កម្ពុជា ទទួលធ្វើជាប្រធាន និងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាន និងព្រឹត្តិការណ៍នានា ក្នុងឆ្នាំ២០២២
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាន និងព្រឹត្តិការណ៍នានាក្នុងឆ្នាំ២០២២ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលធ្វើជាប្រធាន និងម្ចាស់ផ្ទះ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការនេះដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារទទួលបន្ទុករៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នីមួយៗ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកជូនអង្គប្រជុំថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបានសមិទ្ធផលសំខាន់ៗ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ ភាពធន់ និងបរិយាបន្ន ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN A.C.T.: Addressing Challenges Together)។
ដើម្បីចូលរួមចំណែកគាំទ្រដល់ភាពជាប្រធានអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២២ សម្រាប់ក្របខ័ណ្ឌវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រសួងបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាអាទិភាពគឺការអនុម័ត “សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន” នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
គួរបញ្ជាក់ជូនថា វាជាលើកទី៣ ហើយដែលកម្ពុជាទទួលកិត្តិយសដ៏ថ្លៃថ្លា និងប្រកបដោយមោទនភាពធ្វើប្រធាននៅក្នុងឆ្នាំ២០២២ នេះ។ ដោយឡែក នៅក្នុងឆ្នាំនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ចំនួន ៨ ផងដែរ រួមមាន៖
១. កិច្ចប្រជុំគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ លើកទី១៥ (15th ACMW)
២. កិច្ចប្រជុំគណៈកម្មការក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន លើកទី១០ (10th AQRFC)
៣. សិក្ខាសាលា និងចងក្រងឯកសារស្តីពី “ឧត្តមានុវត្តន៍ផ្នែកសុវត្ថិភាព និងសុខភាពការងារនៅសហគ្រាសធុនតូច និងមធ្យម កន្លែងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការដ្ឋានសំណង់ខ្នាតតូចនៅក្នុងបណ្តាប្រទេសអាស៊ាន”
៤. វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៥ (15th AFML)
៥. សិក្ខាសាលាស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ (សេដ្ឋកិច្ចក្រៅប្រព័ន្ធ)
៦. សន្និសីទរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន លើកទី៤០ (40th CAFEO)
៧. សន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ (11th ALIC) និងកិច្ចប្រជុំគណៈកម្មការអធិការកិច្ចការងារអាស៊ានលើកទី២ (2nd ALICOM)
៨. កិច្ចសន្ទនាសង្គមត្រីភាគីថ្នាក់តំបន់អាស៊ាន លើកទី១៣ (13th ARTSD)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។