ក្នុងឆ្នាំ២០២១! ពាណិជ្ជកម្មកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបាន ១៥០លានដុល្លារ កើនក្នុងអត្រាប្រមាណ៥០%!
ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kayaan K. Unwalla ទីប្រឹក្សាអនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម តាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងកំណត់យន្តការអាទិភាព សំដៅពង្រឹងបន្ថែមនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែល្អប្រសើរថែមទៀត។
ជំនួបនេះ ធ្វើឡើងស្របតាមស្មារតីនៃជំនួបទ្វេភាគីរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត Thani Bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមទិវាជាតិកម្ពុជា ក្នុងពិព័រណ៌ពិភពលោកនៅឌូបៃ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដល់រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ចំពោះជោគជ័យនៃការរៀបចំពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងឌូបៃ។
ទន្ទឹមនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ភាគីមិត្ត ដែលបានគាំទ្រលើគំនិតផ្តួចផ្តើមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ តាមរយៈក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Comprehensive Economic Partnership Agreement – CEPA) និងបានស្នើក្រុមការងារអេមីរ៉ាតអារ៉ាប់រួម រៀបចំសេចក្តីព្រាងលក្ខន្តិកៈយោង (Terms of Reference) ក៏ដូចជារួមគ្នាសិក្សាស្រាវជ្រាវពីភាពអាចធ្វើបាន (Feasibility study)។
ជាកិច្ចឆ្លើយតប ឯកឧត្តម Kayaan បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀង CEPA ជាមួយកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីព័ត៌មានពាក់ព័ន្ធនឹងនីតិវិធី និងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលអាចកើតមាន។
ឯកឧត្តមបានបន្តថា កិច្ចព្រមព្រៀង CEPA មានវិសាលភាពគ្របដណ្តប់វិស័យអាទិភាពជាសារវ័ន្តដូចជា ពាណិជ្ជកម្មទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មីក្រូសហគ្រាស-សហគ្រាសធុនតូចនិងមធ្យម និងពាណិជ្ជកម្មឌីជីថល។-ល-។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ អេមីរ៉ាតអារ៉ាប់រួមបានបង្កើត CEPA ចំនួនពីររួមមាន អ៊ីស្រាអែល និងឥណ្ឌា និងត្រៀមបង្កើតបន្ថែមជាមួយឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតក្នុងតំបន់។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នា ពិនិត្យលទ្ធភាពក្នុងការស្វែងយល់បន្ថែមអំពីនីតិវិធី និងលក្ខន្តិកៈនានា ព្រមទាំងសិក្សាស្រាវជ្រាវលម្អិតពីអត្ថប្រយោជន៍នៃការបង្កើត CEPA នៅវេលាសមស្របនាពេលខាងមុខ។
ផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ១០០ លានដុល្លារក្នុងឆ្នាំ២០២០ និង ១៥០ លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនក្នុងអត្រាប្រមាណ ៥០% បើទោះបីស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជម្ងឺកូវីត-១៩ ក៏ដោយ។ ទីផ្សារទំនិញភាគច្រើន រួមមាន៖ វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ ប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។