អាជ្ញាធរ​ជាតិ​អប្សរា បំពេញបន្ថែម​លើ​ការងារ​ជួសជុល កែលម្អ​ខ្លោងទ្វារ​ប្រាសាទ​តា​នៃ​ឱ្យ​កាន់តែ​ប្រសើរឡើង​

​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ កំពុង​បំពេញបន្ថែម​លើ​ការងារ​ជួសជុល​កែលម្អ​ខ្លោងទ្វារ​ខាងកើត​របស់​ប្រាសាទ​តា​នៃ មានដូចជា ការងារ​ដាប់​ឆ្លាក់​សសរ​ពេជ្រ​ទាំង​៤​ជ្រុង​នៃ​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ ដែល​បាន​បន្ថែម​ថ្ម​ថ្មី ជំនួស​ថ្ម​ចាស់​ដែល​បាត់បង់ និង​ខូចខាត​មិនអាច​ប្រើ​វិញ​បាន ដើម្បី​រក្សា​លំនឹង​របស់​ប្រាសាទ​ទាំងមូល និង​បំពេញបន្ថែម​នូវ​ប្រឡោះ​តូចៗ​នៅតាម​ដំបូល​ការពារ​ការ​ជ្រាប​ទឹក និង​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​ចេញពី​ខ្លោងទ្វារ​។

​ក្នុងនោះ ក្រុមការងារ​បាន​ដាប់​ឆ្លាក់​ជា​ទម្រង់​ក្បាច់​ផ្សេងៗ​នៅតាម​សសរ​នីមួយៗ និង​បិត​បាយអរ​ត្រង់​ចន្លោះ​មុខតំណ​ថ្ម​ដំបូល​ជៀសវាង​ការ​ជ្រាប​ទឹក​បណ្តាលឱ្យមាន​ហានិភ័យ​ដល់​គ្រឹះ​ប្រាសាទ ព្រមទាំង​កំណាយ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ពី​បរិវេណ​ខ្លោងទ្វារ​។​

​លោក ថៃ ឌី​យ៉ា​ម៉​ង់ ស្ថាប​ក្យ​ករ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ មានប្រសាសន៍ថា ការជួសជុល​រយៈពេល​១​ខែ ដែល​ចាប់ដំណើរការ​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២២ គ្រោង​នឹង​បញ្ចប់​ចុងខែ​មិថុនា​ខាងមុខនេះ​។

​អ្នកជំនាញ​រូបនេះ​បន្តទៀតថា ការជួសជុល​បាន​ផ្តោត​សំខាន់​ទៅលើ​ការងារ​ដាប់​ឆ្លាក់​ក្បាច់ចម្លាក់​សសរ​ពេជ្រ​ដែល​ប្រើប្រាស់​ថ្ម​ថ្មី​ជំនួស​ថ្ម​ចាស់​ដែល​បាន​បាត់បង់ និង​ខូចខាត រួមទាំង​ដាប់​ត​ម្រិ​ម​ថ្ម​ដំបូល និង​បិត​ភ្ជាប់​មុខតំណ​ថ្ម ការពារ​ជម្រាប​ទឹកភ្លៀង ក្នុងនោះ​ក៏មាន​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ពី​បរិវេណ​តួ​ខ្លោងទ្វារ​ជាដើម​។​

​លោក ថៃ ឌី​យ៉ា​ម៉​ង់ បញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ការងារ​ទាំងនេះ​រួចរាល់​នឹង​បង្កើន​សោភ័ណភាព​ប្រណិត​មួយកម្រិត​ទៀត ពិសេស​ធានាបាន​នូវ​ភាព​គង់វង្ស​យូរអង្វែង​របស់​ខ្លោងទ្វារ​ប្រាសាទ​តា​នៃ​នេះ​ផង​។​

​សូមបញ្ជាក់ថា ការជួសជុល​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៩ និង​បានបញ្ចប់​នៅ​ចុងឆ្នាំ​២០២០​កន្លងទៅ​។ បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ គឺ​រចនា​សម្ពន្ធ​រទាំង​មូល​របស់​ខ្លោងទ្វារ​តែម្តង ដោយ​មូលហេតុ​ឬ​ស និង​ដើមឈើ​ធ្វើឱ្យ​គ្រឹះ​រំកិល​ចេញពី​ទីតាំង​ដើម បណ្តាលឱ្យ​ថ្ម​ជញ្ជាំង​ហែក​ចេញពី​គ្នា​នឹង​អាច​បាក់​រលំ​។ ឯ​ដំបូល​ថ្ម​បាន​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង ហើយ​ការជួសជុល​នេះ ដោយ​ប្រើ​បច្ចេកទេស​អាណា​ស្ទី​ឡូ (anastylosis)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close