ឥណ្ឌា និងកម្ពុជា រៀនចំទិវាយោគៈអន្ដរជាតិ លើកទី៨ នៅទីលានជល់ដំរី នៃតំបន់ប្រាសាទបាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំ ដោយសារកូវីដ-១៩
នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នេះ ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងទេសចរណ៍នៃកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើទិវា យោគៈអន្ដរជាតិលើកទី៨ នៅទីលានជល់ដំរី នៃតំបន់ប្រាសាទ បាយ័ន បន្ទាប់ពីអាក់ខានពីរឆ្នាំដោយសារកូវីដ១៩ ក្នុងគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៍ជាលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiya Kutumbakam ដែលមានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា , ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុបប្រមាណជា៦០០នាក់ មកពីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជននិងកីឡា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត គរុសិស្ស និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានចាត់ទុកទិវានេះថាជាចំណែកមួយដ៍មានសារៈសំខាន់មួយ ចូលរួមជួយផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ទៅកាន់ពិភពលោកជាថ្មីឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ជាង២ឆ្នាំកន្លងទៅនេះ និងជាពិធីមួយ ដែលធ្វើឱ្យអ្នកទេសចរណ៍គ្រប់ជាតិសាសន៍អាចមកកម្សាន្តនិងស្នាក់នៅក្នុងខេត្តសៀមរាបឡើងវិញផងដែរ ព្រោះខេត្តនេះ គឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត ។
ឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា មានប្រសាសន៍ថា យោគៈនេះ វាដើមកំណើតនៅប្រទេសឥណ្ឌា ហើយពាក្យថា “យោគៈមកពីសំស្ក្រឹត មានន័យថាចូលរួមឬរួបរួម ដែលតំណាងឱ្យការសំយោគគ្នា រវាងចិត្តនិងកាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព ជាពិសេសជាងនេះទៅទៀត យោគៈ គឺលើកស្ទួយនូវសារសន្តិភាព ក្នុងពិភពលោកស្របតាមគោលការណ៍របស់ឥណ្ឌា ហៅថា Vasudhaiya Kutumbakam មានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”។
ឯកឧត្ដមបន្ដថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា គឺមានការរីកចម្រើន ក្នុងឋានៈជាដៃគូពិសេសផ្អែកលើមូលដ្ឋាន ដ៏រឹងមាំនៃវប្បធម៌និងប្រវត្តិសាស្ត្រ ទំនាក់ទំនងដ៏ស៊ីជម្រៅទាំងនេះ បានបង្កើតមូលដ្ឋានគ្រឹះដែលមិនអាចរង្គោះរង្គើបាន សម្រាប់ភាពជាដៃគូទំនើបរវាងឥណ្ឌា-កម្ពុជា ដែលបន្តរីកដុះដាលជារៀងដរាប ហើយប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំនេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ដែលបានតែងតែសហការរៀបចំព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិ The International Day of Yoga” នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ធ្លាប់បានរៀបចំ ទិវាយោគៈអន្តរជាតិតាំងពីឆ្នាំ២០១៥ ដោយទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយនៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយម ដោយនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។
ឯកឧត្ដមបន្ដថា តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាបានចូលរួមអបអរជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍របស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈប្រកបដោយភាពកក់ក្តៅ នឹងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត ហើយក្រសួងទេសចរណ៍ ក៍ដូចជាស្ថាប័នពាក់ព័ន្ធ ចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះដើម្បីជួយពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរបស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ “កម្ពុជា-ឥណ្ឌា” ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសយើងទាំងពីរ និង ទៅកាន់ពិភពលោកខាងក្រៅឱ្យកាន់តែទូលំទូលាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។