ទឹកដីអាមេរិកនោះទេ ប៉ុន្តែ គឺទឹកដីអឺរ៉ុប ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី។
ដូច្នេះ បើសិន អាមេរិកដកខ្លួន ចេញពីសន្ធិសញ្ញា នោះរុស្ស៊ី ក៏លែងគោរពធ្វើតាម សន្ធិសញ្ញាតទៅទៀតដែរ។ ដូច្នេះ គឺសន្តិសុខ របស់អឺរ៉ុបដែលនឹងរងការគំរាមកំហែងគ្រប់ពេលវេលាពីរុស្ស៊ី ជាពិសេស នៅក្នុងកាលៈទេសៈដែល អូតង់និងរុស្ស៊ី កំពុងតែតានតឹង ប្រឈមមុខដាក់គ្នា ខាងផ្នែកយោធា នៅតាមព្រំដែនអឺរ៉ុបខាងកើត។
កតាទាំងនោះហើយទើប ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យបង្កើតកងទ័ពអឺរ៉ុប ដើម្បី ឲ្យអឺរ៉ុបអាចការពារខ្លួនឯង។ លោកម៉ាក្រុងបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ ដែលវិទ្យុបារាំង អឺរ៉ុបអាង (Europe 1) បានចាក់ផ្សាយនៅថ្ងៃអង្គារនេះ នៅក្នុងឱកាសដែលបារាំងកំពុងត្រៀមរៀបចំប្រារព្ធខួប ១០០ឆ្នាំ នៃសង្រ្គាមលោកលើកទី១។ ការអំពាវនាវរបស់ប្រធានាធិបតីបារាំង ដែលចង់ឲ្យអឺរ៉ុបមានកងទ័ពផ្ទាល់ខ្លួន ធ្វើឡើង ផងដែរ នៅក្រោយពេលដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសគម្រោងដកអាមេរិកចេញពីសន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែរចម្ងាយមធ្យម ដែលតាមពិតធ្លាប់បានជួយ រដ្ឋធានី អឺរ៉ុប ឲ្យរួចផុតពីគ្រាប់មីស៊ីលរបស់សហភាពសូវៀត ក្នុងអំឡុងសម័យសង្រ្គាមត្រជាក់។
“យើងនឹងមិនអាចការពារប្រជាជនអឺរ៉ុបបានទេ ដរាបណាយើងមិនសម្រេចចិត្តបង្កើតឲ្យមានកងទ័ពអឺរ៉ុបពិតប្រាកដមួយ។ ប្រឈមទៅនឹងរុស្ស៊ី ដែលនៅជិតខាង អឺរ៉ុប និងដែលមិនរអែងនឹងបង្ហាញការគំរាមកំហែង យើងចង់បានអឺរ៉ុបមួយ ដែលអាចការពារដោយខ្លួនឯង”។ នេះជាប្រសាសន៍របស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលត្រូវបានចាក់ផ្សាយ នៅវិទ្យុបារាំងនៅថ្ងៃនេះ។
តាំងពីចូលកាន់តំណែងជាប្រធានាធិបតីបារាំង នៅឆ្នាំ ២០១៧ លោកម៉ាក្រុង បានជំរុញ ជាច្រើនលើកឲ្យមានការបង្កើតកងកម្លាំងយោធាអឺរ៉ុប។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង លោកម៉ាក្រុង បានអំពាវនាវសាជាថ្មីម្តងទៀតឲ្យមានការបង្កើតកងទ័ពអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែក ទៅលើអាមេរិក ផង និងដើម្បី បញ្ជាក់ពីអធិបតេយ្យភាពរបស់អឺរ៉ុបផង។
“នៅពេលដែល ខ្ញុំលឺប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ប្រកាសថា គាត់នឹងដកអាមេរិកចេញពីសន្ធិសញ្ញា ដែលហាមឃាត់អាវុធ នុយក្លេអ៊ែរ និងបង្កើតឡើងនៅក្រោយវិបត្តិមីស៊ីលនៅអឺរ៉ុប តើអ្នកណាជាជនរងគ្រោះ? គឺអឺរ៉ុប ហើយនិងសន្តិសុខរបស់អឺរ៉ុបនេះឯង។” លោកម៉ាក្រុងបាននិយាយយ៉ាងដូច្នេះ មុននឹងបន្ថែមថា សន្តិភាពនៅអឺរ៉ុប គឺលែងទៀងទាត់ទៀតហើយ។
សម្រាប់ប្រធានាធិបតីបារាំង ដែលមិននិយាយចំៗដល់ប្រទេសរុស្ស៊ី ការប៉ុនប៉ង ឈ្លានពាន វាយប្រហារទៅលើបណ្តាញអ៊ីនធ័រនែត ដើម្បីលូកដៃ កកូកកាយលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុបគឺជាឧទាហរណ៍ស្រាប់។
ប្រទេសបារាំង ក្រោមអាណត្តិរបស់លោកម៉ាក្រុង បានផ្តួចផ្តើម បង្កើត កងកម្លាំងរួម ដែលមានការចូលរួមពីប្រទេសអឺរ៉ុបចំនួន ៩ ដើម្បី បើកបេសកកម្ម យោធា ដូចជារំដោះមនុស្សចេញពីតំបន់សង្រ្គាម ឬផ្តល់ជំនួយ នៅក្នុងករណីមានគ្រោះមហន្តរាយជាដើម។
នៅឆ្នាំមុន ក្នុងគោលដៅ កាត់បន្ថយការពឹងផ្អែកទៅលើជំនួយយោធា អាមេរិក អឺរ៉ុបបានសម្រេចបង្កើតមូលនិធិរាប់ពាន់លានអឺរ៉ូសម្រាប់វិស័យការពារអឺរ៉ុប។ យ៉ាងណាក៏ដោយ ប្រទេសនៅអឺរ៉ុបនៅតែមិនអាចស្រុះស្រួលគ្នា ដើម្បី បង្កើតឲ្យចេញជាកងទ័ពអឺរ៉ុបរួមនោះទេ។ អាល្លឺម៉ង់ និងប្រទេសអឺរ៉ុបមួយចំនួន ដែលស្ថិតនៅក្បែរព្រំដែនជាមួយរុស្ស៊ី មិនគាំទ្រគំនិត បង្កើតកងកម្លាំងអឺរ៉ុប ព្រោះគេនៅឃើញសារៈសំខាន់របស់កងទ័ពអូតង់ ដែលត្រូវបានបង្កើតឡើងដើម្បី ការពារសន្តិសុខរបស់ប្រទេសនៅអឺរ៉ុប ទល់នឹងការឈ្លានពានពីរុស្ស៊ី។ អ្នកជំនាញវាយតម្លៃថា កងទ័ពអឺរ៉ុបមិនអាចលេចចេញជារូបរាងបាន ដោយសារតែមានការជំទាស់ពីអាមេរិក។ អាមេរិក របស់លោកដូណាល់ ត្រាំ ដែលជាក្បាលម៉ាស៊ីន ដឹកនាំអង្គការអូតង់ ធ្លាប់បានរិះគន់ និងដាក់សម្ពាធ ឲ្យប្រទេសសមាជិកអឺរ៉ុប បង្កើនការបង់វិភាគទាន ក្នុងកេសថវិកាអូតង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។