នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញមេដឹកនាំយោធាភូមា ធ្វើយ៉ាងណាឱ្យប្រេសិតពិសេសបានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី

ក្នុងជំនួបតាមប្រព័ន្ធវីដេអូ​នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្នុង​នាម​ជាប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើ​ការ​រម្លឹកដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង ពីកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានចំពោះមីយ៉ាន់ម៉ា និង​បានគូសបញ្ជាក់ពីភាពចាំបាច់ដែលប្រេសិតពិសេសប្រធានអាស៊ានអាចទៅជួបគ្រប់ភាគីនៃជម្លោះទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី Win Myint ផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជា​នៅរសៀលថ្ងៃទី២ ខែឧសភានេះ បានឱ្យដឹងថា ក្នុង​ជំនួបនោះ សម្ដេចបានជំរុញឱ្យក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ធ្វើយ៉ាងណាសម្របសម្រួលដំណើរទស្សនកិច្ចលើកទីពីររបស់បេសជនប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ាអាចធ្វើទៅបាននៅចុងខែឧសភា និងបានជួបគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung Saan Su Kyi និងអតីតប្រធានាធិបតី Win Myint សម្រាប់ការបង្កើតបរិយាកាសអំណោយផលដើម្បីចាប់ផ្តើមការសន្ទនានយោបាយបញ្ចូលគ្នា។

ក្នុងសេចក្ដីប្រកាសនោះបានសរសេរថា «សម្ដេចបានសង្កត់ធ្ងន់សារជាថ្មីអំពីសារៈសំខាន់នៃការចូលទៅកាន់បេសកជនពិសេសដើម្បីជួបគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung Saan Su Kyi និងអតីតប្រធានាធិបតី Win Myint សម្រាប់ការបង្កើតបរិយាកាសអំណោយផលដើម្បីចាប់ផ្តើមការសន្ទនានយោបាយបញ្ចូលគ្នា»។

ចំពោះករណីនេះលោកនាយឧត្តមសេនីយ៍ មីន អោងលាំង បានទទួលនិងសន្យាជួយសម្រួលដល់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សេងទៀតផងដែរ។

លោក មីន អោងលាំង បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីស្ថានភាពចុងក្រោយបង្អស់របស់មីយ៉ាន់ម៉ា រួមទាំងការឆ្លើយតបចំពោះអំពើហិង្សាបច្ចុប្បន្ន ការចាប់ផ្តើមក្នុងការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយ អង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ (EAOs) និងការចែកចាយអំណោយនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់មន្ទីរពេទ្យមណ្ឌលសុខភាពចំនួន ៥៨ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកបានផ្តល់ការសម្រួលដល់ការចូលរួមជាមួយ EAOs ដោយបេសកជនពិសេសរបស់ប្រធានអាស៊ាន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបញ្ចប់អំពើហិង្សា។

ក្រៅពីនេះក្រុមប្រឹក្សារដ្ឋ (SAC) ក៏បានត្រៀមខ្លួនក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលដំបូងឡើយនៅក្នុងតំបន់សាកល្បងចំនួនពីរ និងរដ្ឋចំនួនប្រាំផ្សេងទៀត ដែលត្រូវបានកំណត់ថាជាតំបន់អាទិភាពក្នុងគោលបំណង។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ SAC លើការផ្តល់ជំនួយមនុស្សធម៌ និងយុទ្ធនាការចាក់ថ្នាំបង្ការនៅតំបន់សាកល្បង ដែលអាចពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងៗ។

ទាក់ទិននឹងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ឧត្តមសេនីយ Min Aung Hlaing បានបញ្ជាក់ថា ប្រធានក្រុមការងារសម្របសម្រួលជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ានឹងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍នេះ។

គួរឱ្យដឹងផងដែលថាសម្ដេចតេជោ បានជួបជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អោងលាំង ចំនួនពីរដងរួចហើយ គឺកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២សម្ដេចបានទៅជួបផ្ទាល់ និងនៅអំឡុងខែកុម្ភៈសម្ដេចបានជួបតាមរយៈវីដេអូពីចំងាយ។ ក្នុងជំនួបទាំងនេះគឺសម្ដេចចង់ជំរុញឲ្យមានដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ក៏ដូចជាការរំលឹកឲ្យមេដឹកនាំមានគោរពការកិច្ចសន្យារបស់ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close