រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងផ្តល់ជំនួយសង្គមដល់ពលរដ្ឋងាយរងគ្រោះដោយកំណើនអតិផរណា

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅឆ្នាំ ២០២៣ខាងមុនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបន្តផ្តល់ជំនួយសង្គមដល់អ្នកក្រីក្រ និងពង្រីកទៅដល់អ្នកក្បែរក្រថែមទៀត ដើម្បីទប់ទល់ និងសម្រាលសម្ពោធនៃអតិផរណាមកលើពួកគាត់ ក្នុងពេលមានវិបត្តិនេះ។

ការថ្លែងបែបនេះរបស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួង សេដ្ឋកិច្ចនិងហិរញវត្ថុ នៅក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការតម្រង់ទិសអាទិភាពគោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដែលធ្វើឡើងនៅថ្ងៃទី ២៨ខែមិថុនា ឆ្នាំ ២០២២។

លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ក្រោយការបើកដំណើរការសេដ្ឋកិច្ចឡើងវិញហើយ ប្រជាពលរដ្ឋយើងអាចមានការងារធ្វើ, អាចប្រកបអាជីវកម្ម និងមានឱកាសរកប្រាក់ចំណូលបានឡើងវិញក្តី តែនៅពេលអតិផរណាកើនឡើង វានឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ពួកគាត់ ដោយសារប្រាក់ចំណូលពិត ធ្លាក់ចុះ ដែលធ្វើឱ្យកម្លាំងទិញធ្លាក់ចុះ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប។

លោកបានបញ្ជាក់ថា ក្នុងន័យនេះ ការគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ គឺនឹងផ្តល់អាទិភាពទី១ ទៅលើមនុស្ស ដោយតម្រង់ទៅលើការរក្សាលំនឹងជីវភាពរស់នៅ ការងារ និងប្រាក់ចំណូល ជាពិសេសការបន្តផ្តល់ជំនួយសង្គមដល់អ្នកក្រីក្រ (ក្រ១ និងក្រ២) ហើយអាចនឹងពង្រីកទៅដល់អ្នកក្បែរក្រថែមទៀត ដើម្បីទប់ទល់ និងសម្រាលសម្ពោធនៃអតិផរណាមកលើពួកគាត់ ក្នុងពេលមានវិបត្តិនេះ។

ក្រៅពីនេះ លោកបានថ្លែងថា រាជរដ្ឋាភិបាល ក៏នឹងបន្តផ្តោតលើសុខភាព និងសុខមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ។

បន្ថែមលើនេះ លោកបានលើកឡើងថា រាជរដ្ឋាភិបាល ក៏នឹងផ្តល់អាទិភាពបន្ទាប់ ឬទី២ ទៅលើការទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកំពុងតែមាននេះ មិនបានឱ្យបាត់បង់ទៅវិញផងដែរ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធឡូជីស្ទីក, ការអភិវឌ្ឍជំនាញ និងការលំអរបរិយាកាសវិនិយោគនិងធុរកិច្ច ជាពិសេសការជំរុញអភិវឌ្ឍ និងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាសន្តិសុខម្ហូបអាហារកម្ពុជាខ្លួនឯងផង ក៏ដូចជាដើម្បីជំរុញការនាំចេញទៅក្រៅប្រទេសផង ខណៈដែលពិភពលោកអាចប្រឈមមុខនឹងបញ្ហាខ្វះស្បៀងអាហារ។

លោកលើកឡើងទៀតថា នេះគឺជាស្លាបទាំងពីរដ៏សំខាន់នៃគោលនយោបាយថវិកាឆ្នាំ ២០២៣ ដែលប្រឡាក់ក្រឡាគ្នា ព្រោះថា ការផ្តល់ជំនួយសង្គមដល់អ្នកក្រ និងអ្នកក្បែរក្រ មិនត្រឹមតែជាការដោះស្រាយបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិញដែរ។ ដោយឡែក ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ក៏នឹងជួយបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជនវិញផងដែរ។ ទន្ទឹមនេះ ការជំរុញផលិតភាព ក៏នឹងជួយបន្ថយកម្លាំង និងសម្រាលផលប៉ះពាល់នៃអតិផរណាមកលើសេដ្ឋកិច្ច។

យោងតាមធនាគារជាតិនៃកម្ពុជា កម្ពុជាមានកំណើនអតិផរណានៅខែមេសា មានអត្រា ៧,២ភាគរយ និងខែឧសភា ឆ្នាំ ២០២២ មានកំណើនជាង ៦ភាគរយនៃឆ្នាំលើឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close