ឯកឧត្តម វេង សាខុន៖ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ពិតជាបានផ្តល់នូវផលប្រយោជន៍ជាច្រើន សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចូលរួមក្នុងវេទិកាអនឡាញស្តីពី “វិស័យកសិកម្មកម្ពុជា-ចិន” ដែលបានរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងវិទ្យុមិត្តភាពកម្ពុជា-ចិន។
ថ្លែងក្នុងវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនថាការរៀបចំវេទិកាស្តីពី “កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន លើវិស័យកសិកម្មក្រោមក្របខណ្ឌ “ខ្សែក្រវាត់ និងផ្លូវ” នេះ បានបង្ហាញឱ្យឃើញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់នូវយន្តការសម្របសម្រួលពាណិជ្ជកម្ម គោលនយោបាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការលុបបំបាត់របាំងពាណិជ្ជកម្ម សមាហរណកម្មហិរញ្ញវត្ថុ ការផ្តល់នូវកាលានុវត្តភាពថ្មី និងពង្រីកវិសាលភាពក្នុងការប្រើប្រាស់ថាមពលប្រកបដោយស័ក្តិសិទ្ធិភាព និងមានតម្លៃ។ ទាំងអស់នេះគឺជាយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងសួនកសិ -ឧស្សាហកម្មជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គោលនយោបាយដែលបានបង្កើតឡើងដោយរដ្ឋាភិបាលទាំងពីរពិតជាបានផ្តល់ឱកាស និងលើកទឹកចិត្តដល់សហគ្រាសធ្វើការវិនិយោគ បង្កើនសមត្ថភាពផលិត ធ្វើឱ្យប្រសើរនូវវិស័យកសិ-ឧស្សាហកម្ម ការពង្រីកទំហំទីផ្សារកសិផល សំដៅជួយសម្រួលដល់ស្ថិរភាពកសិ-ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។
គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ពិតជាបានផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាក់ស្តែង ៖
ទី១. ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្តីពី “ដំណាំស្រូវ ដំឡូងមី បន្លែ ផ្លែឈើត្រូពិក ពោត កៅស៊ូធម្មជាតិ ត្រី សត្វ” ។ល។ បង្កើតតំបន់សម្រាប់បង្ហាញអំពីកសិកម្ម និងជំរុញបច្ចេកវិទ្យាកសិកម្ម បទពិសោធន៍គ្រប់គ្រង និងប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្នុងកិច្ចខិតខំធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផលិត ការកែលម្អគុណភាព និងស្តង់ដារផលិតផល។
ទី២. ការកែច្នៃផលិតផលកសិកម្ម រួមទាំងការបង្កើតសួនកែច្នៃ ដើម្បីបង្កើនតម្លែបន្ថែម ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី។
ទី៣. ការផ្តល់បរិយាកាសល្អសម្រាប់វិនិយោគគិនចិន ដើម្បីវិនិយោគលើផលិតកម្មកសិកម្ម និងនាំចេញទៅប្រទេសចិន ដូចជាការវិនិយោគលើផលិតកម្មស្រូវ និងនាំចេញអង្ករ ដំឡូងមី ផ្លែចេក ស្វាយ និងផលិតកម្មកសិកម្មដទៃទៀត។
ទី៤. ការគាំទ្រទាំងបច្ចេកទេស ការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ និងធនធានថវិកាសម្រាប់ជំរុញផលិតកម្មកសិកម្មនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។ ចំពោះការនាំចេញកសិផលទៅកាន់ទីផ្សារចិន គិតចាប់ពីឆ្នាំ២០១៩ រហូតដល់៦ខែដើម ឆ្នាំ២០ ២២ សម្រេចបានជាង ២,៤ លានតោន មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកា កាវ និងកសិផលចំនួន ២៤មុខផ្សេងទៀតដែលមានតម្លៃ១ ៩៤២ លានដុល្លារ។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងមានជំនឿថាតាមរយៈវេទិកានេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកទូលំទូលាយ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ វិស័យឯកជន ហើយក៏ជាកាតព្វកិច្ចដែលត្រូវចូលរួមគ្នាអនុវត្ត និងធ្វើឱ្យសម្រេចនូវគោលនយោបាយរបស់រដ្ឋាភិបាលយើងទាំងពីរដែលបានដាក់ចេញកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។