ឯកឧត្តម ប៉ាន សូរស័ក្តិ បើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ផ្តល់កិត្តិយបើកសម្ពោធព្រឹត្តការណ៍ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជានិងដោយមានការចូលរួមសហការពីក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងការចូលរួមពីវិស័យឯកជន ជាពិសេសសហគ្រាសមីក្រូ តូចនិងមធ្យម ក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់អាស៊ាន ដែលបានរួមចំណែកធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចអាស៊ានមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាទសវត្សរ៍កន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ នឹងជំរុញ និង ពន្លឿន ការស្តារឡើងវិញនូវគ្រប់វិស័យ ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់ ស្របតាមមូលបទ “អាស៊ាន A.C.T.៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា”។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមប្រធានកិច្ចប្រជុំសសរស្តម្ភសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដាក់ចេញនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចចំនួន១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ធុរកិច្ចក្នុងអាស៊ាន ដោយផ្តោតសំខាន់លើការលើកកម្ពស់ការចាប់ផ្តើមអាជីវកម្មឌីជីថល ភាពជាសហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសមីក្រូ តូចនិងមធ្យម ជាដើម។ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះមិនត្រឹមតែរួមចំណែកដល់ដំណើរការស្តារសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសថ្មីៗសម្រាប់ធុរកិច្ចក្នុងអាស៊ាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មរបស់ពួកគេទៅក្នុងសហគមន៍ធុរកិច្ចក្នុងតំបន់ និងពិភពលោកផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់ធុរកិច្ច និងវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដោយបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការអនុម័តច្បាប់សំខាន់ៗដូចជា ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិសោធនកម្មសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ជាដើម ដែលនឹងជួយសម្រួល និងបង្កើតបរិយាកាសកាន់តែអំណោយផលដល់ធុរជន និងវិនិយោគិន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ក្នុងការចាប់យកឱកាសពីការផ្លាស់ប្តូរឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពធន់របស់សហគ្រាសធុនតូច និងមធ្យម និងពង្រីកសក្តានុពលនៃទីផ្សារខាងក្នុងអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែទូលំទូលាយ តាមរយៈការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលអាស៊ានមានស្រាប់ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បន្ថែមទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ភាគីពាក់ព័ន្ធក្នុងប្រទេសកម្ពុជា និងអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងបញ្ចប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាប្រកបដោយជោគជ័យ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក។
គួរជម្រាបផងដែរថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងរង្វាន់ធុរកិច្ចអាស៊ាននឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ស្របគ្នានឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។