មន្រ្តីជាន់ខ្ពស់ធនាគារជាតិ ៖ កាលពីខែឧសភាអតិផរណានៅកម្ពុជាឡើងខ្ពស់បំផុតពុំធ្លាប់មានក្នុងរយៈជាង១០ឆ្នាំចុងក្រោយនេះ
ភ្នំពេញ – ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជាកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថាក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេងនិងម្ហូបអាហារ ពិភពលោកអតិផរណានៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ដល់៧,២ភាគរយនៅខែឧសភាដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ។
ក្នុងស្ថានភាពនេះធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផងនិងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។ដើម្បី រួមចំណែកគ្រប់គ្រងសម្ពាធអតិផរណាអត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាពសំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។
គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូប-នីយកម្មការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះនោះនឹងនាំឱ្យតម្លៃទំនិញនិងសេវានានាកើនឡើងភ្លាមផងដែរ ។
ពន្យល់អំពីអ្វីដែលជាចំណាត់ការរបស់ធនាគារជាតិដើម្បីដោះស្រាយបញ្ហាខាងលើលោកទេសាភិបាលបានបង្ហាញថា ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ត្រូវបានគាំទ្រជាចម្បងដោយ៖ ទី១. កម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើសមត្ថភាពធនាគារជាតិនៃកម្ពុជាក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់។នេះជាមោទនភាពមួយដែលទុនបម្រុងអន្តរជាតិកម្ពុជាត្រូវបានរក្សាយ៉ាងរឹងមាំនៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈមនឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន ។ទី២. ការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (exchange rate guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ។
ទី៣.ការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្របដោយការបញ្ចេញសន្ទនីយភាពជារៀលតាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា(LPCO)និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD) ។
ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចនយោបាយរូបិយវត្ថុវិត្ថារកម្មត្រូវបានបន្តអនុវត្តតាមរយៈការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិត៧ភាគរយទាំងជាប្រាក់រៀលនិងរូបិយប័ណ្ណដែលបានផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យមានសាច់ប្រាក់ក្នុងដៃបន្ថែម ។
នុងសុន្ទរកថាដដែលលោកទេសាភិបាលបានរំលេចឱ្យឃើញថា នៅឆមាសទី១ឆ្នាំ២០២២នេះពិភពលោកបាន ប្រឈមនឹងបញ្ហាថ្មីៗក្រោយពីវិបត្តិកូវីដ១៩បានធូរស្រាលដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងយឺតជាងការរំពឹងទុក ដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការប្រែប្រួលលំហូរមូលធននិងសម្ពាធលើតម្លៃ រូបិយប័ណ្ណនានា។ ការអូសបន្លាយនៃសង្គ្រាមនិងការដាក់ទណ្ឌកម្មនានា លើប្រទេសរុស្ស៊ីបានធ្វើឱ្យថ្លៃប្រេង ឥន្ធនៈនិងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់ដោយសាររុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែជាប្រទេសឈានមុខគេក្នុងការនាំចេញវត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និងផលិតផលកសិកម្ម ជាដើម ។ ជាក់ស្តែង នៅខែមិថុនា ឆ្នាំ២០២២នេះ អត្រាអតិផរណាសហរដ្ឋអាមេរិកបានកើនឡើងដល់ ៩,១ភាគរយដែលជាកម្រិត ខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ស្របពេលដែលអតិផរណានៅតំបន់អឺរ៉ូបានកើនដល់ ៨,៦ភាគរយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបង្កើតប្រាក់អឺរ៉ូមក ។ ជាមួយគ្នានេះ ការដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បាននាំឱ្យមានលំហូរមូលធនចូលសហរដ្ឋអាមេរិក ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង។ជាលទ្ធផលរូបិយប័ណ្ណនៅប្រទេសជាច្រើនបានថយថ្លៃធៀបនឹងដុល្លារអាមេរិក ហើយបន្ថែមលើនេះ នៅប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ទុនបម្រុងអន្តរជាតិក៏បានស្រកចុះផងដែរ ដូចជា ប្រទេសឡាវ ស្រីលង្កា និងបង់ក្លាដែស ជាដើម ដែលបង្កជាបញ្ហាប្រឈមដល់ការអនុវត្តនយោបាយរូបិយវត្ថុនិងទិញទំនិញក្រៅប្រទេស ។ ម្យ៉ាងទៀត ការបន្តអនុវត្តនយោបាយគ្មានកូវីដ-១៩ (Zero COVID policies) យ៉ាងម៉ឺងម៉ាត់នៅប្រទេសចិន ក៏បានបង្កឱ្យមានការរអាក់រអួលដល់ខ្សែច្រវាក់ផលិតកម្មនិងផ្គត់ផ្គង់ទាំងក្នុងស្រុកនិងលើពិភពលោក ។ គួបផ្សំនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ សេដ្ឋកិច្ចចិនត្រូវបានរំពឹងថានឹងថយល្បឿនគួរឱ្យកត់សម្គាល់ ដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យទេសចរណ៍ពិភពលោក ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។