ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់​ថវិកា ១៥​លាន​ដុល្លារ លើ​ការគាំទ្រ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ចំណី​សត្វ​នៅ​កម្ពុជា​”

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ បាន​រៀប ចំ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កម្ចី​ស្តីពី “​ការគាំទ្រ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ចំណី​សត្វ​នៅ​កម្ពុជា​” ដែល​ត្រូវ​ចុះហត្ថលេខា​រវាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយ​ក្រុមហ៊ុន De Heus​។ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ដ៏​មាន​សារសំខាន់​នេះ ព្រមជាមួយ​វត្តមាន លោកជំទាវ Jyotsana Varma នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Harry Schimmel, នាយក​ក្រុមហ៊ុន De Heus THM Company Limited ឯកឧត្តម លោកជំទាវ ដែលជា​ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​អ្នកសារព័ត៌មាន​មួយចំនួន​។

​ជាបឋម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​ចំណាប់អារម្មណ៍​របស់លោក Harry Schimmel និង​លោកជំទាវ Jyotsana Varma ដោយបាន​សង្កត់ធ្ងន់​ទៅលើ​កម្ចី​ឥណទាន ដែល​វា​នឹង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​ចំណី​សត្វ បង្កើន​គុណភាព​តម្លៃ ដែល​នឹង​ជួយផ្តល់​ជា​ប្រយោជន៍​ដោយ​ត្រង់​ទៅដល់​អ្នក​ដាំ​ដុះ អ្នក​ចិញ្ចឹមសត្វ និង​សហគមន៍​ផលិត​។

​លោក​បាន​បន្តថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជានិច្ចកាល​បានគិត​គូ យកចិត្តទុកដាក់ សហការ ឧបត្ថម្ភ​គាំទ្រ និង​កៀរគរ​គ្រប់ភាគី​ពាក់ព័ន្ធ​មាន​តាម​អភិក្រម ៖ រដ្ឋ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សហគមន៍ ដើម្បី​សហការគ្នា​បង្កើតបានជា​ចលករ និង​បង្កើន​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដាំ​ដុះ កែច្នៃ​ផលិតផល​កសិកម្ម​ដោយ​ចាប់ពី A to Z (​ការដាំដុះ ប្រមូល​ផល កែច្នៃ វេច​ខ្ចប់ ស្តុក​ទុក ដឹកជញ្ជូន ចែក ចាយ ឬ​នាំចេញ​)​។ ​ភាព​ប្រទាក់ក្រឡា​គ្នា​ក្នុង​ខ្សែ​ច្រវាក់​ផលិត​កម្មនេះ ធ្វើ​ឲ្យ​ក្រសួង​នឹកគិត​ដល់​តួអង្គ​សំខាន់​ទាំងបី​ដែល​ចាំបាច់​ខានមិនបាន​ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម ហើយ​នេះ​គឺជា​ដើមចម​ដែល​ក្រសួង​បានដាក់​ចេញ​នូវ​អភិក្រម “​រដ្ឋ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សហគមន៍​”​។ ក្រសួង​បាន​ដើរតួនាទី​ជា​តួអង្គ​ផ្ចុងផ្តើម ផ្គូផ្គង កៀគរ និង​សម្របសម្រួល​ឲ្យ​គា​គី​ទាំងបី​សហការគ្នា​ក្នុងការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា កិច្ចសន្យា​ផ្គត់ផ្គង់​វត្ថុធាតុដើម និង​កិច្ចសន្យា​ផ្តល់​ឥណទាន ឬ​កម្ចី ជាដើម​។​ល​។

​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅថ្ងៃនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​បាន​ប្រសូត្រ​ចេញពី​ការខិតខំ​ប្រឹងប្រែង ផ្តល់​កិច្ច​សហការគ្នា​បានល្អ​រវាង​ភាគី​ពាក់ព័ន្ធ ឈាន​មក​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​កម្ចី​ឥណទាន​ដើម្បី​យកមក​អភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិតកម្ម​ចំណី​សត្វ ដែល​ក្រុមហ៊ុន De Heus បាននិងកំពុង​ដំណើរកា​រ​យ៉ាងសកម្ម ឆ្លើយតបបាន​ទាន់ពេល​ទៅនឹង​កំណើន​ផលិតកម្ម​សត្វ (​ជ្រូក ត្រី និង​បក្សី​) នាពេល​បច្ចុប្បន្ន​។ មិនតែប៉ុណ្ណោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​ការផ្តល់​ហិរញ្ញប្បទាន​នាពេលនេះ ប្រាកដ​នឹង​ជួយ​ធ្វើ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ចំណី​សត្វ មានការ​វិវឌ្ឍន៍​កាន់តែ​ល្អប្រសើរ​ធានាបាន​ទាំង​បរិមាណ​ផលិត គុណភាព​ចំណី សុវត្ថិភាព និង​ស្ត​ការប្រកួតប្រជែង​សម្រាប់​ទីផ្សារ​ក្នុងស្រុក​និង​ការនាំចេញ​។

