សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យអនុវត្តវិធានការលើការដឹកជញ្ជូនដី និងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ
នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩លើក ស្លាប់៥នាក់ និងរបួស១០នាក់។ សម្ដេចបន្តថាស្ថានភាពនេះ ដោយសារតែកំណើននៃការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលដែលកម្មភាពសេដ្ឋកិច្ច និងសង្គមមានដំណើរការឡើងវិញកាន់តែច្រើន។
សម្ដេចបានបន្តថាបើប្រៀបធៀបស្ថានភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភាពចរាចរណ៍ជាសកលឃើញថា រយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ កម្ពុជា បានកាត់បន្ថយអ្នកស្លាប់ចំនួន៤ពាន់៧២០នាក់ ស្មើ៦៤ភាគរយ នៃចំនួនអ្នកស្លាប់តាមការព្យាការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នេះថានៅតែជាបញ្ហាប្រឈមទាមទារការយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាហេតុការគ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែដើមឆ្នាំ២០២២នេះ បានតម្រូវឱ្យមានការត្រួតពិនិត្យឡើងវិញនូវចំណុចអវិជ្ជមានទាំងឡាយ ដើម្បីដកពិសោធយកមកដោះស្រាយបញ្ហាប្រឈម ក្នុងនោះដូចជាមូលហេតុនៃគ្រោះថ្នាក់ដោយសារការបើកបរលើសល្បឿនកំណត់ និងការមិនពាក់មួកសុវត្ថិភាពជាដើម។
សម្ដេចបន្ថែមថា«យើងប្រមូលផ្ដុំបញ្ហាដើម្បីឈានទៅដោះស្រាយឱ្យចំបញ្ហានោះ។ យើងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋទូទៅវាជាការចាំបាច់ហើយ ប៉ុន្តែយោបល់ខ្ញុំ គឺថាអ្នកដែលពាក់ព័ន្ធផ្ទាល់តែម្ដង ត្រូវត្រួតពិនិត្យ អប់រំ និងអនុវត្តវិន័យ និងច្បាប់ឱ្យតឹងរឹង»។
សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្កើនការអប់រំអំពីច្បាប់និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានជ្រួតជ្រាបទូលំទូលាយ និងផ្ដោតឱ្យចំក្រុមគោលដៅ ពង្រឹងគុណភាពសាលាបង្រៀនបើកបរយានយន្តដោយពិនិត្យលើការលើកកម្ពស់សមត្ថភាពគ្រូ កំណែទម្រង់កម្មវិធីសិក្សា និងកែទម្រង់គុណភាពនៃការប្រឡងយកបណ្ណបើកបរ។
សម្ដេចក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដីនិងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ រួមទាំងបន្តអនុវត្តម៉ឺងម៉ាត់ការទប់ស្កាត់និងបង្ក្រាបការនាំចូលរថយន្តចង្កូតស្ដាំតាមការណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
សម្ដេចក្រឡាហោមក៏បានផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការស្ថាបនាផ្លូវល្បឿនភ្នំពេញព្រះសីហនុ ក្នុងនោះសម្ដេចបានកត់សម្គាល់អំពីការរៀបចំរបាំងការពារសត្វឆ្លងផ្លូវ ដោយគួររៀបចំជាសំណាញ់ដែកជាជាងដាក់បន្លាលួស។
សម្ដេចបានបង្ហាញការកត់សម្គាល់ក្រោយពីបានធ្វើដំណើរលើផ្លូវនោះកាលពីពេលថ្មីៗ។ ដោយឡែកសម្ដេចក៏ឆ្លៀតលើកឡើងអំពីការស្នើសម្ដេចតេជោ ហ៊ុន សែន ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ដោយសារពាក់ព័ន្ធនឹងការសន្យាបញ្ចូលក្របខណ្ឌនគរបាលជាតិជាថ្នូរនឹងការផ្ដល់ប្រាក់ក្នុងម្នាក់ហោចណាស់ចំនួន២ម៉ឺនដុល្លារអាមរិក។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្ដីសង្ឃឹមមុតមាំថាផ្អែកតាមបទពិសោធការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្ពុជានឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២២នេះ ក៏ដូចជារក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅកាត់បន្ថយឱ្យបាននូវអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។