លោក តាំង គ្រុយ រំឭក​ពី​ការផ្តល់​ដី​ផ្ទាល់ខ្លួន​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ស្ដារ​ប្រឡាយ​បុរាណ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ

​ខេត្តសៀមរាប​៖ នៅមុន​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​អ្នកជំនាញ​ផ្នែក​ទឹក បាន​រកឃើញ​ប្រឡាយ​បុរាណ​មួយ ដែល​អាច​ទាញ​ទឹក​ពី​ភ្នំ​គូលែន ចូលមកក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ នៅ​ឆ្នាំ​២០១២ គម្រោង​ស្ដារ​ប្រឡាយ​នេះ​ត្រូវបាន​ដំណើរការ យ៉ាងណា​ការងារ​នេះ​ត្រូវ​ប៉ះពាល់​លើដី​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផលដំណាំ​ជាក់ស្ដែង​។

​ដោយមាន​សំណើ​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្នុង​បំណង​រួមចំណែក​ធ្វើ​អ្វី​សម្រាប់​សង្គមជាតិ​ផង លោក តាំង គ្រុយ បានសម្រេច​ផ្តល់​ដី​ផ្ទាល់ខ្លួន​របស់លោក​ដែល​កំពុង​អាស្រ័យ​ផល ឱ្យ​អាជ្ញាធរ​ស្ដារ​ប្រឡាយ​បុរាណ ក៏ដូចជា​បង្កើត​ប្រភពទឹក​ខ្វាត់ខ្វែង​នៅ​តំបន់​នោះ​។

​លោក តាំង គ្រុយ បាន​រំឭកថា​៖« ខ្ញុំ​គិតថា របស់​ហ្នឹង [​ដី​] មិនមែនជា​របស់​បុគ្គ​ល​ផ្តាច់មុខ​ទេ ហើយ​ដី​យើង​មាន​ច្រើន​ដែរ គួរ​លះបង់​ខ្លះ​ដើម្បី​ប្រយោជន៍​រួម ដើម្បី​ប្រទេសជាតិ និង​សម្រាប់​ដូនតា​យើង​ដែល​ខំ​កសាង​ប្រាសាទ​មក ព្រោះ​តាម​ការ​ឮ​ពី​ចាស់ទុំ​មក​ថា អង្គរវត្ត​យើង​គឺ​ពឹង​អាស្រ័យ​លើទឹក គ្រឹះ​ប្រាសាទអង្គរវត្ត គឺ​ដីខ្សាច់ ដូច្នេះ​បើ​គ្មាន​ទឹក​ច្បាស់​ជា​រលំ​ជាមិនខាន​»​។​

​នៅ​ឆ្នាំ​២០១២ ពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ស្ដារ​ប្រឡាយ​ឡើងវិញ ដោយ​ប្រឡាយ​នេះ​មាន​តួនាទី​ទទួល​ទឹក​ពី​ភ្នំ​គូលែន បំបែក​ទៅ​ប៉ែក​ខាងលិច គឺ​ស្ទឹង​ពួក ស្ទឹង​ព្រះ​ស្រុក និង​ហូរ​ចាក់​ទៅ​ទន្លេសាប​។
​ទឹក​នេះ​ក៏បាន​បញ្ចូល​ទៅ​បារាយណ៍​ខាងជើង បារាយណ៍​ខាងលិច ក​សិន្ធុ​អង្គរវត្ត និង​ក​សិន្ធុ​អង្គរធំ​ផងដែរ​។ ប្រឡាយ​នេះ​មាន​ប្រវែង​ជិត​៥០​គីឡូម៉ែត្រ​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​សង់​ទ្វារ​ទឹក​ថ្មី ជំនួស​ស្ពាន​បុរាណ ដែល​ស្ថិតនៅ​ខាងលើ​ទ្វារ​ទឹក​តា​សោម​។

