កម្ពុជា ត្រៀម​ប្រកាស​ខេត្ត​ចំនួន​៣ និង​ស្រុក​ចំនួន​០៩ អស់​មីន ក្នុងដំណាក់កាល​ដំបូង​នៃ​ការអនុវត្ត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​_​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​”

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​, មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ដើម្បី​កំណត់​គោលដៅ​អាទិភាព រៀបចំ​ផែនការ និង​បែងចែក​កម្លាំង​បោសសម្អាត ក្រោម “​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន​_​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដំណាក់កាល​ដំបូង​។ អង្គប្រជុំ​បាន​ឯកភាព​ដូចខាងក្រោម ៖
១. បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ៖ បោសសម្អាត​ផ្ទៃដី​ក្នុងស្រុក​/​ក្រុង​ចំនួន ០៨ និង​ប្រកាស​ជា​ស្រុក​/​ក្រុង​អស់​មីន​រួមមាន ៖ ស្រុកស្រែ​អំបិល (​ខេត្តកោះកុង​) ស្រុក​ឆ្លូង ស្រុក​ចិត្រ​បុរី (​ខេត្តក្រចេះ​) ក្រុង​ព្រះវិហារ ស្រុក​ត្បែងមានជ័យ (​ខេត្តព្រះវិហារ​) ស្រុក​ឧ​ត្តុ​ង្គ (​ខេត្តកំពង់ស្ពឺ​) និង​ក្រុង​សេរី​សោ​ភ័​ណ្ឌ ស្រុក​មង្គលបុរី (​ខេត្តបន្ទាយមានជ័យ​)​។​
២. មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់ សង្គ្រាម (NPMEC) ៖ បោសសម្អាត​ផ្ទៃដី​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​។​
៣. មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ៖ បោសសម្អាត​ផ្ទៃដី​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពត និង​ប្រកាស​ជា​ខេត្ត​អស់​មីន បន្ថែម​លើ​ធនធាន​ដែល CMAC មាន​ស្រាប់​។ ជាមួយគ្នានេះ CMAC នឹង​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ក្នុងស្រុក​ចុងកាល់ (​ខេត្ត​ឧ​ត្ត​រ​មានជ័យ​) និង​ប្រកាស​ជា​ស្រុក​អស់​មីន ដោយ​ប្រើ​កម្លាំងចម្រុះ​ជាមួយ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ក្នុង​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​ប្រតិបត្តិ​ករ​ទាំងពីរ​។​

​ផែនការ​បន្ត ត្រូវ​អនុវត្តន៍​ស្របតាម​នីតិវិធី​នៃ​ការងារ​បោសសម្អាត​មីន និង​ស្តង់ដា​សកម្មភាព​កំចាត់មីន​កម្ពុជា ដោយ​តម្រូវ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ត្រូវ​ចុះ​ពិនិត្យ​វាយតម្លៃ​លើ​ស្ថានភាព​រាល់​គ្រប់​ចម្ការមីន​ជាក់ស្តែង (​ទំហំ ប្រភេទ​ចម្ការមីន និង​ស្ថានភាព​ភូមិសាស្ត្រ​) ដើម្បី​លើក​គម្រោង​ថវិកា និង​ពង្រាយ​កម្លាំង​បោសសម្អាត​។
​ដំណើរការ​អនុវត្ត​តំបន់​អស់​មីន ដូចខាងក្រោម ៖
១/. ជ្រើសរើស​តំបន់​អាទិភាព​
២/. វិភាគ​កម្លាំង​ក្រុម​ស្រាវជ្រាវ​មិន​បច្ចេកទេស (Non-Technical Survey_NTS) ជាមួយ​ប្រតិបត្តិ​ករ​
៣/. ធ្វើ​ផែនការ​ពង្រាយ​កម្លាំង​ក្រុម​ស្រាវជ្រាវ​មិន​បច្ចេកទេស​របស់​ប្រតិបត្តិ​ករ ដោយមាន​ការអនុម័ត​ពី​អាជ្ញាធរ​មីន​
៤/. ពង្រាយ​កម្លាំង​ក្រុម​ស្រាវជ្រាវ​មិន​បច្ចេកទេស​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មីន​
៥/. កំណត់​តំបន់​បោសសម្អាត​
៦/. វិភាគ​សមត្ថភាព​បោសសម្អាត​ជាមួយ​ប្រតិបត្តិ​ករ​
៧/. បែងចែក​តំបន់​បោសសម្អាត​ដល់​ប្រតិបត្តិ​ករ​
៨/. ប្រតិបត្តិ​ករ​ពិនិត្យ​ចម្ការមីន និង​រៀបចំ​ផែនការ​ថវិកា បញ្ជូនមក​អាជ្ញាធរ​មីន​
៩/. ពិនិត្យ និង​ផ្តល់​គម្រោង​បោសសម្អាត​ដល់​ប្រតិបត្តិ​ករ​
១០/. ការ​បោសសម្អាត​មីន និង​ត្រួតពិនិត្យ​គុណភាព ត្រូវបាន​អនុវត្ត​
១១/. ការប្រគល់​ដី​ដែល​បាន​បោសសម្អាត​រួច និង​ការប្រកាស​តំបន់​អស់​មីន​។

​សូមបញ្ជាក់ថា កម្ពុជា​នៅសល់ ២២ រាជធានី​-​ខេត្ត បន្ត​រង​ផលប៉ះពាល់​ដោយសារ​មីន (​មិន​រាប់បញ្ចូល​គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេងទៀត​) ក្នុង​ទំហំ​ផ្ទៃដី​សរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close