ក្រសួងកសិកម្ម ឆ្លើយតប​ចំពោះ​ការព្រួយបារម្ភ​របស់​សាធារណជន ករណី​ការដោះដូរ “​តំបន់ភ្នំ​តា​ម៉ៅ​”

​នៅក្នុង​សប្ដាហ៍​នេះ រដ្ឋបាល​ព្រៃឈើ​បានកត់សម្គាល់​ឃើញថា មាន​សាធារណជន​ជាច្រើន​បាន​មាន​ចម្ងល់​អំពី ស្ថានភាព​ព្រៃឈើ​នៅ​ភ្នំ​តា​ម៉ៅ​។ រដ្ឋបាល​ព្រៃឈើ សូម​ធ្វើការ​ជម្រាបជូន​សាធារណជន​អោយបាន​ជ្រាបថា តំបន់ភ្នំ​តា​ម៉ៅ​នេះ ជា​តំបន់​ស្ថានីយ៍​ស្តារ​ព្រៃឈើ​មួយ ដែលមាន​ដំណុះ​ឈើ​ដាំ​ប្រភេទ​អាកាស្យា ប្រេងខ្យល់ និង​ឈើ​ធម្មជាតិ​។ តំបន់​នេះ​ពោរ ពេញ​ទៅដោយ​ដីខ្សាច់ ដំណុះ​ឈើ​មិនមាន​ការលូតលាស់​ល្អ​ទេ​។ ដូច្នេះ រាជរដ្ឋាភិបាល​សម្រេច​យក​តំបន់​នេះ​សម្រាប់​ធ្វើការ អភិវឌ្ឍ​ដោយសារ​ជា​តំបន់​មួយ​ដែល​នៅក្បែរ​ទីក្រុង ក្បែរ​ព្រលានយន្តហោះ​ថ្មី និង​កៀក​តំបន់​ទេសចរណ៍​ទន្លេបាទី​។

ការ អភិវឌ្ឍ​តំបន់​នេះ​មិនមែនជា​ការលក់ដូរ ដូច​ការលើកឡើង​នោះទេ តែ​ជាការ​ដោះដូរ​តំបន់​នេះ​ជា​ថ្នូរ​នឹង​ការអភិវឌ្ឍ​បន្ថែម​ដល់ ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដោយ​កែលម្អ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​អោយមាន​ភាពប្រសើរ ឡើង មាន​ប្រព័ន្ធ​ផ្លូវ អគារ សួនច្បារ អាង​ស្តុក​ទឹក ក៏ដូចជា​ការបង្កើត​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ការបង្កើត​សួនសត្វ សា​ហ្វា​រី​នៅ​ខេត្តសៀមរាប ការបង្កើត​សួន​ភូតគាម​នៅ​ខេត្តមណ្ឌលគិរី និង​ការសាងសង់​អគារ​ធ្វើការ​របស់​មន្ត្រីរាជកា​រ និង សម្ភារៈ​នានា​។ ការដោះដូរ គឺ​អនុវត្ត​ដោយមាន​ភាព​តឹងរ៉ឹង មានការ​វាយតម្លៃ​ពី​ក្រុមហ៊ុន​ឯកជន និង​មាន​គណកម្មការ ឯកជ​នភា​វូ​នីយកម្ម​ដែលមាន​អន្តរក្រសួង ពិនិត្យ​និង​វាយតម្លៃ​អំពី​ការដោះដូរ​យ៉ាង​ត្រឹមត្រូវ​។​

​សូម​បញ្ចាក់​ផងដែរ​ថា តំបន់​នេះ ពុំមាន​សត្វព្រៃ​សំខាន់ៗ ជិត​ផុត​ពូជ និង​កម្រ ដូច​ការលើកឡើង​នោះទេ ហើយ តំបន់​នេះ​មាន​ជ្រូកព្រៃ​ដែល​តែងតែ​មក​រំខាន​ដល់​ដំណាំ​ប្រជាពលរដ្ឋ​។ សត្វព្រៃ​ដែល​លើកឡើង​កន្លងមក​គឺជា​សត្វព្រៃ​បាន ថែរក្សា​នៅក្នុង​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដែលមាន​សុវត្ថិភាព​១០០% ហើយ​ការអភិវឌ្ឍ​នេះ​មិនមាន​ការប៉ះពាល់​ទាល់តែសោះ​។

សត្វព្រៃ​ដែល​ពែងតែ​លើកឡើង​ដោយ​អង្គការ សកម្មជន​បរិស្ថាន និង​សាធារណជន​នានា គឺជា​សត្វព្រៃ​ដែល​កំពុង​រស់នៅ ក្នុង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​សត្វព្រៃ​មួយចំនួនទៀត​ដូចជា​ប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបាន​ដោះលែង ឲ្យ​រស់ក្នុង​បរិវេណ​របស់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដែលមាន​របង​ព័ទ្ធជុំវិញ​លើ​ផ្ទៃដី​ជាង​៥០០​ហិកតា និង​មិនមាន​សត្វ​ព អាច​ចេញមក​ខាងក្រៅ​នោះទេ និង​បាន​មើលថែរក្សា ផ្ដល់​ចំណី​ដោយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​នានា​។ ការលើកឡើង កន្លងមក​បានធ្វើ​ឲ្យ​មាន​ការភ័នច្រលំ​ថា​ការអភិវឌ្ឍ​តំបន់​នេះ​ប៉ះពាល់​ដល់​សត្វព្រៃ​។​

​ការអភិវឌ្ឍ​តែងតែ​ប្រើប្រាស់​ដី​សម្រាប់​អភិវឌ្ឍ​មិនមែន​មានតែ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​នោះទេ ឲ្យ​តែ​តំបន់​អភិវឌ្ឍ​មាន ផលប៉ះពាល់​តិចតួច ហើយ​ត្រឡប់មកវិញ​បានផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ច្រើន​នៅ​តំបន់​នោះ និង​ការផ្តល់​កំណើន សេដ្ឋកិច្ចជាតិ​។ ករណី​សារ​ធារ​ណ​ជន​មាន​សំណួរ​បន្ថែម សូម​ទំនាក់ទំនង​មក​រដ្ឋបាល​ព្រៃឈើ តាមរយៈ​ទូរស័ព្ទ​លេខ​៖ (៨៥៥)១២ ៩៣៤ ០៩៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close