​ការស្ដារ​នេះ គឺ​ចាប់ពី​ផ្នែក​ខាងជើង កាត់​ក្បាលដី​លោក តាំង គ្រុយ កំពុង​អាស្រ័យ​ផល រហូតដល់​ចុង​ដី​នៅ​ផ្នែក​ខាងត្បូង​។ ទំហំ​ដី​ដែល​ត្រូវ​ស្ដារ ទំហំ​ទទឹង​ប្រមាណ​៥០​ម៉ែត្រ និង​បណ្ដោយ​១​ពាន់​ម៉ែត្រ​។ កាលណោះ លោក តាំង គ្រុយ មិន​រំពឹងថា នឹងមាន​ទឹក​ហូរហៀរ​ដូច​ពេលនេះ​ទេ ព្រោះថា​កន្លងមក​ទីនោះ ជា​ដីគោក ដែល​លោក​ដាំ​ស្វាយចន្ទី​ពេញ​ផ្ទៃដី​។

​មាន​វ័យ​៦៩​ឆ្នាំ លោក តាំង គ្រុយ ប្រាប់ថា ក្នុងនាម​ជា​កសិករ​មួយរូប លោក​ពិតជា​រីករាយ​ណាស់ ពេល​ឃើញ​ទឹក​សម្បូរ​បែបនេះ ដ្បិត​កសិកម្ម គឺ​ពឹង​លើទឹក​។ លោក​និយាយ​ដោយ​ទឹកមុខ​រីករាយ​យ៉ាង​ដូច្នេះ​ថា​៖« ដី​ដែល​ខ្សោះ​ជីជាតិ អាច​កែប្រែ​ដាក់​ជី​បាន តែ​ដី​ដែល​ខ្វះ​ប្រភពទឹក គ្មាន​អ្នកណា​ជួយ​យើង​បានទេ​។ សប្បាយ​លើសពី​សប្បាយ​ធំ​បំផុត គឺ​យើង​បាន​ឈរលើ​ស្ពាន​ឃើញ​ទឹក​ហូរ ហាក់ដូច​បាន​ត្រឡប់​ទៅ​ពេលវេលា​អតីតកាល ព្រោះ​អ្នកប្រាជ្ញ​បាន​រកឃើញ​ទីតាំង​ប្រភពទឹក​បុរាណ ដែល​កប់​គ្មាន​អ្នកណា​ដឹង​»​។

​ក្រោយ​មាន​ប្រភពទឹក​នៅ​កៀក លោក តាំង គ្រុយ បានចាប់ផ្តើម​កែប្រែ​ចម្ការ​របស់លោក ដោយ​ប្ដូរ​ពី​ការដាំ​ស្វាយចន្ទីរ មក​ដាំ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ តែ​ក្នុងនោះ​ច្រើនជាងគេ គឺ​ដូង​។ បច្ចុប្បន្ន​លោក​ដាំដូង​បាន​ជាង​២​ពាន់​ដើម និង​មាន​គម្រោង​ដាំ​រហូតដល់​១​ម៉ឺន​ដើម​នាពេលខាងមុខ​។
​ក្រៅពី​អបអរ​ជាមួយ​សមិទ្ធផល​ប្រឡាយទឹក​ខាងលើនេះ សប្បុរសជន​ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ ក៏បាន​មើលឃើញ​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​នាពេល​បច្ចុប្បន្ន​ផងដែរ​។

​សម្រាប់​លោក តាំង គ្រុយ ប្រជាពលរដ្ឋ​បានបង្ហាញ​ការពេញចិត្ត​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​កាន់តែខ្លាំង​ឡើង នៅពេល​បានឃើញ​សមិទ្ធផល និង​ការទទួលបាន​ផល​ទាំងនោះ​ក្នុង​មូលដ្ឋាន​ពួកគេ ពិសេស​ប្រព័ន្ធ​ទឹកតែ​ម្ដង​។ ប្រជាពលរដ្ឋ​មានទឹក​ស្រោចស្រព​ដំណាំ ចម្ការ​របស់​ពួកគេ​បាន​ខួប​ប្រាំង​វស្សា ដែល​រួមចំណែក​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close