សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជំនួយ​អេ​ស្ប៉ា​ញ ៣០​ម៉ឺន​ដូ​ស

ភ្នំពេញ៖ ​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អេ​ស្ប៉ា​ញ ។

​នៅក្នុង​ពិធី​ប្រគល់ ទទួល វ៉ាក់សាំង​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សម្ដេច​ពិតជា​មាន​សេចក្តីសោមនស្ស​ក្រៃលែង ដោយ​កម្ពុជា​ទទួល​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​នូវ វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ​ហ្វ​ស័​រ (Pfizer) សម្រាប់​កុមារ ចំនួន ៣០០.០០០ (​ប៊ី​សែន​) ដូ​ស ពី​ប្រជាជន និង រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ អេ​ស្ប៉ា​ញ ជូន​ដល់​ប្រជាជន និង រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោកស្រី គ្រីស្ទី​ណា អា​ហ្គូ​ឡា (Cristina Aguilar) ភារធារី​ស្តីទី​នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញ ប្រចាំ​កម្ពុជា ។

​សម្ដេច​តេ​ជោ បាន​លើកឡើងថា តាមរយៈ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង ម៉ឺងម៉ាត់​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​រៀបចំ​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ជូន​ដល់​ប្រជាជន ជាពិសេស​កុមារ ដែលជា​ទំពាំង​ស្នង​ឫស្សី និង ជា​អនាគត​នៃ​ប្រទេសជាតិ​, កម្ពុជា​អាច​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​ឈានមុខ​មួយ ក្នុង​គ្រប់គ្រង​ការ​- ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ​។ ហើយ​ជា​លទ្ធផល​, ទោះបីជា​រលក​ថ្មី​នៃ​ការឆ្លង​រាលដាល​នៅ​បន្ត​មាន​ក៏ដោយ​, ក៏​កម្ពុជា អាច​បើក​ដំណើរការ​របស់​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ តាំងពី​ខែ វិច្ឆិកា ឆ្នាំ​២០២១ និង អាច​រក្សា​ប្រក្រតីភាព​នៃ​ដំណើរការ​សង្គម​-​សេដ្ឋកិច្ច ព្រមទាំង​បាន​ស្តា និង ជំរុញ​កំណើន​ឡើងវិញ ប្រកបដោយ​ភាពរឹងមាំ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។

​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា សមិទ្ធផល​ទាំងនេះ សម្រេចបាន​តាមរយៈ​ការចាក់​វ៉ាក់សាំង​ដែល​បាន​ជួយ​បង្កើតជា​រនាំង​ការពារ​ដ៏​រឹងមាំ​, ចូលរួម​កាត់ផ្តាច់​ការ​ឆ្លង​រាលដាល និង​ជាពិសេស បញ្ចៀស​បាន​នូវ​ការឈឺ​ធ្ងន់ និង ការបាត់បង់​អាយុជីវិត​។ ជាក់ស្ដែង​, កម្ពុជា មិនមាន​ករណី​ស្លាប់​នោះឡើយ ក្នុង​រយៈពេល​ជិត ៤ ខែ​ចុងក្រោយ រាប់​ចាប់តាំងពី​ខែ មេសា ឆ្នាំ ២០២២ មកដល់​ថ្ងៃនេះ​។

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ទោះជា​យ៉ាងនេះ​ក្តី​, ជំងឺ​កូ​វីដ​-១៩ មិនទាន់​ឃ្លាត​ទៅណា​ឆ្ងាយ​ពី​យើង​នោះទេ ដូច្នេះ កម្ពុជា​ក៏ដូចជា​សកលលោក​ទាំង​មូល ត្រូវ​បន្ត​យកចិត្តទុកដាក់ និង ខិតខំ​ប្រឹងប្រែង ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​ដោយ​ស្មារតី​បុ​រេ​សកម្ម និង ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ការបន្ត និង ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ដល់​ប្រជាជន​គ្រប់រូប និង កុមារ​ដែលមាន​អាយុ​ពី ៣ ឆ្នាំ​ឡើង ដែល​នឹង​បន្ត​ដើរតួនាទី​ស្នូល ក្នុងការ​ផ្តល់​ការការពារ​ដ៏​រឹងមាំ និង មាន​ប្រសិទ្ធភាព​បំផុត តទល់​នឹង​ការ​បំប្លែង​ខ្លួន​ថ្មីៗ និង មិន​ឈប់ឈរ​នៃ​ជំងឺ​កូ​វីដ​-១៩ ។