​ពិតណាស់​កំណើន​ផលិតកម្ម​ចំណី​សត្វ វា​នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​កំលាំង​ប្រមូល​ទិញ​វត្ថុធាតុដើម​ក្នុងស្រុក​មាន ៖ ពោត ចុងអង្ករ កន្ទក់ ដំឡូង​មី កាក​ស្ក ម្សៅ​ត្រី ម្សៅ​ឆ្អឹង​ហ្មត់ កាក​ស្រា​បៀ កាកដូង ថ្ម​ហ្មត់ និង​សណ្តែកសៀង​។​ល​។ បើ​វត្ថុធាតុដើម​មាន​ទីផ្សារ ផលិតកម្ម​ចំណី​មាន​និរន្តរភាព ការហូរ​ចេញទៅ​ក្រៅ​ស្រុក​នឹង​ត្រូវបាន​កាត់បន្ថយ ព្រម​ជាមួយនឹង​ការបង្កើន​តម្លៃបន្ថែម​ផងដែរ​។ ខ្សែ​ច្រវាក់​ផលិតកម្ម​ចំណី​សត្វ ក្នុង​រោងចក្រ​ដំណើរការ​ប្រកបដោយ​និរន្តរភាព បុគ្គលិក កម្មករ​មានការ​ងារ​ធ្វើ មាន​ប្រាក់ចំណូល កម្រិតជីវភាព​ត្រូវបាន​លើកកម្ពស់ សម​តាម​ក្តី​ប្រាថ្នា​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ ឬ​បង្កើន​ផលិតកម្ម​ចិញ្ចឹមសត្វ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​។ កត្តា​ទាំងអស់នេះ គឺ​បានបង្ហាញ​ពី​ឆន្ទ​របស់​យើង​ដែល​កំពុង​នាំគ្នា​ដើរ​លើ​វិថី​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល នា​ឆ្នាំ​២០៣០​។

​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារ ADB ដែល​ដៃគូ​អភិវឌ្ឍ​របស់​កម្ពុជា ហើយ​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ក្រោយពេល​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន De Heus ដែល​បាន​ខិតខំ​ចូលរួមចំណែក​អភិវឌ្ឍ​ផលិតកម្ម​ចំណី​សត្វ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ប្រើ ប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក បង្កើត​ការងារ និង​កាត់បន្ថយ​ថ្លៃដើម​តាមរយ​:​ប្រើ​ថាមពល​ពន្លឺ​ព្រះ អាទិត្យ (​ប្រព័ន្ធ​សូ​ឡា​)​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូនពរ​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ និង​លើកសំណើ​ទៅ ADB ឲ្យ​ផ្តល់​កម្ចី​ដល់​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​បាន​កាន់តែច្រើន​ថែមទៀត​។

​សូម​ជម្រាប​ផងដែរ​ថា​ក្រុមហ៊ុន De Heus THM គឺជា​ក្រុមហ៊ុនចម្រុះ​អន្តរជាតិ​ពី​ប្រទេស​ហូ​ឡង់​ក្នុង​ផ្នែក​ឧស្សាហកម្ម​ចំណី​សត្វ ដែល​បាន​ចាប់​ដៃគូ​សហការគ្នា​រវាង​ក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយ​ក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បី​បង្កើតជា​សម្ព័ន្ធ​អាជីវកម្ម​ក្រុមហ៊ុន​រួម​ទុន​ថ្មី​មួយ​។ ក្រុមហ៊ុន​បានដាក់​ទុនវិនិយោគ​ចំនួន ១៥ លាន​ដុល្លារ ដើម្បី​ពង្រីក​ការសាងសង់​រោងចក្រ​លើ​ផ្ទៃដី​ចំនួន ៧​ហ​ត នៅ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។ មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​បាន​ចំនួន ១៥ ពាន់​តោន​/​ខែ ប្រើ​កម្មករ ៥២​នាក់​។ មាន​ផែន​ការផលិត​ចំណី​សត្វ ១៨០​ពាន់​តោន​/​ឆ្នាំ​។ បច្ចេកទេស​ផលិត​ភាគច្រើន​ត្រូវបាន​នាំយក​ពី​សហភាព​អឺរ៉ុប ២០% នៃ​ឋា​ម​ពល​ដែល​ប្រើប្រាស់​ក្នុង​រោងចក្រ​គឺ​បាន​ពី​ឋា​ម​ពល​ពន្លឺព្រះអាទិត្យ​។ អនាគត​ក្រុម ហ៊ុន​គ្រោង​នឹង​បង្កើត​រោងចក្រ​ទៅ​ខេត្តបាត់ដំបង​ដែលជា​ខេត្ត​មាន​សក្តានុពល​វត្ថុធាតុដើម​សំខាន់​មួយ​នៅ​កម្ពុជា​។

​សូមបញ្ជាក់ថា នាបច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​ផលិត​ចំណី​ចំនួន ២៣ អាច​ផលិត​ចំណី​សត្វ​បាន​ប្រមាណ ១,២៤​លាន​តោន​/​ឆ្នាំ អាច​ផ្គត់ផ្គង់​បាន​ត្រឺ​ម​តែ​ចំនួន ៥៥% នៃ​សេចក្តីត្រូវការ​ក្នុងស្រុក​សរុប​ចំនួន ២,២៧​លាន​តោន​/​ឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close