អាជ្ញាធរ ចាប់​បើក​យុទ្ធនា​ការចុះវាស់វែង​កំណត់​និយាម​ការ​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ខេត្តសៀមរាប​បានរៀបចំ​ពិធី​បើក​យុទ្ធនា​ការចុះវាស់វែង​កំណត់​និយាម​ការ​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​អប្សរា ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​តម្រង់ទិស​ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រ សិល្បៈ និង​ជា​អនុប្រធាន​ក្រុមការងារ​តម្រង់ទិស ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​អនុប្រធាន​ក្រុមការងារ​តម្រង់ទិស និង ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ ចូលរួម​ពិធី​បើក​យុទ្ធនា​ការចុះវាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី​និង​សំណង់ ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​យុទ្ធនាការ​នេះ ក្នុង​គោលដៅ​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក​ឆ្នាំ​១៩៩២ មាន​ទំហំ​៤០១​គីឡូម៉ែត្រ​ការ៉េ ជា​តំបន់​ដែល​ចាត់ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវ​រក្សា​ការពារ​ដាច់ខាត ។ កម្ពុជា​ក្នុងនាម​រដ្ឋ​សមាជិក មាន​ភារកិច្ច​រក្សា​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​មរតក​កេរ្តិ៍​ដូនតា ជា​អត្តសញ្ញាណ​នៃ​ដួងព្រលឹង​របស់​ជាតិ ក៏ដូចជា​តម្លៃ​ជាស​កល នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក សម្រាប់​មនុស្សជាតិ​ទាំងមូល​។
​ដោយសារតែ​ព្រះរាជក្រឹត្យ​លេខ​០០១​នស​ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ បានចាត់ទុក​រមណីយ​ដ្ឋា​ន​អង្គរ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ហើយ​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​អង្គរ ទទួលបាន​រាប់រយ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ នា​ដើមឆ្នាំ​២០២២​មាន​អ្នក​ឆ្លៀតឱកាស​សាងសង់​សំណង់​ខុសច្បាប់​រាប់រយ​ករណី បន្ថែម​ពីលើ​ករណី​សំណង់​ខុសច្បាប់​ជាច្រើន​ទៀត​ដែល​បាន​រំលោភបំពាន នាពេល​កន្លងមក ក្នុង​តំបន់​ការពារ នៃ​រមណីយដ្ឋាន​អង្គរ ហើយ​សំណង់​ខុសច្បាប់​អស់ទាំង​នេះ ត្រូវធ្វើ​ការរុះ​រើចេញ​ជាបន្ទាន់​ដោយផ្ទាល់​ខ្លួនឯង​។

​ទន្ទឹមនេះ រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​ចាត់វិធានការ​ទប់ស្កាត់​ការសាងសង់ រុះរើ​សំណង់​ខុសច្បាប់ ហាមឃាត់​ការទិញ​លក់​ដីធ្លី​និង​ផ្ទះ​គ្រប់​ប្រភេទ និង​មិន​ផ្ដល់​លិខិតគតិយុត្ត​ផ្សេងៗ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ជាដាច់ខាត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close