​ក្នុងនាម​ប្រជាជន និង រាជរដ្ឋាភិបាល​កម្ពុជា​, សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​អំណរគុណ​ជូន​ចំពោះ​ប្រជាជន និង រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញ និង បណ្តា​ប្រទេស​ជាស​មា​ជិ​ផ្សេងទៀត​នៃ​សហភាព​អឺរ៉ុប ដែល​បាន និង កំពុង​បន្ត​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការ​ងើប​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​វ៉ាក់សាំង ជាពិសេស​ម្រា​ប់​កុមារ​និង ជំនួយ​បច្ចេកទេស​ផ្សេងៗ ជា​បន្តបន្ទាប់ ។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​បញ្ហា​ប្រឈម​ជា​សាកល​ដែល​កំពុង​កើតមានឡើង​គួរអោយ​ព្រួយ​បារ​ម្មណ៍ ខណៈ​ជំងឺ​កូ​វីដ​-១៩ បាន​ថមថយ តែ​មិនទាន់​បានបញ្ចប់​នៅឡើយ​, ដែល​បញ្ហា​ប្រឈម​ទាំងអស់នេះ​អាច​បន្ទច់បង្អាក់​សន្ទុះ​នៃ​ការ​ងើប​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច​សកល​, ជាក់ស្តែង ការកើនឡើង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ បាន​បង្កឱ្យមាន​អតិផរណា​ខ្ពស់ នៅ​គ្រប់​ទីកន្លែង ជាពិសេស​សហរដ្ឋអាមេរិក និង សហភាព​អឺរ៉ុប ដែល​បាន​ជំ​រុញឱ្យ​ធនាគារកណ្តាល ត្រូវ​បង្ខំ​ចិ​ត្ដ​ដំឡើង​អត្រា​ការប្រាក់ ដើម្បី​ទប់ស្កាត់​ការបន្ត​កើនឡើង​នៃ​អតិផរណា​ដែល​ការណ៍​នេះ​អាច​នឹង​ធ្វើឱ្យ​តម្រូវការ​សកល​ធ្លាក់ចុះ ហើយ​ជាងនេះទៅទៀត​, អតិផរណា​ខ្ពស់ ក៏បាន និង​កំពុង​ដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើង មកលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​យើង ផងដែរ ។

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បន្តទៀតថា ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក និង ពិបាក​ប៉ាន់ប្រមាណ​នេះ​, យើង​ត្រូវការ​ជា​ចាំបាច់​នូវ​កិច្ច​សហ​-​ប្រតិបត្តិការ និង ការចេះ​ជួយ​គ្នា​ទៅវិញទៅមក ជាង​ពេលណាៗ​ទាំងអស់ និង សូម​លើកទឹកចិត្ត​ឱ្យមាន​ការចាត់ទុក​សុខុមាលភាព​របស់​ប្រជាជន និង សុខភាព​សាធារណៈ​ជា​អាទិភាព​ខ្ពស់បំផុត​,​ប្រកាន់ខ្ជាប់ ជានិច្ច​នូវ​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក និង ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ។
​សម្ដេច​តេ​ជោ បាន​លើកឡើងថា ក្នុងនាម ជា​ប្រធាន​អាស៊ាន​នៅក្នុង​ឆ្នាំ ២០២២ នេះ​, កម្ពុជា​នឹង​ខិតខំ​ពង្រឹង​សហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ាន​ក៏ដូចជា​រវាង អាស៊ាន​-​សហភាព​អឺរ៉ុប និង រវាង​អាស៊ាន​-​អេ​ស្ប៉ា​ញ ផងដែរ ។

​ជាទី​បញ្ចប់​, សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បន្ត​អំពាវនាវ​យ៉ាងទទូច​ឱ្យ​ប្រជាជន​កម្ពុជា បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​«៣-​ការពារ និង​៣-​កុំ​» និង នាំគ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា និង ជូនពរ ដល់​អង្គពិធី​ទាំងមូល ជាពិសេស រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញ និង សហភាព​អឺរ៉ុប ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​គ្រប់​ភារកិច្ច ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close