ក្រសួងបរិស្ថាន៖ «​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅ​ខេត្តមណ្ឌលគិរី​»

​អន្ទាក់ គឺជា​កត្តា​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ជីវិត​សត្វព្រៃ​នៅ​កម្ពុជា​។ គ្រាន់តែ​នៅក្នុង​តំបន់ការពារធម្មជាតិ​ចំនួន​ប្រាំ ក្នុងប្រទេស​កម្ពុជា ដែល​រួមមាន​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច មាន​អន្ទាក់​សរុប​ចំនួន ២៣៤២៩១ ត្រូវបាន​យកចេញ​ក្នុង​ចន្លោះ​ឆ្នាំ ២០១០ ដល់ ២០១៩​។

​ក្នុង​ឆ្នាំ​២០២១ មាន​អន្ទាក់​ដល់​ទៅ ៦១៦១១ ត្រូវបាន​យកចេញ​ពី​តំបន់ការពារធម្មជាតិ និង​របៀង​ជីវៈចម្រុះ​ចំនួន​៧២​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំនួន​នេះ​មានការ​កើនឡើង​លើសពី​ចំនួន​ជា​មធ្យម​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ ដែលមាន​ចំនួន ៤០០០០​អន្ទាក់​ក្នុង​មួយឆ្នាំ​។ ចំនួន​នេះ​គ្រាន់តែ​ជា​ចំណែក​ដ៍​តូច​ប៉ុណ្ណោះ​នៃ​ចំនួន​អន្ទាក់ ដែល​ត្រូវបាន​ប៉ាន់ប្រមាណ​ថា បានដាក់​ប្រើប្រាស់​ក្នុងព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​វា​បាន​បន្ត​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ជីវិត​សត្វព្រៃ ជាពិសេស​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។​

​ដើម្បី​ដោះស្រាយ​វិបត្តិ​អន្ទាក់​នេះ ក្រសួង​រដ្ឋាភិបាល​ដែល​ទទួលខុសត្រូវ និង​អង្គការ​អភិរក្ស​អន្តរជាតិ​បាន​សហការគ្នា​ប្រកាស​ចាប់ផ្តើម​យុទ្ធនាការ “​អន្ទាក់​សូន្យ​” នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា​។ គោលបំណង គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ស្តីពី​ការប្រើប្រាស់​អន្ទាក់​សត្វ​ខុសច្បាប់ និង​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​លុបបំបាត់​ការដាក់​អន្ទាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា ដើម្បី​ឲ្យ​សត្វព្រៃ​របស់​យើង​អាច​ផ្លាស់​ទី​បាន​ដោយ​សេរី និង​សុវត្ថិភាព​នៅក្នុង​តំបន់​ការពារ​ទាំងនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close