អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​កុដិ​ឈើ​ពីរ​ខ្នង នៅក្នុង​វត្ត​ព្រះព្រហ្ម​រ័ត្ន​

​ខេត្តសៀមរាប​៖ វត្ត​ព្រះព្រហ្ម​រ័ត្ន​ជា​អារាម​មួយ​ដ៏​ចំណាស់ ដែល​ស្ថិតនៅតាម​ដងស្ទឹង​សៀមរាប ផ្នែក​ខាងលិច ស្ថិតក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​នៅក្នុង​អារាម​មួយ​នេះ មាន​សំណង់​កុដិ​ឈើ​ពីរ​ខ្នង​សង់​ខ្ពស់​ផុតពី​ដី ដំបូល​ប្រក់​ក្បឿង ដែលមាន​ទម្រង់​ស្ថាបត្យកម្ម​ពីរ​ផ្សេងគ្នា មួយ​ជា​ទម្រង់​កុដិ​ដំបូល​ខ្មែរ និង​មួយទៀត​ជា​ទម្រង់​កុដិ​ប៉ិត​។ ស្ថាបត្យកម្ម​ទាំងពីរ​នេះ​ត្រូវបាន​សាងសង់​ក្នុងដំណាក់កាល​ពីរ​ផ្សេងគ្នា កុដិ​ដែលមាន​ដំបូល​ខ្មែរ ឬ​កឹង​ត្រូវបាន​សាងសង់​ក្នុងអំឡុង​ទស្សវត្ស​ឆ្នាំ​១៩៤០ ហើយ​កុដិ​ដែលមាន​ដំបូល​ប៉ិត​ត្រូវបាន​សាងសង់​ក្នុងអំឡុង​ទស្សវត្ស​១៩៥០(​នេះ​បេ​ី​តាម​បន្ទូល​របស់​ព្រះមហា​វិមលធម្ម ពិន​សែម សិរី​សុ​វ​ណ្ណោ ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៍​)​។​

​ស្ថាបត្យកម្ម​នៃ​សំណង់​ឈើ​នេះ មានគុណ​តម្លៃ​ដ៏​ពិសិដ្ឋ និង​យ៉ាង​ល្អ​ឯក ទាំង​រូបរាង បច្ចេកទេស និង​ភាព​ប្រណិត​នៃ​សិល្បៈ ដែល​ស្តែងឡើង​តាមរយៈ​ស្ថាបត្យកម្ម​មួយ​នេះ​។​ ​សំណង់​ទាំងពីរ​នេះ សព្វថ្ងៃ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​យ៉ាងខ្លាំង ដោយហេតុ​អាយុកាល​ផង គុណភាព​នៃ​សំណង់​មួយផ្នែក​ផង និង​មានការ​បំផ្លាញ​ដោយ​សត្វល្អិត​ផង​។​

​ទោះបីជា​សំណង់​ឈើ​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាងណា ដោយ​ស្មារតី​ចង់​រក្សា​ឱ្យបាន​នូវ​គុណ​តម្លៃ​នៃ​ស្ថាបត្យកម្ម​មួយ​នេះ អ្នកបច្ចេកទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​សង្គ្រោះ​សំណង់​ឈើ​នេះ ដោយ​ប្រេ​ី​បច្ចេកទេស និង​សម្ភារ​ដូច​ដេ​ី​ម​ទាំងស្រុង ធ្វើយ៉ាងណា​ឱ្យ​សំណង់​នេះ​ស្ថិតស្ថេរ​ត​ទៅមុខទៀត ព្រោះថា ការបាត់បង់​នូវ​សំណង់​ឈើ​មួយ​នេះ មិន​ត្រឹមតែ​បាត់បង់​នូវ​រូបរាង​នៃ​សំណង់​នោះទេ គឺថា​បច្ចេកទេស​នៃ​ការសាងសង់​សំណង់​ឈើ ដូចជា​ការភ្ជាប់​គ្រឿង​បង្គុំ រវាង​ឈើ​និង​ឈើ ភាព​ប៉ិនប្រសប់​ក្នុង​វិស័យ​សិល្បៈ ជំនឿ ទំនៀម​ទំលាប់​មួយចំនួនទៀត ដែល​ទាំងនេះ​ត្រូវបាន​ស្តែងឡើង​តាមរយៈ​សំណង់​ឈើ​នេះ នឹងត្រូវ​បាត់បង់​ទៅជា​មួយ​ជាក់​ជាពុំខាន​។​

​អាជ្ញាធរ​ជាតិ​អប្សរា ជឿជាក់​យ៉ាង​មុតមាំ​ថា សំណង់​ឈើ​មួយ​នេះ​ក្រោយពី​ការជួសជុល​រួចរាល់ នឹង​បាន​បំពេញ​តួនាទី​របស់ខ្លួន​បន្តទៅ​ទៀត នឹង​រក្សាបាន​នូវ​គុណ​តម្លៃ​ដូច​បាន​ជម្រាបជូន​ខាងលើ ដើម្បី​ជា​ប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ ក៏ដូចជា​ការសិក្សា​រៀនសូត្រ​ដល់​អ្នក​ដែល​មានបំណង​ស្វែងយល់​នៃ​សំណង់​ឈើ​ជាក់​ជាពុំខាន​។ ម្យ៉ាងទៀត​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ រក្សា​នូវ​មរតក​ពី​បុរាណ ព្រមទាំង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទេស​ចរមក​ទស្សនា​ស្វែងយល់​បន្ថែម ក្រៅពី​សំណង់​ប្រាសាទបុរាណ​របស់​យើង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close