សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ សមាជិក​ការិយាល័យ​នយោបាយ​បក្សកុម្មុយនិស្ត​វៀតណាម​

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ឯកឧត្តម ឌិ​ញ ទៀន​ហ្ស៊ុ​ង សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ដ​វៀតណាម និង​ជា​លេខា​បក្ស​រដ្ឋធានី​ហាណូយ បាន​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម ឌិ​ញ ទៀន​ហ្ស៊ុ​ង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ចំណាយពេល​វេលា​ដ៏​មមាញឹក អនុញ្ញាត​ឲ្យ​ឯកឧត្តម​បាន​ចូលជួប​សំដែង​ការគួរសម​នាពេលនេះ​។ ឯកឧត្តម បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​វៀតណាម ជូន​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជូនពរ​សម្តេច​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ​រាល់​ភារកិច្ច​ទាំងឡាយ​។ ឯកឧត្តម​ក៏បាន​គោរព​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចាត់វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​-១៩ របស់​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ ។

ឯកឧត្តម​ក៏បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ​អំពី​ស្ថានភាព ក៏ដូចជា​ការទប់ស្កាត់​ជំងឺ Covid-19 នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ភាព​ស្ថានភាព​សេដ្ឋកិច្ច និង​ទិសដៅ​អភិវឌ្ឍន៍​របស់​រដ្ឋធានី​ហាណូយ និង​ការប្ដេជ្ញាចិត្ត​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ រ​វា​រដ្ឋធានី​ហាណូយ និង​រាជធានី​ភ្នំពេញ ដូចជា​ការពង្រីក ពង្រឹង​មិត្តភាព និង​ការអនុវត្ត​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ នូវ​រាល់​សេចក្តី​ថ្លែង​ការ​ក៏ដូចជា​កិច្ចព្រមព្រៀង​ទាំងឡាយ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​តែ​បាន​ព្រមព្រៀងគ្នា​កន្លងមក​។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ឯកឧត្តម ឌិ​ញ ទៀន​ហ្ស៊ុ​ង ចំពោះ​ការ​ពាំ​នាំនូវ​ការ​ផ្ដាំ​សួរសុខទុក្ខ ពី​ថ្នាក់ដឹកនាំ​របស់​ប្រទេស​វៀតណាម​ជូន​ចំពោះ​សម្ដេច​នៅពេលនេះ ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏មាន​សេ​ក្តី​រីករាយ​ជាមួយនឹង​ការរីកចម្រើន នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្តថា ជាការ​ពិត​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​លើស​ផែនការ​៥​ពាន់​លាន​ដុល្លារ តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​ត្រូវតែ​ធ្វើការ​យកចិត្តទុកដាក់​បន្ថែមទៀត ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកែប្រែ​តំបន់​ដែល​ធ្លាប់ជា​តំបន់​ប្រយុទ្ធ​គ្នា ឱ្យទៅជា​តំបន់​អភិវឌ្ឍន៍ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ពាណិជ្ជកម្ម​បន្ថែមទៀត រួមជាមួយ​នឹង​ការ​ពិនិត្យមើល​អ្វី ដែល​រដ្ឋធានី​ហាណូយ និង​រាជធានី​ភ្នំពេញ អាចធ្វើ​ការរួម​គ្នា​បន្ត​ទៀត បាន​នៅពេល​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close