ឆ្នាំ២០២១! ករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះ ៥០៩លើក ធៀបនឹងឆ្នាំ២០២០
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតី ក្នុងពិធី បើកសិក្ខាសាលាស្តីពីការប្រមូលធាតុចូលសម្រាប់ផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។
សិក្ខាសាលានេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២២ សហការរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងមហាផ្ទៃ ក្រសួង សាធារណការ និងដឹកជញ្ជូន និងទទួលបានការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិន សល ក្នុងគោលបំណងបង្ហាញពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងបទពិសោធន៍ នៃ ផែនការ ទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១ ឆ្នាំ២០១១-២០២០ ព្រមទាំងជាវេទិកាពិភាក្សា ដើម្បីប្រមូលធាតុចូលពីស្ថាប័នជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ លើពង្រាងផែនការទសវត្សរ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី ឆ្នាំ២០២១-២០៣០សំដៅសម្រេចបាននូវគោលដៅកាត់បន្ថយអ្នកស្លាប់ និងអ្នករបួស ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០% នៅឆ្នាំ២០៣០។
នាឱកាសនោះ លោក Sanjay CHAKRABARTY នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយក្នុងតំបន់ យើងយល់ពី ទំនួលខុសត្រូវរបស់យើងចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ ជាពិសេសក្នុងចំណោមយុវជន។ ដូច្នេះហើយ ទើបយើងបាននាំយកមកនូវកម្មវិធី Safe Step មកកម្ពុជា បន្ទាប់ពីយើងចាប់ផ្ដើមប្រតិបត្តិការក្រុមហ៊ុន របស់យើងនៅនេះ។ នេះជាហេតុផលសំខាន់របស់យើង ដែលយើងសម្រេចគាំទ្រសិក្ខាសិលាប្រមូល ធាតុចូលនេះ។
លោកជំទាវ មឹន មាណវី បានមានប្រសាសន៍ថា៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឆ្នាំ២០២១បានឱ្យដឹង ថាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២៦៧០លើក បណ្តាលឱ្យស្លាប់ចំនួន១៤៩៧នាក់ និងរបួស ចំនួន៣៦១៥នាក់ របួសធ្ងន់ ២២៤៦នាក់ ក្នុងនោះអ្នកស្លាប់នៅរាជធានីភ្នំពេញមានចំនួន២៤៥នាក់ ខេត្ត កណ្តាលចំនួន១៤១នាក់ និងខេត្តកំពង់ចាមចំនួន៩៦នាក់។
មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ រួមមាន៖ បើកបរលើសល្បឿនកំណត់៣៨% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១៤% វ៉ាជែង៨% បត់៨% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ ១% ប្រៀបធៀប នឹងឆ្នាំ២០២០ ហេតុការណ៍គ្រោះ ថ្នាក់ថយចុះចំនួន៥០៩លើក ស្មើ ១៦% ២៦៧០/៣១៧៩លើក អ្នកស្លាប់ថយចុះចំនួន១៤៩នាក់ ស្មើ៩% ១៤៩៧/១៦៤៦នាក់) និងអ្នករបួសថយចុះចំនួន១០៧១នាក់ ស្មើ ២៣% ៣៦១៥/៤៦៨៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។