សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរជិត ៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មី ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
ខេត្តសៀមរាប៖ សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយ នេះបើយោងតាមរបាយការណណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
លើកឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដោយសារស្ថានភាពសន្តិភាពពេញលេញ សន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកំណើនប្រជាជន ជាមួយនិន្នាការផ្សេងៗ បានបង្កឱ្យសកម្មភាពសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម្ល៉េះ។ ហើយចាប់ពីឆ្នាំ២០១៧ កំណើននៃសំណង់ខុសច្បាប់ ធ្វើឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ចេញលិខិតព្រមាន និងស្នើសុំប្រទេសកម្ពុជា ធ្វើការបកស្រាយចំនួន២ដងរួចមកហើយដែរ។
ឯកឧត្តម ហង់ ពៅ បន្តថា ទោះបីជាមានទិន្នន័យគោល ព្រមទាំងយន្តការអមផ្សេងៗសម្រាប់អនុវត្តក៏ដោយ បច្ចុប្បន្ននេះ សំណង់ខុសច្បាប់ ក៏នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹងឆ្នាំ២០០៤។ ដោយឡែក សម្រាប់សំណង់ខុសច្បាប់ទើបសាងសង់ចំនួន៣៩៨ រយៈពេល៣ខែនេះ ព្រមជាមួយករណីបន្ថែម ដែលទើបសាងសង់នៅ២សប្តាហ៍ថ្មីៗនេះចំនួន៧៨ករណី ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចរុះរើចេញបាន២០២ សំណង់ នៅសល់២៧៤សំណង់ ដោយសារភាពមិនសហការរបស់ម្ចាស់សំណង់ និងការបន្តស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរដែនដី។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត បានសង្កត់ធ្ងន់ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឱ្យខ្មាសអៀន។
ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យោងព្រះរាជក្រិត្យលេខ០០១នសចុះថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សីក្នុងសកម្មភាពលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ចំណែកប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់១និងតំបន់២ នៃរមណីយដ្ឋានអង្គរ សូមឈប់យល់ច្រឡំថាអាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។
«ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។