ត្រីមាស​ទី​១ ឆ្នាំនេះ​! កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​កុងតឺន័រ​ឆ្លងកាត់​កើនឡើង​ជាង ១៦​ភាគរយ

​ព្រះសីហនុ​៖ យោងតាម​របាយការណ៍​ស្ថិតិ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឱ្យដឹងថា កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ១៩៨ ១៨២ TEUs នៅក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២២ កើនឡើង​ចំនួន​១៦,៣២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែលជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ឃើញថា​សេដ្ឋកិច្ចកម្ពុជា​បានចាប់ផ្ដើម​ទើប​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​សូមជម្រាបថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ស្ថិតនៅ​ទីតាំង​យុទ្ធសាស្ត្រ​ប្រកបដោយ​សក្កា​នុព​ល មាន​អំណោយផល​ពី​ធម្មជាតិ​សម្រាប់​ការកសាង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ មាន​ឃ្លង​ចូល​នាវា មាន​ចម្ងាយ​ជិត​នឹង​ទឹក​ជ្រៅ ដែល​ពុំ​ចាំបាច់​ចំណាយ​លើ​ការ​បូម​ស្តារ​ជាប្រចាំ​។ ដោយឡែក​និយោជិត​កំពង់ផែ​មាន លក្ខណៈសម្បត្តិ និង​មាន​ជំនាញ​សមត្ថភាព​គ្រប់គ្រាន់​លើ​ការងារ​ប្រតិបត្តិការ និង​បាន​បញ្ជូនទៅ​បណ្តុះបណ្តាល​នៅតាម​បណ្តា​ប្រទេស​នានា​ដូចជា​៖ ជប៉ុន កូរ៉េ សឹង្ហ​បុរី និង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ដើម្បី​បម្រើ​វិស័យ​កំពង់ផែ​ឱ្យមាន​ការរីកចម្រើន ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​កម្ពុជា​ទាំងមូល​។​

​ជាងនេះទៅទៀត រាជរដ្ឋាភិបាល​កម្ពុជា​មាន​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្រប​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៧​ខ្សែ​នៅ​ក្រុងព្រះសីហនុ ត្រូវបាន​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គ្រោង​បញ្ចប់​ការសាងសង់​ក្នុងពេល​ឆាប់ៗ រួម​ជាមួយនឹង​ការគាំទ្រ​ពី​ទីភ្នាក់ងារ​JICA លើ​ការអភិវឌ្ឍ​កំពង់ផែ​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​កំពង់ផែ​។​

​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រំពឹងទុក​ថា ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំ​ហ៊ាន​ទី​២ និង​ជំនាញ​ទី​៣ នឹងមាន​សមត្ថភាព​ឱ្យ​នាវា​កុងតឺន័រ​ខ្នាត​ធំ​ស្ទើរតែ​ទាំងអស់ អាច​ដឹកជញ្ជូន​ដោយផ្ទាល់​ពី​កំពង់ផែ​ក្រុងព្រះសីហនុ​ទៅមក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អឺរ៉ុប និង​អាមេរិក ដោយ​ពុំបាន​ចាំបាច់​ធ្វើការ​ផ្ទេរ ផ្ទុក​នៅតាម​កំពង់ផែ​ផ្សេងៗ​ទៀតឡើយ​។​

​ក្រៅពី​អាជីវកម្ម​លើកដាក់ និង​ថែរក្សា​ទំនិញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក៏មាន​អាជីវកម្ម​បន្ទាប់បន្សំ​មួយទៀត​គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ​។ តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១២ មាន​ផ្ទៃដី​ទំហំ​៦៤​ហិកតា ដែល​បាន​សាងសង់​តាម​បទដ្ឋាន​បច្ចេកទេស​ខ្ពស់ និង​មាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​កំពង់ផែ​ក្រុងព្រះសីហនុ បង្កលក្ខណៈ​ងាយស្រួល​ដល់​ធុរកិច្ច​ទាក់ទង​នឹង​ការដឹកជញ្ជូន​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាពិសេស​ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​គាំទ្រ​អាជីវកម្ម​កំពង់ផែ​ផងដែរ​។​

​សេវាកម្ម​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​រួមមាន​ជួល​ដី​សម្រាប់​សាងសង់​រោងចក្រ​ភស្តុភា​រកម្ម និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ជួល​រោងចក្រ​និង​ឃ្លាំង ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ទឹកស្អាត និង​ចម្រោះ​ទឹក​កខ្វក់ ជួល​ការិយាល័យ ជួល​អគារ​ស្នាក់នៅ និង​សេវា​ផ្សេងៗ​ទៀតផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close